ខេត្តសៀមរាប ៖ រថយន្តបាឡែនមួយគ្រឿងបានបែកកង់ក្រឡាប់ក្អួតចេញឈើធ្នង់ជាច្រើន ហើយត្រូវបានសមត្ថកិច្ចក្រុងសៀមរាបក្របួចជាប់ រួចប្រគល់ឲ្យមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ឯអ្នកបើកបរគេចខ្លួនបាត់ទាំងខ្លួនមានរបួស ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៣និង២០នាទីឈានចូលថ្ងៃទី២១ មីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ០៦ ស្ថិតនៅចំណុចភូមិសណ្ដាន់ សង្កាត់ទឹកវិល ខេត្តសៀមរាប។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនេះ គឺបណ្តាលមកពីរថយន្តម៉ាកបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២N-៥៨៩៣ ធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើត ចំណុចភូមិសណ្ដាន់ សង្កាត់ទឹកវិល ហើយបានបែកកង់អូសចំងាយប្រមាណ២០ម៉ែត្រ រួចធ្លាយចេញសុទ្ធតែឈើប្រណិតប្រភេទធ្នង់។ ខណៈនោះពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកអូសឡាននោះ យកទៅរក្សទុក។
ប្រភពបានឲ្យដឹងថា ឈើល្មើសច្បាប់ទាំងនេះ បានដឹកចេញពីភូមិសាស្ត្រស្រុកពួក ដោយក្រុមឈ្មួញជើងខ្លាំង ដែលពីមុនពួកគេរកស៊ីដឹកឈើគ្រញូង តែសព្វថ្ងៃអស់ឈើគ្រញូង ពួកគេក៏បន្តរកស៊ីដឹកឈើបេង ធ្នង់ នាងនួនវិញម្តង។ លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២N៥៨៩៣ ដឹកឈើពេញក្នុងរថយន្ត ហើយបានផ្ទុះកង់ បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ តាមបណ្ដោយផ្លូវជាតិលេខ០៦ ចំណុចភូមិសណ្ដាន់ សង្កាត់ទឹកវិលខេត្តសៀមរាប។
ចំណែកតៃកុងរថយន្តបានគេចខ្លួនក្រោយកើតហេតុ។លោកវរសេនីយ៍ទោ បានបន្តថា នៅក្នុងរថយន្តនោះមានសុទ្ធតែឈើប្រភេទធ្នង់ ល្មើសច្បាប់។លោកបន្ថែមថា ការរឹបអូសឈើនេះមានកម្លាំងនគរបាលប៉ុស្តិ៍ទឹកវិលសហការជាមួយកម្លាំងនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនិង ជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប។
លោកបញ្ជាក់ថា បន្ទាប់ពីរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ បន្ទាយស្រី ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី រួចមក សមត្ថកិច្ចចម្រុះក៏បានវាស់វែង រាប់ឈើទាំងនេះ ប្រភេទឈើធ្នង់មានចំនួន១៣ដុំ ស្មើនិង០,៥៨៤ម៉ែត្រគូប។ បន្ទាប់ពីសមត្ថកិច្ចវាស់វែងរួច ក៏បានធ្វើការប្រគល់ឲ្យមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ចាត់ការបន្តទៅតាមនីតិវិធី។ចំណែក ម្ចាស់រថយន្ត បានគេចខ្លួនបាត់ ទងឈឺ គ្រាំគ្រា មិនដឹងគេចទៅព្យាបាលនៅមន្ទីរពេទ្យណាទេ ខណៈពេលនេះសមត្ថកិច្ចកំពុងស្វែងរក៕
ចែករំលែកព័តមាននេះ