ខេត្តព្រះសីហនុ ៖ ដោយសារតែវិស័យអចលនទ្រព្យមានការកើនឡើងយ៉ាងគំហុកនាពេលកន្លងមកនៅខេត្តព្រះសីហនុ ទន្ទឹមជាមួយគ្នានេះផងដែរ ជម្លោះដណ្តើមកាន់កាប់ដីធ្លីទាំងស្របច្បាប់ និងមិនស្របច្បាប់ក៏កើតឡើងមិនឈប់ឈរ។
ជាក់ស្តែងស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ជុំ សារិន អាយុ៥៥ឆ្នាំ ដោយសារតែទំនាស់ដីធ្លីដែលលោកស្រីបានសាងសង់លំនៅដ្ឋានរស់នៅជាច្រើនឆ្នាំមកហើយ ត្រូវបានអ្នកមានប្រាក់ម្នាក់អាងអំណាចមកអះអាងថា ជាដីរបស់ខ្លួន ហើយដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រះសីហនុ បានចាប់ឃុំខ្លួនអស់រយៈពេលជាង៥ខែមកហើយ។
ក្រុមគ្រួសារដែលជាកូនចៅរបស់គាត់បានបង្ហាញឲ្យដឹងពីក្តីឈឺចាប់ និងស្រែករកក្តីយុត្តិធម៌ពិតប្រាកដ ដោយពួកគាត់បានលើកឡើងថា ត្រូវបានទទួលរងគ្រោះយ៉ាងអយុត្តិធម៌ ក្រៅ ពីដីធ្លីដែលខ្លួនបានកាន់កាប់អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ត្រូវបានគេធ្វើរបងហ៊ុមព័ទ្ធយកអស់ ហើយម្តាយរបស់ពួកគេដែលមានវ័យចំណាស់ផងនោះ ក៏ត្រូវបានជាប់ឃុំខ្លួនថែមទៀតផង គឺចាប់ឃុំខ្លួនទាំងបំពាន ហាក់ដូចត្រូវថ្នាំសណ្តំអ្នកមាន។
រឿងរ៉ាវស្រែករកក្តីយុត្តិធម៌នេះ ត្រូវបានក្រុមគ្រួសារបានអះអាងថា ជាជនរងគ្រោះត្រូវបានទម្លាយប្រាប់អ្នកសារព័ត៌មានក្នុងពេលក្រុមគណៈកម្មការចម្រុះរបស់ស្រុកព្រៃនប់ ដឹកនាំដោយលោកយឹម សុខសំអូន អភិបាលរងស្រុក ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងមន្ទីរពាក់ព័ន្ធ ក្នុងនោះរួមមានតំណាងមន្ទីរបរិស្ថាន តំណាងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់ និងសុរិយោដីស្រុក ខេត្តព្រះសីហនុ ជាពិសេសចៅក្រម និងក្រឡាបញ្ជីនៃសាលាដំបូងខេត្តព្រះសីហនុ បានចុះវាស់វែង និងត្រួតពិនិត្យកំណត់រកទីតាំងដីទំនាស់របស់លោកស្រី ជុំ សារិន និងឈ្មោះឡុង ចន្ថា, ឃឹម សុកខៃ មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិចំណោទរាម ឃុំ បិតត្រាំង ស្រុកព្រៃនប់ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ។
យោងតាមក្រុមគ្រួសារស្ត្រីរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ពួកគាត់ឈ្មោះអ្នកស្រី ជុំ សារិន អាយុ៥៥ឆ្នាំ សព្វថ្ងៃរស់នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលមានក្បាលដីមួយកន្លែងមានទំហំជិត១២ហិកតា ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ។ ដីមួយកន្លែងនេះ ត្រូវបានម្តាយរបស់ពួកគាត់បានទិញពីម្ចាស់ដីម្នាក់ស្ថិតនៅភូមិ-ឃុំខាងលើ និងមានកិច្ចសន្យាផ្ទេរសិទ្ធិទិញ-លក់ ដោយមានការទទួលស្គាល់ដឹងលឺយ៉ាងត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំបិតត្រាំង