រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៦ ឧសភា ខាងមុខនេះ ត្រូវបានរាជរដ្ឋាភិបាលឯកភាពឱ្យផ្អាកការប្រកួតជាផ្លូវការហើយ ។ នេះបើតាមការឱ្យដឹងពីលោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីទទួលបានចំណារដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនកាលពីពេលថ្មីៗនេះ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឯកភាពក្នុងការពន្យារ ពេលរៀបចំការប្រកួតកីឡាជាតិតបតាមការស្នើសុំគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទប់ស្កាត់និងបង្ការការរីករាលដាលជំងឺCOVID-19។
លោកបន្តថា ឥឡូវយើងមានផលប៉ះពាល់ច្រើន ជាពិសេសកីឡាករកីឡាការិនីមិនបានហ្វឹកហាត់ អាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាបច្ចេកទេស ឬអាចបង្កគ្រោះថ្នាក់នៅពេលប្រកួត ។ ការហ្វឹកហាត់សមត្រៀមសម្ដែងអបអរពិធីបើកនិងបិទក៏មិនបានហ្វឹកហាត់ដែរ ។
អ៊ីចឹង វាជាការល្អដែលយើងផ្អាកដើម្បីរកពេលប្រមូល ផ្ដុំឱ្យបានគ្រប់គ្រាន់សម្រាប់រៀបចំឡើងវិញ។យើងសូមថ្លែងអំណរគុណរាជរដ្ឋាភិបាលក្នុងការឯកភាពលើកពេលត្បិតនេះជាកង្វល់ដ៏ធំមួយរបស់អ្នកបច្ចេកទេស តែយើងនឹងបន្តខិតខំប្រឹងប្រែងដើម្បីត្រៀមរៀបចំព្រោះយើងមិនបោះ
បង់ផែនការនេះឡើយ។
ជាមួយនឹងការពន្យារពេលនេះ លោកបានថ្លែងអំណរគុណនិងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រមុខរាជរដ្ឋាភិបាលដែលបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខកីឡាករ-កីឡាការិនី ពិសេសផ្ដល់ឱកាសឱ្យគណៈកម្មការមានពេលវេលាគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈនៅពេលជំងឺឆ្លងCOVID-19បានធូរស្រាលឡើងវិញ។
គួររំលឹកផងដែរថា ព្រឹត្តិការណ៍កីឡាជាតិដែលរៀបចំធ្វើ២ឆ្នាំម្ដងនេះត្រូវបានរៀបចំធ្វើឡើងចំនួន២លើករួចមកហើយក្នុងគោលបំណងសម្រួចផែនការឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ ហើយវាគឺជាផែនការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីបូករួមទាំងធនធានមន្ត្រីបច្ចេកទេសសម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសក្នុងពិធីបិទនិងពិធីបើកតែម្ដង ។
ដោយឡែកចំពោះព្រឹត្តិការណ៍កីឡាជាតិលើកទី៣បន្ទាប់ពីបានប្រកាសពន្យារពេលកាលបរិច្ឆេទថ្មីនៅមិនទាន់កំណត់ថារៀបចំឡើងវិញនៅថ្ងៃណានោះទេ ព្រោះត្រូវរង់ចាំស្ថានភាពជំងឺឆ្លង COVID-19មានភាពធូរស្រាលឡើងវិញសិន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