ក្នុងសុន្ទរកថាបើកសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅអុីរ៉ាក់ ប្រធានាធិបតីបារាំងលោកហ្វ្រង់ស្វ័រហូឡង់ បានស្នើដល់បណ្តាដៃគូលោកខាងលិច និងអារ៉ាប់ឱ្យគាំទ្រដោយច្បាស់លាស់ដោយស្មោះត្រង់ និងខ្លាំងក្លាដល់អាជ្ញាធរអុីរ៉ាក់ ។ ក្នុងសុន្ទរកថាបើកសន្និសីទនេះនាព្រឹកថ្ងៃទី១៥ កញ្ញា នៅឯក្រសួងការបរទេសបារាំង លោកហូឡង់ ក៏បានលើកឡើងពីសម្ព័ន្ធភាពប្រឆាំងក្រុមរដ្ឋអ៊ិស្លាមដែរ ។
លោកបានបង្ហាញពីការប្តេជ្ញាចិត្តជួយដល់អាជ្ញាធរអុីរ៉ាក់ ។ លោកអះអាងថា គ្មានបញ្ហានៃការបោះបង់ចោលអុីរ៉ាក់ឡើយ ។ ទិសដៅនៃសន្និសីទនេះ គឺផ្តល់ការជួយទ្រទ្រង់ដល់អាជ្ញាធរថ្មីអុីរ៉ាក់ ពិសេសការជួយទ្រទ្រង់ខាងនយោបាយដែលចាំបាច់ដើម្បីតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ដែលកំពុងគំរាមកំហែងខ្លាំងលើអុីរ៉ាក់ តំបន់មជ្ឈឹមបូព៌៌ា និងគ្រប់ប្រទេសទាំងអស់នៃពិភពលោកដែលជាគ្រោះថ្នាក់ចម្បងមួយ ។
លោកបន្តថា មិនត្រូវទុកឱកាសឱ្យបាត់បង់ឡើយ ។ លោកស្នើដល់បណ្តាដៃគូលោកខាងលិច និងអារ៉ាប់ឱ្យឈរយ៉ាងច្បាស់ដោយស្មោះត្រង់ និងខ្លាំងក្លានៅខាងអាជ្ញាធរអុីរ៉ាក់ ដោយលោកបញ្ជាក់ថា ឯកភាពគឺចាំបាច់លើឆាកអន្តរជាតិ ។ បណ្តាអ្នកចូលរួមក្នុងសន្និសីទនេះសន្យាជួយទ្រទ្រង់តាមរយៈមធ្យោបាយចាំបាច់នានាដល់រដ្ឋាភិបាលថ្មីអុីរ៉ាក់ក្នុងការតស៊ូរបស់ខ្លួនប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ក្នុងនោះរួមទាំងជំនួយយោធាសមស្របផងដែរ ។
ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយបន្ទាប់សន្និសីទនោះ បណ្តាអ្នកចូលរួមបានគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់នៃការបញ្ចប់វត្តមានរបស់ក្រុមរដ្ឋអ៊ិស្លាមក្នុងតំបន់ទាំងឡាយដែលក្រុមនេះឈរជើងនៅអុីរ៉ាក់ ។ ក្នុងទិសដៅនេះបណ្តាអ្នកចូលរួមសន្យាជួយទ្រទ្រង់តាមមធ្យោបាយចាំបាច់នានាដល់រដ្ឋាភិបាលថ្មីអុីរ៉ាក់ក្នុងការតស៊ូប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ក្នុងនោះរួមមានការផ្តល់ជំនួយយោធាសមស្របទៅតាមសេចក្តីត្រូវការរបស់អាជ្ញាធរអុីរ៉ាក់ និងដោយគោរពច្បាប់អន្តរជាតិ និងសន្តិសុខរបស់ពលរដ្ឋស៊ីវិល ។
បណ្តាអ្នកចូលរួមក្នុងសន្និសីទបានសម្តែងពីការគាំទ្រដល់ឯកភាព បូរណភាពដែនដី និងអធិបតេយ្យភាពអុីរ៉ាក់ ។ សន្និសីទក៏សម្តែងការអបអរសាទរផងដែរចំពោះការបង្កើតរដ្ឋាភិបាលថ្មីអុីរ៉ាក់ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកហៃអុីដា អាល់អាបាឌី ហើយផ្តល់ការគាំទ្រពេញទំហឹងចំពោះរូបលោក ។បណ្តាអ្នកចូលរួមសន្និសីទអះអាងថា ក្រុមរដ្ឋអ៊ិស្លាមគឺជាការគំរាមកំហែងមួយចំពោះអុីរ៉ាក់ និងចំពោះសហគមន៍អន្តរជាតិទាំងមូលផងដែរ។ គេបានថ្កោលទោសចំពោះអំពើយ៉ាងឧក្រិដ្ឋ និងការសម្លាប់មនុស្សយ៉ាងរង្គាលរបស់ក្រុមរដ្ឋអ៊ិស្លាមប្រឆាំងជនស៊ីវិលដែលចាត់ទុកថា ជាអំពើឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ៕
ចែករំលែកព័តមាននេះ