ស្រុកព្រៃនប់ថែមទៀតផង ។ ក្រៅពីនេះបានសាងសង់ផ្ទះ និងធ្វើចំការនៅលើដីមួយកន្លែងនេះអស់រយៈជាង១០ឆ្នាំមកហើយ ស្រាប់តែកាលពីអំឡុងចុងឆ្នាំ២០១៩ ត្រូវបានភាគីម្ខាងទៀតដែលមានឈ្មោះ ឡុង ចន្ថា និងឈ្មោះ ឃឹម សុកខៃ បានអះអាងថា ជាដីរបស់ខ្លួន ហើយបានមកធ្វើរបងថ្មព័ទ្ធយកដីរបស់ពួកគាត់ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនតែម្តង ដែលឈ្មោះនេះមិនដឹងខ្ចាត់ភ្លាត់ពីណាមកទេ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានឱ្យដឹងបន្ថែមថា ក្រោយការធ្វើរបងបេតុងហ៊ុមព័ទ្ធយកដីទាំងបំពានហើយ ភាគីដើមបណ្តឹងនៅបានធ្វើការប្តឹងចោទប្រកាន់ម្តាយរបស់ពួកគាត់បន្ថែមទៀតថា បានទៅបំផ្លាញធ្នឹមរបងថ្មដែលពួកគេកំពុងធ្វើការព័ទ្ធយកដីកន្លែងនេះ ហើយធ្វើការប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ហើយតុលាកាខេត្តមួយនេះបានធ្វើការឃុំខ្លួនម្តាយរបស់ពួកគាត់អ្នកស្រី ជុំ សារិន អស់រយៈពេលជាង៥ខែកន្លងមកហើយ គឺចាប់ឃុំចោលតែម្តង។
ប្រភពពីខាងគ្រួសារស្ត្រីរងគ្រោះខាងលើបញ្ជាក់បន្ថែមថា ដើមបណ្តឹងឈ្មោះ ឡុង ចន្ថា និងឈ្មោះ ឃឹម សុកខៃ បានធ្វើការបំភ្លៃការពិតដោយធ្វើការចោទប្រកាន់អ្នកស្រីជុំ សារិនថា បាននាំបក្សពួកទៅវាយធ្នឹមរបងរបស់ពួកគេកំពុងព័ទ្ធយកដីអ្នកស្រីនោះ ។ ការចោទប្រកាន់ទាំងស្រុង និងបានរៀបចំផែនការដោយខ្លួនឯង ហើយថតរូបភាពធ្វើការប្តឹងអ្នកស្រីថែមទៀត ។
ក្រុមគ្រួសារស្ត្រីរងគ្រោះបានអះអាងថា ពួកគាត់មានឯកសារនិងប្រវត្តិដីត្រឹមត្រូវយ៉ាងលម្អិត ប៉ុន្តែបែរក្លាយជាជនរងគ្រោះទៅវិញថែម ទាំងត្រូវគេចាប់ម្តាយឃុំខ្លួនគួរឱ្យអយុត្តិធម៌ជាទីបំផុត។ ជាមួយគ្នាដែរ ពួកគាត់បានសំណូមពរយ៉ាងទទូចឱ្យសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់ពួកគាត់ផង ពីព្រោះពួកគាត់មិនត្រឹមតែត្រូវគេរំលោភបំពានយកដីធ្លី ហើយម្តាយមានជំងឺរ៉ាំរ៉ៃប្រចាំកាយត្រូវបានគេចាប់ឃុំខ្លួនថែមទៀត ។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យដឹងបន្ថែមថា ក្នុងរឿងប្តឹងផ្តល់ដីធ្លីខាងលើនេះ គឺពួកគាត់ជឿជាក់ថា អ្នកប្តឹងម្តាយពួកគាត់ពុំមែនត្រឹមតែមានភាគីម្ចាស់បណ្តឹងខាងលើនេះ ជាអ្នកប្តឹងពិតប្រាកដទេ គឺមានឧកញ៉ាគ្រាក់ៗសំបូរប្រាក់ចំនួន២នាក់ នៅពីខាងក្រោយខ្នងផង ។
