យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ព្យុះទីហ្វុងឈ្មោះ KALMAEGI សម្លាប់មនុស្សយ៉ាងតិច៧នាក់ ហើយមនុស្សម្នាក់ទៀតបាត់ខ្លួន រួចបង្កការខូចខាតដល់សេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតពេលវាបោកបក់កាលពីថ្ងៃទី១៦ កញ្ញា លើភាគខាងត្បូងប្រទេសចិន ។
ផ្នែកកិច្ចការស៊ីវិលតំបន់រាយការណ៍កាលពីថ្ងៃទី១៧ កញ្ញាថា មនុស្ស៤នាក់ស្លាប់ដោយសារដើមឈើរលំសង្កត់ រួចមនុស្សម្នាក់ទៀតស្លាប់ដោយសារការបាក់អគារមួយ ខណៈមនុស្សម្នាក់ទៀតស្លាប់ព្រោះលង់ទឹកនៅតំបន់ស្វយ័ត ZHUANG ខេត្តក្វាងស៊ី ។នៅខេត្តហៃណាន់ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនក្រោយពីខ្យល់បោកបង់ខ្លាំង ព្រមទាំងភ្លៀងខ្លាំងនៅខេត្តដែនកោះនោះ ។
លោកចេនវូ នាយករងនៃមជ្ឈមណ្ឌលត្រួតពិនិត្យទឹកជំនន់ខេត្តហៃណាន់គូសបញ្ជាក់ថា ព្យុះ KALMAEGI ប៉ះពាល់ដល់មនុស្សជាង២,៨លាននាក់ ធ្វើឱ្យខូចផ្លូវថ្នល់ និងបណ្តាទីតាំងធារាសាស្ត្រ ព្រមទាំងប៉ះពាល់ដល់ផ្នែកកសិកម្ម និងនេសាទ នាំឱ្យមានការបាត់បង់សេដ្ឋកិច្ចដោយផ្ទាល់ប្រមាណជា៥,៧៨ពាន់លានយន់ (៩៤០លានដុល្លារ) សម្រាប់ខេត្តហៃណាន់ ។
ព្យុះ KALMAEGI ជាព្យុះទី១៥ វាយប្រហារលើប្រទេសចិននាឆ្នាំនេះ បានបោកបក់មកដល់កោះហៃណាន់កាលពីថ្ងៃទី១៦ កញ្ញា វេលាម៉ោង៩និង៤០នាទី ក្នុងល្បឿនខ្យល់១៤៤គីឡូម៉ែត្រក្នុង១ម៉ោង មុនពេលបោកបក់លើខេត្តក្វាងទុង ។ ផ្ទះប្រមាណជាង១.០០០ខ្នងត្រូវរលំបាក់ ហើយមនុស្សជាច្រើនលាននាក់រងការប៉ះពាល់នៅខេត្តក្វាងទុង ក្វាងស៊ី និងហៃណាន់។ ការខូចខាតខាងសេដ្ឋកិច្ចដោយផ្ទាល់នៅខេត្តក្វាងទុងមានដល់១ពាន់លានយន់ ៕
ចែករំលែកព័តមាននេះ