ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប​លើក​ទី​៣០​ឆ្នាំ នៃ​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​​កុមារ​របស់​អង្គការសហប្រជាជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា CRC គឺជា​សន្ធិសញ្ញា​និង​ជា​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ​មួយ​ដែល​ទទួល​បានការ​ផ្តល់​សច្ចាប័ន​ច្រើន​បំផុត និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​ស្ទួយ​ជីវិត​របស់​កុមារ​នៅ​ជុំវិញ​ពិភពលោក ។ អនុសញ្ញា​នេះ មាន​អត្ថន័យ​សង្កត់ធ្ងន់​ទៅ​លើ​សិទ្ធិ​សង្គម វប្បធម៌ សេដ្ឋកិច្ច…

អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា CRC គឺជា​សន្ធិសញ្ញា​និង​ជា​ក្រប​ខណ្ឌ​ច្បាប់​អន្តរជាតិ​មួយ​ដែល​ទទួល​បានការ​ផ្តល់​សច្ចាប័ន​ច្រើន​បំផុត និង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​លើក​ស្ទួយ​ជីវិត​របស់​កុមារ​នៅ​ជុំវិញ​ពិភពលោក ។ អនុសញ្ញា​នេះ មាន​អត្ថន័យ​សង្កត់ធ្ងន់​ទៅ​លើ​សិទ្ធិ​សង្គម វប្បធម៌ សេដ្ឋកិច្ច ស៊ី​វិល និង​នយោបាយ ដែល​សុទ្ធតែ​រួមចំណែក​បំពេញ​ពិន្ទុ​ផ្នែក​សិទ្ធិ​មនុស្ស ដែល​កុមារ​គ្រប់​រូប​សម​នឹង​ទទួល​បាន ។

ដើម្បី​អបអរសាទរ​ខួប​លើក​ទី ៣០​ឆ្នាំ​នៃ​អនុសញ្ញា CRC នេះ យុទ្ធនាការ​មួយ​មាន​រយៈពេល ៣​ខែ​ត្រូវ​បាន​សម្ពោធ ដោយ​ក្នុង​នោះ​មានការ​រៀបចំ​កម្មវិធី​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ដំបង អម​ដោយ​ព្រឹត្តិការណ៍​គោល​សំខាន់​ៗ និង​ការ​បង្ហោះ​ផ្ទាំង​គំនូរជីវចល​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផង​ដែរ ។

យុទ្ធនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) យូ​នី​សេ​ហ្វ អង្គការ Save the Children និង​បណ្តាញ Child Rights Now Network ។ យុទ្ធនាការ​នេះ ជា​សកម្មភាព​ចុង​ក្រោយ​មួយទៀត​នៅ​ក្នុង​ការ​វិនិយោគ​ដែល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ទៅ​លើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​គាំទ្រ​ឱ្យ​មានការ​អភិវឌ្ឍ​កុមារ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឃ្លា​ជា​ពាក្យស្លោក​ថា #​សិទ្ធិ​ទាំងអស់​របស់​កុមារ​គ្រប់​រូប ។

នៅ​ថ្ងៃ​ទី ២ ខែកុម្ភៈ​មកនេះ កុមារ​រាប់រយ​នាក់​បាន​មក​លេង​កម្សាន្ត​ក្នុង​ទីធ្លា​ដ៏​ធំ​ទូលាយ​មួយ​នៅ​ក្នុង​សាលា​បឋម​សិក្សា ២​ធ្នូ ខេត្តបាត់ដំបង ក្នុង​ឯកសណ្ឋាន​សំពត់ ឬ​ខោ​ពណ៌​ខៀវ និង​អាវ​ពណ៌ ស ។ បរិយាកាស​មាន​សភាព​អ៊ូអរ និង​សំណើច​ក្អាកក្អាយ ហើយ​កុមារ​ទាំងអស់​មាន​ទឹកមុខ​រំភើប​រីករាយ នៅ​ពេល​ដែល​ពួក​គេ​សម្តែង​សមត្ថភាព​នៅ​តាម​ស្តង់ និង​តុ​គូររូប​ភាព ។

លោក Franck Viault ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា​៖ «​ថ្ងៃនេះ គឺជា​ព្រឹត្តិការណ៍​របស់​ក្មួយ​ៗ​ទាំងអស់​គ្នា​ហើយ ។ ខ្ញុំ​សង្ឃឹមថា ពេល​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ ក្មួយ​ៗ​ទាំងអស់​គ្នា​នឹង​យល់​ដឹង​បាន​កាន់តែ​ប្រសើរ​​ឡើង​អំពី​សិទ្ធិ​របស់​ក្មួយ​ៗ បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​ដ៏​អស្ចារ្យ​នេះ នៅ​ខេត្ត​បាត់ដំបង​» ។

លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​នៅ​ក្នុង​ពិធី​នោះ​ថា​៖ «​អ្វី​ដែល​មិនល្អ​សម្រាប់​ពួក​យើង គឺ​នៅ​ពេល​ដែល​យើង​ចំណាយពេល​នៅ​តែ​ក្នុង​ការិយាល័យ​នៅ​ភ្នំពេញ​ច្រើន​ពេក ហើយ​មិនសូវ​បាន​ចុះ​មក​មូលដ្ឋាន​ឱ្យ​បាន​ញឹកញាប់ ។ ពេល​យើង​ទៅ​មើល​សាលារៀន យើង​មានឱកាស​ជជែក​ជាមួយ​លោកគ្រូ​អ្នកគ្រូ ហើយ​តាម​រយៈ​នេះ​យើង​ចាប់ផ្តើម​យល់​ដឹង​អំពី​បញ្ហា​ដែល​ពួក​គាត់​កំពុង​ប្រឈម និង​បាន​ស្គាល់​បញ្ហា​ប្រឈម​របស់​កុមារ​តាម​រយៈ​ការ​យល់​ឃើញ​របស់​លោកគ្រូ​អ្នកគ្រូ និង​របស់​កុមារ​ផ្ទាល់​តែ​ម្តង​» ។

លោក Viault ធ្លាប់​បាន​មក​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​កាលពី ៣០​ឆ្នាំ​មុន គឺ​ដោយ​ចៃដន្យ​បំផុត ពីព្រោះ​ថា នា​ពេល​នោះ គឺ​ជួន​គ្នា​នឹង​ពេល​ដែល​យុទ្ធនាការ CRC នេះ​ត្រូវ​បាន​សម្ពោធ​ជា​លើក​ដំបូង​នៅ​ទូ​ទាំង​ពិភពលោក ។ ពេល​នេះ​លោក​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​ពេល​ដែល​លោក​បានឃើញ​វឌ្ឍនភាព​ដែល​កម្ពុជា​សម្រេច​បាន​ចាប់តាំងពី​ពេល​នោះ​មក ។ ពីរ​ឆ្នាំ​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​មន្ត្រី​គណៈប្រតិភូ​សហភាព​អឺរ៉ុប ក្នុង​មុខ​តំណែង​ថ្មី លោក Viault បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​បន្ត​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ នៅ​ក្នុង​កិច្ច​ខិតខំ​កែ​លម្អ​ស្ថានភាព​ជីវិត​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា ។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​ត្រឡប់​មក​វិញ​កាលពី​ពីរ​ឆ្នាំ​មុន និង​ដោយ​បានឃើញ​ថា ប្រទេស​នេះ​កំពុង​មានការ​ផ្លាស់​ប្តូរ​ជា​ទូទៅ​យ៉ាង​ឆាប់រហ័ស គឺ​ការ​ផ្លាស់​ប្ដូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទូទៅ និង​ជា​ពិសេស ជីវភាព​របស់​កុមារ ហើយ​ខ្ញុំ​ជឿជាក់​ថា អ្វី​ៗ​នឹង​បន្ត​មាន​ភាព​ប្រសើរ​ឡើង​ថែម​ទៀត​» ។

សហភាព​អឺរ៉ុប យូ​នី​សេ​ហ្វ អង្គការ Save the Children និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​នៅ​ក្នុង​គម្រោង​នេះ តាម​រយៈ​ភាព​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ឱ្យ​មាន​វឌ្ឍនភាព​ថែម​ទៀត​ឆ្ពោះទៅ​ផ្ដល់​សិទ្ធិ​ដល់​កុមារ​គ្រប់​រូប​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ កម្មវិធី​នានា​ដែល​ភាព​ជា​ដៃគូ​បាន​ផ្តួចផ្តើម​ឡើង​រួម​មាន «​កម្មវិធី​ថែទាំ និង​អភិវឌ្ឍន៍​កុមារ​» សម្រាប់​កុមារ​ជនជាតិ​ដើម​ភាគតិច​, ការ​លើកកម្ពស់​សហគមន៍​មាន​មេត្រីភាព​កុមារ តាម​រយៈ​ការ​បង្កើត​ប្រព័ន្ធ​ថ្នាក់​ជាតិ​សម្រាប់​ការពារ​កុមារ​នៅ​កម្ពុជា និង​គម្រោង​ប្រែក្លាយ​ប្រព័ន្ធ​សុខុមាលភាព​កុមារ​ឱ្យ​មាន​លក្ខណៈ​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធភាព ។

