ខេត្តបាត់ដំបង ៖ ទីតាំងសាលារៀន«វិទ្យាល័យព្រះមុនីវង្ស» ត្រូវបានអាជ្ញាធរកំណត់យកធ្វើជាទីតាំង សម្រាប់ត្រៀមបង្ការដើម្បីទទួលបងប្អូនដែលស្ម័គ្រចិត្ត និងមកពិគ្រោះពិនិត្យ និងការការពារនូវជំងឺឆ្លងជំងឺកូវីដ-១៩ ។ ជាក់ស្តែង នៅព្រឹកថ្ងៃ២៣ មីនា មានវត្តមានគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំកងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងសាលារៀននេះដោយផ្ទាល់ ។ សូមរំលឹកថា៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសត្រៀមសាលារៀនគ្រប់ខេត្តដើម្បីប្រើព្យាបាលអ្នកជំងឺកូវីដ១៩

ប្រភពបន្តទៀតថា ការត្រៀមទីតាំងខាងលើនេះ គឺសម្រាប់បងប្អូនដែលសង្ស័យថា «ខ្លួនមានពាក់ព័ន្ធមកពីតំបន់ដែលកំពុងតែកើតជំងឺកូវីដ-19» ។ ហើយទីតាំងនេះ គឺមានការថែទាំនិងការផ្តល់សេវាពិគ្រោះនិងត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីក្រុមគ្រូពេទ្យជំនាញប្រចាំការផងដែរ ។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងក៏បានឱ្យដឹងដែរថា ជំហានដំបូងដែលរដ្ឋបាលខេត្តបាត់ដំបង បានកំណត់យកផ្នែកអគារខាងលិចជាប់របង និងរៀបចំចំនួន៥បន្ទប់ ផ្នែកជាន់ផ្ទាល់ដី គឺដើម្បីត្រៀមបំរុងទុកក្នុងការទទួលពិគ្រោះ និងផ្តល់សេវាត្រួតពិនិត្យចំពោះបងប្អូនដែលស្ម័គ្រចិត្តមកធ្វើតេស្តពីជំងឺឆ្លង (កូវីដ-19) ។

ពាក់ព័ន្ធនឹងមេរោគ «កូវីដ-១៩» ដ៏កាចសាហាវ និងគួរឲ្យខ្លាចបំផុតនេះ បើតាមការប្រកាសឲ្យដឹងជាបឋមរបស់ក្រសួងសុខាភិបាល សម្រាប់ខេត្តបាត់ដំបង គឺមានអ្នកឆ្លងមេរោគដ៏កំណាចនេះបានកើនដល់ចំនួន០៨នាក់ហើយ បើគិតត្រឹមថ្ងៃទី២១ មីនា ២០២០ ដែលចំនួននេះ បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅក្នុងខេត្តបាត់ដំបង មានការភ័យខ្លាច និងបារម្ភយ៉ាងខ្លាំងអំពីសុខភាព។





ចែករំលែកព័តមាននេះ