តាមរយៈបណ្តឹងនេះដែរ អ្នកស្រី ជុំសារិន ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ ធ្វើការចាប់ឃុំខ្លួនកាលពីចុងឆ្នាំ២០១៩ ហើយបើទោះបីអ្នកស្រី ជុំ សារិន តាមរយៈមេធាវីបានស្នើសុំធានាខ្លួននៅក្រៅឃុំ ក៏ត្រូវបានធ្វើការបដិសេធពីសាលាដំបូងខេត្តព្រះសីហនុផងដែរ ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី ជុំ សារិន បានដាក់ពាក្យបណ្តឹងស្នើសុំសាលាឧទ្ធរណ៍ នៅក្រៅឃុំក៏ត្រូវបានបដិសេធទៀត ។ ទោះបីយ៉ាងណា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមប្រភពពីមេធាវីរបស់អ្នកស្រី ជុំ សារិន បានប្រាប់កោះសន្តិភាពឱ្យដឹងថា អ្នកស្រី ជុំសារិន ត្រូវបានតុលាកំពូលជាតុលាការយុត្តិធម៌មុខដែក ចុងក្រោយសម្រេចដោះលែងឱ្យនៅក្រៅឃុំ បណ្តោះអាសន្នហើយ ។
សូមបញ្ជាក់ថា នៅក្នុងខណៈពេលក្រុមគណៈកម្មករចុះពិនិត្យចុះវាស់វែង និងត្រួតពិនិត្យដីទំនាស់មួយកន្លែងនេះ គេឃើញភាគីដើមបណ្តឹង (ឡុង ចន្ថា. ឃឹម សុកខៃ) នៅតែបន្តធ្វើរបងថ្មរឹងមាំហ៊ុមព័ទ្ធដី បើទោះបីទីតាំងដីស្ថិតនៅក្នុងការដំណើរក្តីរបស់តុលាការក៏ដោយ ប៉ុន្តែដើមបណ្តឹងនៅតែបន្តធ្វើរៀងរាល់ថ្ងៃមិនមានបញ្ហាអ្វីឡើយ សង្ស័យឃ្លានដុល្លារខ្លាំងពេក សម័យចិនចូលស្រុក ។
ពាក់ព័ន្ធក្នុងរឿងទំនាសើដីធ្លីខាងលើដែរ បើតាមប្រភពមួយចំនួនបានប្រាប់ឱ្យដឹងថា បើទោះបីអាជ្ញាធរមូលដ្ឋានបានស្នើសុំឱ្យផ្អាកការធ្វើរបងថ្មជាបន្តបន្ទាប់ ប៉ុន្តែក៏ដើមបណ្តឹងឃ្លានដុល្លារ ឃ្លានការរំលោភ មិនបានបញ្ឈប់សកម្មភាពសោះឡើយ ។
ជុំវិញទំនាស់ដីធ្លីមួយកន្លែងនេះដែរ បើតាមប្រភពពីមន្ត្រីមូលដ្ឋានបាន ឱ្យដឹងដែរថា ការកើតទំនាស់បន្ទាប់ ពីដីនៅក្នុងខេត្តព្រះសីហនុ មានតម្លៃខ្ពស់ ស្របនឹងផ្លូវល្បឿនលឿនត្រូវបានគេសាងសង់ជិតតំបន់ដីទំនាស់នេះផងដែរ ។
បើតាមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បានបញ្ជាក់ថា ដីទំនាស់ខាងលើ ជាតំបន់អនុក្រឹត្យ និងគំរបព្រៃឈើរបស់រដ្ឋ ដែលក្រសួងបរិស្ថានជាអ្នកគ្រប់គ្រង ក៏ប៉ុន្តែប្រជាពលរដ្ឋ និងអ្នកមានលុយ មានអំណាចកំពុងតែដណ្តើមកាន់កាប់ធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ដោយបំពានច្បាប់យ៉ាងអនាធិបតេយ្យ ទោះបីដឹងថា ដីនេះមានគេគ្រប់គ្រង១០ឆ្នាំមកហើយក៏ដោយ ។
មន្ត្រីច្បាប់នៅក្នុងអង្គការសង្គមស៊ីវិលសុំមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា ជុំវិញករណីវិវាទដីធ្លីខាងលើនេះ បើតាមការអះអាងរបស់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើដូចមានអត្ថន័យខាងលើ (គម្របព្រៃឈើ) ដូច្នេះស្ថាប័នតុលាការមិនអាច ទទួលយកសំណុំរឿងបែបរដ្ឋបវេណីមកចាត់ការ ហើយឈានដល់ចាប់ខ្លួនមនុស្សមកឃុំឃាំងថែមទៀតផង។
ដោយឡែក លោកក្រឡាបញ្ជី និងចៅក្រម ដែលចូលរួមនៅក្នុងការចុះវាស់វែងរកទីតាំងដីវិវាទខាងលើ មិនធ្វើអត្ថាធិប្បាយ និងផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននោះទេ គឺស្ងាត់មាត់ ។
ព័ត៌មានពិស្តារមានផ្សាយនៅលើកាសែតកោះសន្តិភាព ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