លោកស្រី Bianca Collier ប្រធាន​គម្រោង​ថែទាំ​កុមារ​ក្នុង​គ្រួសារ​ជា​អាទិភាព​ចម្បង និង REACT នៃ​អង្គការ Save the Children បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​គំរូ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព នៅ​ក្នុង​ការ​ធានា​ឱ្យ​មានការ​ប្រែប្រួល​យូរអង្វែង​នៅ​តាម​សហគមន៍ ។ ថ្វីបើ​កុមារ​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​មាន​ចំនួន​កាន់តែ​ច្រើន​ជាង​មុន​ក៏​ពិតមែន ប៉ុន្តែ​នៅ​ក្នុង​ចំណោម​នោះ មាន​កុមារ​ច្រើន​នាក់​ណាស់​ដែល​មិន​បាន​បន្ត​ការ​សិក្សា​ទៅ​ដល់​កម្រិត​មធ្យមសិក្សា​ចំណេះ​ទូទៅ ឬ​ទៅ​ដល់​កម្រិត​វិទ្យាល័យ ។

លោកស្រី Collier មាន​ប្រសាសន៍​ថា​៖ «​សំខាន់​ជាង​អ្វី​ៗ​ទាំងអស់​នៅ​ទី​នេះ​គឺថា សម្រាប់​អនាគត​របស់​កម្ពុជា យើង​ចាំបាច់​ជួយ​ឱ្យ​កុមារ​ទទួល​បានការ​អប់រំ មាន​សុខភាព​ល្អ និង​ទទួល​បានការ​ការពារ ដើម្បី​ឱ្យ​ពួក​គេ​ជោគជ័យ​នៅ​ពេល​គេ​ក្លាយ​ខ្លួន​ជា​មនុស្ស​ពេញវ័យ​» ។

លោកស្រី Keir Drinnan នាយក​ប្រតិបត្តិការ​នៃ​អង្គការ Cambodian Children’s Trust មាន​ប្រសាសន៍​ថា​៖ «​ចំនួន​កុមារ​ចូល​រៀន​នៅ​ថ្នាក់​បឋម​មាន​កម្រិត​ល្អ​ណាស់ ប៉ុន្តែ​ពេល​ដែល​ឡើង​ទៅ​ដល់​កម្រិត​មធ្យមសិក្សា​ចំណេះ​ទូទៅ កុមារ​ច្រើន​នាក់​ណាស់​នាំ​គ្នា​បោះបង់​ការ​សិក្សា ។ យើង​មាន​បុគ្គលិក​របស់​យើង​ដែល​តែងតែ​ចុះ​ធ្វើការ​ផ្ទៀងផ្ទាត់​មើល​នៅ​តាម​សាលារៀន​ណា​ដែល​មាន​កុមារ​បោះបង់​ចោលការ​សិក្សា​» ។

លោកស្រី Drinnan បន្ត​ទៀត​ថា​៖ «​ខ្ញុំ​គិត​ថា វិធី​សំខាន់​បំផុត​សម្រាប់​ធានា​ឱ្យ​មាន​ចីរភាព គឺ​ធ្វើ​យ៉ាងណា​ផ្សារ​ភ្ជាប់​បណ្តា​អង្គការ​ដែល​កំពុង​តែ​ជួយ​កុមារ និង​ក្រុម​គ្រួសារ​របស់​កុមារ ទៅ​នឹង​សេវា​ទ្រទ្រង់​ដែល​មាន​ស្រាប់​» ។ ត្រង់​ចំណុច​នេះ លោកស្រី Drinnan សង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​ការ​យល់​ដឹង ។ លោកស្រី​បាន​លើក​ឡើង​អំពី​បណ្តា​កម្មវិធី​ដែល​ជួយ​ឧបត្ថម្ភ​កុមារ​ឱ្យ​ទទួល​បាន​ឯកសណ្ឋាន អាហារ​ថ្ងៃត្រង់ និង​កង់​ជិះ ថា​ជា​ឧទាហរណ៍​វិជ្ជមាន​ដែល​ជួយ​ដោះស្រាយ​បាន​នូវ​ភាព​ខ្វះខាត​មធ្យោបាយ​សម្រាប់​ទទួល​បានការ​អប់រំ ។

