ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកលើកដែក ខេត្តកណ្តាលបានសំណូមពរដល់អស់លោកអាជ្ញាធរសមត្ថកិច្ចគ្រប់ប្រភេទសូមមេត្តាបើកភ្នែកមើលល្បែងកន្ទុយលេខនៅអ្នកលឿងត្រើយខាងលិច ដែលសព្វថ្ងៃកំពុងតែមានពេញបន្ទុក ជិតរបងអធិការដ្ឋាននគរបាល និង កងរាជអាវុធហត្ថ ក្នុងស្រុកមួយនេះដែលមិនដែលឃើញមានអាជ្ញាធរ ចុះធ្វើការទប់ស្កាត់នោះទេស្ងាត់ឈឹងដូចចោរលួចសេះ ហាក់បីដូចជាត្រូវថ្នាំសណ្តំមេកន្ទុយលេខទាំងនោះអស់ហើយ ទើបដំណើរកាលេងយ៉ាងរលូនដូច្នេះ ។
មតិមហាជនបាននិយាយគ្រប់គ្នាត្រង់ៗថា សព្វថ្ងៃនៅតំបន់អ្នកលឿងត្រើយខាងលិច មានមេកន្ទុយលេខជាច្រើននាក់បានបែងចែកកម្លាំងចាំអង្គុយកត់លេខ ជុំវិញផ្សារអ្នកលឿងត្រើយខាងលិចជិតរបងអធិការដ្ឋាននគរបាល និង កងរាជអាវុធហត្ថ ក្នុងស្រុក និងខ្លះទៀតដើរយកតាមភូមិព្រោងព្រាតធ្វើឱ្យពួកគាត់សម្តែងនៅការព្រួយបារម្ភជាខ្លាំងអំពីសុវត្តិភាព និងសន្តិសុខ ក្នុងភូមិ- ឃុំ ពីព្រោះកន្លងមកមានករណីលួចឆ្កែនិងបាត់ម៉ូតូបន្តបន្ទាប់ផងដែរនៅក្នុងស្រុកនេះ។ ចំពោះមេកន្ទុយលេខធំៗនៅតំបន់អ្នកលឿងត្រើយខាងលិចមានមិនក្រោម៤ទៅ៥នាក់ ឡើយតែត្រូវបានគេស្គាល់ឈ្មោះម៉ាយជាជនជាតិវៀតណាមជាមេធំជាងគេ ។
មតិមហាជនបានធ្វើការរិះគន់ដល់អាជ្ញាធរស្រុក មានដូចជាប៉ូលិស កងរាជអាវុធហត្ថ មិនរវីរវល់អើពើនិងល្បែងស៊ីសង ខុសច្បាប់ដែលឋិតនៅក្នុងគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្តិភាពនោះឡើយ។ ហើយគេឆ្ងល់ថាមេកន្ទុយលេខទាំងនោះបានសែនសំណែនប៉ុន្មានដល់សមត្ថកិច្ចម្នាក់ទើបមិនមានការទប់ស្កាត់ និងបណ្តែតបណ្តោយឱ្យល្បែងមួយនេះបើកលេងពេញបន្ទុកក្នុងស្រុកលើកដែក ។
ប្រភពពីសមត្ថកិច្ចតូចតាចបានឱ្យដឹងពាក់ព័ន្ធនិងល្បែងស៊ីសងខាងលើនេះថា គេមិនហ៊ានចាប់ទេគឺសំខាន់នៅលើមេ ។
ចែករំលែកព័តមាននេះ