ខេត្តសៀមរាប ៖ យោងតាមការអះអាងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានបញ្ជាក់ប្រាប់កោះសន្តិភាព នៅថ្ងៃទី២០ មីនា ឆ្នាំ២០២០នេះថា ចំពោះបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងមេរោគCOVID-19ពីបុរសជនជាតិជប៉ុននោះ គឺគាត់បានធូរសះស្បើយច្រើនហើយ ក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ។ តែទោះបីជាយ៉ាងណា ពេលនេះគាត់បាននិងកំពុងស្ថិតក្នុងការមើលថែពីក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាបបន្តទៀតដោយមិនទាន់ឱ្យចេញពីមន្ទីរពេទ្យនោះទេ ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបញ្ជាក់នៅក្នុងអង្គប្រជុំទៀតថា គិតមកទល់វេលាម៉ោង២១និង៣០យប់ថ្ងៃទី១៩ មីនា ឆ្នាំ២០២០ គឺក្នុងខេត្តសៀមរាបមានករណីវិជ្ជមាននៃមេរោគ COVID-19តែ២ប៉ុណ្ណោះ។ ករណីទី១-កើតលើបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ដែលឆ្លងពីបុរសជនជាតិជប៉ុន និងករណីទី២-គឺបុរសជនជាតិខ្មែរ អាយុ៤០ឆ្នាំ ដែលបានឆ្លងមេរោគនេះមកពីប្រទេសម៉ាឡេស៊ី ។ ហើយពេលពួកគាត់ទាំង២នាក់បាននឹងកំពុងតែដាក់នៅដោយឡែកពីគ្នា ក្រោមការមើលថែ និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
ដោយឡែក រដ្ឋបាលខេត្តក៏បានសូមស្នើដល់បងប្អូនសាធារណជនដូចខាងក្រោម ៖
១-សូមកុំធ្វើការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណបុគ្គល និងការរើសអើង ព្រោះថា គ្មានអ្នកណាចង់ឱ្យកើតជំងឺនេះទេ ហើយជំងឺនេះមិនប្រកាន់ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។ នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ មិនមែនជាការបន្ទោសគ្នានោះទេ ។
២-សូមរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងបង្កើនស្មារតីការពារតាមវិធាននានា ដែលក្រសួងសុខាភិបាលបានណែនាំ។ រដ្ឋបាលខេត្តសង្ឃឹមជឿជាក់ថា សាធារណជននឹងចូលរួមក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយ ពិសេសប្រយុទ្ធប្រឆាំងវីរុសCOVID-19 ដែលកំពុងរីករាយដាលជាសកលនៅក្នុងដំណាក់កាលនេះ ដើម្បីជៀសវាងកុំឱ្យភាពច្របូកច្របល់ការបាត់បង់សណ្ដាប់ធ្នាប់សង្គម និងកុំឱ្យមានការរើសអើង ។
ចែករំលែកព័តមាននេះ