ទន្ទឹម​គ្នា​នឹង​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ឡើង​នៅ​ខេត្តបាត់ដំបង​ប្រកបដោយ​ជោគជ័យ នៅ​ភ្នំពេញ​ក៏​មាន​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​ដូច​គ្នា​នេះ​ដែរ នៅ​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​អបអរសាទរ​ខួប​៣០​ឆ្នាំ របស់ CRC នៅ​ក្នុង​បរិវេណ Factory កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៩ ។ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​ថា​៖ «​ឆ្នាំ​២០១៩ ជា​ឆ្នាំ​ខួប​លើក​ទី ៣០ របស់​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ ជា​សន្ធិសញ្ញា​មួយ​ស្តី​ពី​សិទ្ធិ​មនុស្ស​ដែល​ទទួល​បានការ​ផ្តល់​សច្ចាប័ន​ច្រើន​ជាងគេ​។ អនុសញ្ញា​នេះ​តំណាង​ឱ្យ​ឱកាស​ដ៏​វិសេស​វិសាល​មួយ​សម្រាប់​ការ​និយាយ​ក្នុង​សំ​ទ្បេ​ង​តែ​មួយ​អំពី​សិទ្ធិ​របស់​កុមារ ក៏​ដូច​ជា​សម្រាប់​លើកកម្ពស់​ការ​យល់​ដឹង​ដែរ​ថា សិទ្ធិ​របស់​កុមារ​មិន​អាច​ត្រូវ​មើល​ស្រាល​បាន​ទេ ។

សហភាព​អឺរ៉ុប កំពុង​រួមដៃគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ទៅ​មុខ​ទៀត​នូវ​វ​ឌ្ឍ​ភាព​ធំធេង​ដែល​សម្រេច​បាន​កន្លង​មកនេះ នៅ​ក្នុង​វិស័យ​សិទ្ធិ​កុមារ និង​ដើម្បី​បញ្ជាក់​សារ​ជា​ថ្មី​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​គ្រប់​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​លទ្ធភាព​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​សក្តានុពល ដែល​ជា​បុ​រេ​លក្ខ ខណ្ឌ​មួយ​សម្រាប់​ឈាន​ទៅ​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​ចីរភាព​» ។

លោក គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ នាយិកា​យូ​នី​សេ​ហ្វ ប្រចាំ​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា​៖ «​យូ​នី​សេ​ហ្វ មាន​មោទនភាព​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​គាំទ្រ​ឱ្យ​មាន​វឌ្ឍនភាព​ឆ្ពោះទៅ​ផ្ដល់​សិទ្ធិ​កុមារ​គ្រប់​រូប​នៅ​កម្ពុជា​ឱ្យ​បាន​ពេញលេញ ។ អនុសញ្ញា CRC និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដើរ​ទន្ទឹម​គ្នា ។ សិទ្ធិ​កុមារ​មិន​អាច​សម្រេច​បាន​ដោយ​គ្មាន​ការ​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នោះ​ទេ ។ អាស្រ័យ​ហេតុនេះ​ហើយ​បានជា​អនុសញ្ញា​នេះ​ពិតជា អនុសញ្ញា​ពិតជា​មាន​ន័យ​ជាង​ពេល​ណា​ៗ​ទាំងអស់ សម្រាប់​អនុវត្ត​ជា​ប្រយោជន៍​ដល់​កុមារ​ទាំងឡាយ​ដែល​ក្រីក្រ និង​ងាយ​រង​គ្រោះ កុមារ​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល និង​កុមារ​ដែល​មិនសូវ​ទទួល​បានការ​យកចិត្តទុកដាក់​» ។

សភាព​អឺរ៉ុប និង​ដៃគូ​របស់​ខ្លួន នៅ​តែ​មើលឃើញ​មានការ​ខ្វះចន្លោះ​នៅ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​តាម​គោលការណ៍​ស្នូល​របស់​អនុសញ្ញា CRC ដែល​រួម​មាន​៖ ភាព​មិន​រើសអើង ឧត្តម​ប្រយោជន៍​របស់​កុមារ ការ​រស់រាន​មានជីវិត និង​ការ​អភិវឌ្ឍ និង​ការ​គោរព​ចំពោះ​ទស្សនៈ​របស់​កុមារ ។ ដរាបណា​ដែល​ស្តង់ដា​ទាំងនេះ​នៅ​តែ​មិន​ទាន់​បំពេញ​បាន នៅ​តែ​មាន​ចន្លោះ​ប្រហោង ពួក​យើង​នឹង​នៅ​តែ​បន្ត​កិច្ចការ​នេះ​ជា​រៀង​រហូត ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