ខេត្តបន្ទាយមានជ័យ ៖ គ្រួសារមួយបានផ្ទុះជម្លោះជាមួយអ្នកបើកបរគ្រឿងចក្រដែលអាជ្ញាធរជួលឲ្យកៀរដីតាមចំណីផ្លូវ ដើម្បីកែលម្អសោភ័ណភាពក្រុងក្នុងភូមិបាលិលេយ្យ០១ សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី១៦ កញ្ញា ។
ជម្លោះខាងលើវិះនឹងក្លាយជាអំពើហិង្សា ដោយបុរសម្នាក់ដែលគេមិនស្គាល់អត្តសញ្ញាណបានចេញពីក្នុងផ្ទះទាញកៅអីជ័រ និងដែកប្រុងវាយអ្នកបើកបរគ្រឿងចក្រ ព្រោះតែឈូសឆាយប៉ះចំបេតុងដែលចាក់លយលើដីចំណីផ្លូវខុសពីគេនៅចំណុចកើតហេតុ។ យ៉ាងណាក៏ដោយសកម្មភាពប្រុងប្រើហិង្សានេះបានស្ងប់ស្ងាត់ទៅវិញ ព្រោះតែបុរសម្នាក់នោះត្រូវក្រុមសាច់ញាតិនិងប្រពន្ធប្រតាយចាប់អូសចូលទៅក្នុងផ្ទះ និងទាញទ្វារបិទមិនឲ្យចេញ។ ឈ្មោះឌី វិចិត្រ ភេទប្រុស អាយុ៥៥ឆ្នាំ ប្រធានប្រជាការពារភូមិបាលិលេយ្យ០១បានប្រាប់កោះសន្តិភាពនៅកន្លែងកើតហេតុថា ហេតុការណ៍ដំបូងគឺគ្រឿងចក្រធ្វើការឈូសឆាយកៀរដីតាមចំណីផ្លូវ តាមបញ្ជារបស់លោកចៅសង្កាត់ ដើម្បីកែលម្អសោភ័ណភាពក្រុង លុះដល់មុខផ្ទះគ្រួសារដែលបង្ករជម្លោះនោះស្រាប់តែបុរសម្នាក់ទាញកៅអីជ័រ និងដែកប្រុងបង្កហិង្សាលើអ្នកបើកបរអាប៊ុល(គ្រឿងចក្រ)ទៅវិញ។
ទោះជាយ៉ាងណាស្ត្រីចំណាស់នៃគ្រួសារដែលមានពាក់ព័ន្ធឈ្មោះម៉ី សុផាត អាយុ៥៥ឆ្នាំ បានអះអាងថាកូនរបស់គាត់ខឹងនឹងក្រុមអ្នកយកគ្រឿងចក្រឈូសឆាយមុខផ្ទះរបស់គាត់ ដោយគាត់ថាឯណាឯណីមិនឈូសមកឈូសតែត្រង់ហ្នឹង។ គាត់ថាមុខផ្ទះរបស់គាត់ពីមុនគេចាក់បេតុងផតទើបគាត់ចាក់បំពេញវិញបែជាមានបញ្ហា។
ក្រោយកើតហេតុគេឃើញសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានចុះដល់ចំណុចកើតហេតុ ប៉ុន្តែសភាពការណ៍បានស្ងប់ស្ងាត់ទៅវិញបាត់ទៅហើយ ៕
ចែករំលែកព័តមាននេះ