ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​​បញ្ជា​​ឱ្យសមត្ថកិច្ច​​ចុះ​រឹបអូស​យក​ត្រាក់ទ័រ​​​ក្នុង​តំបន់​​៣

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ អភិបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​បញ្ជា​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​រឹបអូស​ត្រាក់ទ័រ​មួយ​គ្រឿង ដែល​ជន​ទុច្ចរិត​កំពុង​លួច​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​«​តំបន់​៣» ដែល​ជា​តំបន់ហាមឃាត់នៅ​ត្រង់​ចំណុច​«​ចាក់​អន្ទង់​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ប៉ោយ​តា​សេក ឃុំ​បឹង​ព្រីង…

ខេត្តបាត់ដំបង​៖ អភិបាលខេត្ត​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា បាន​បញ្ជា​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​រឹបអូស​ត្រាក់ទ័រ​មួយ​គ្រឿង ដែល​ជន​ទុច្ចរិត​កំពុង​លួច​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​«​តំបន់​៣» ដែល​ជា​តំបន់ហាមឃាត់នៅ​ត្រង់​ចំណុច​«​ចាក់​អន្ទង់​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ប៉ោយ​តា​សេក ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ក្រោយ​ពី​ជន​ទុច្ចរិត​មួយ​ក្រុម​នោះ បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​មួយ​ប្រាវ​ជាមួយ​កម្លាំង​ចម្រុះ កាលពី​ពាក់កណ្ដាល​អា​ធ្រា​ត្រ ​។ នេះ​បើ​តាម​លោក​ប៊ុត ម៉ក់ ប្រធាន​មន្ទីរ​ទំនាក់ទំនង ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តបាត់ដំបង ដែល​បាន​ប្រាប់​កោះសន្តិភាព នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។

លោក​ប៊ុត ម៉ក់ បាន​ផ្ដល់​ព័​ត៏​មាន​ថា មន្ត្រី​ការិយាល័យ​ជំនាញរបស់​លោក បាន​សហការ​ជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ រួម​ទាំង​អាជ្ញាធរ​ដែនដី​ផង បាន​ចុះ​បង្ក្រាប​បទល្មើស​ឈូស​ឆាយ​រំលោភ​ដី​ព្រៃ​លិច​ទឹក នៅ​ត្រង់​ចំណុច​ខាងលើ ដែល​បង្ក​ឡើង​ដោយ​ជន​មួយ​ក្រុម ​។ លោក​បាន​ប្រាប់​ថា កម្លាំង​ចម្រុះបាន​ប៉ះ​ទ​ង្គិច​ជាមួយ​ក្រុម​ល្មើស​ នៅ​វេលា​ម៉ោង​ប្រហែល​១១​យប់​ថ្ងៃ​ទី​១៧ មីនា ខណៈ​ក្រុម​នោះ​បាន​ព្យាយាម​រារាំង​សមត្ថកិច្ច​មិន​ឲ្យ​ចូល​ជិត​ត្រាក់ទ័រ​ពួក​គេ ដែល​កំពុង​ឈូស​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​«​តំបន់​៣»​។ ប៉ុន្តែ​មិន​មាន​អំពើ​ហិ​ង្សា​កើតឡើង​ទេ ព្រោះ​កម្លាំង​ចម្រុះ​បាន​សម្រេច​ដកថយ​មួយ​ជំ​ហាន ចៀសវាង​ការ​ប្រទូស្ដរ៉ាយ​គ្នា​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ក្រោយ​ពី​មាន​បញ្ជា​ពី​លោក​អភិបាលខេត្ត​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​រឹបអូស​ត្រាក់ទ័រ​ប្រព្រឹត្ត​បទល្មើស​នោះ ទើប​កម្លាំង​ចម្រុះ​សម្រេច​ចុះ​អនុវត្ត​បទបញ្ជា​នេះ ហើយ​ពេល​នេះ​ កម្លាំង​ចម្រុះ​បាន​និង​កំពុង​អនុវត្ត​តាម​នៅ​តិ​វិធី​ហើយ​។

គេ​មិន​ទាន់​ប្រាប់​ពី​អត្តសញ្ញាណនៃ​ក្រុម​ជន​ទុច្ចរិត​ ដែល​យក​ត្រាក់ទ័រ​ទៅ​លួច​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​«​តំបន់​៣»​ខាងលើ​នេះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ទុច្ចរិត​មួយ​ក្រុម​នោះ បាន​ប្រើប្រាស​ត្រាក់ទ័រ​ម៉ាក​គូ​ប៊ូ​តា​មួយ​គ្រឿង​សំងំធ្វើ​សកម្មភាព​លួច​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​ចំណុច​ខាងលើ​នេះ ​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រុម​នេះ​ បាន​លួច​ធ្វើ​សកម្មភាព​ភាគច្រើន​នៅ​ពេល​យប់ ហើយ​ទំនង​បែប​អាង​មន្ត្រី​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​ផង ទើប​ក្រុម​នេះ​ហ៊ាន​រំលោភ​បំពាន​ច្បាប់​យ៉ាង​គ​គ្លើ​ន​បែប​នេះ ។ មិនតែប៉ុណ្ណោះ ក្រុម​នេះ​ថែម​ទាំង​ហ៊ាន​ប្រឈម​មុខ​យ៉ាង​កំរោល​ ជាមួយ​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​ទៀត​ផង រហូត​ក្រុម​បង្ក្រាប​សុខចិត្ត​ដកថយ​មិន​តបត​ឡើយ​។

លោក​ឆេ​ង ភារ​ម្យ ប្រធាន​ការិយាល័យ​អធិការកិច្ចនៃ​មន្ទីរ​ទំនង​ទំ​នាង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិ​ការកិច្ច​ខេត្ត ដែល​កំពុង​ដឹកនាំ​កម្លាំង​ចុះ​អនុវត្ត​បទបញ្ជា​របស់​លោក​អភិបាលខេត្ត បាន​ប្រាប់​កោះ​សន្តិភាព​ពី​កន្លែង​កើតហេតុ​មក​ថា កម្លាំង​ចម្រុះ​ពិតជា​បាន​ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​ក្រុម​លួច​ឈូស​ដី​ព្រៃ​លិច​ទឹក​នោះ​មែន ពេល​កម្លាំង​ចុះ​ទៅ​ដល់​ចំណុច​កើតហេតុ​នៅ​ពាក់កណ្ដាល​អធ្រា​ត្រ​។ លោក​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​មាន​បក្សពួក​ចំនួន​​៤​នាក់ បាន​ព្យាយាម​បញ្ចេញ​សកម្មភាព​រារាំង​សមត្ថកិច្ច​មិន​ឲ្យ​ចូល​ទៅ​កាន់​ទីតាំង​ដែល​ពួក​គេ​កំពុង​ឈូស​ដី​ព្រៃ ហើយ​ពួក​គេ​ថែម​ទាំង​នាំ​គ្នា​ស្រែក​ចោទប្រកាន់​កម្លាំង​ចម្រុះ​ថា «​ចោរ ចោរ​» ទៀត​ផង​។ ដោយសារ​តែ​មិន​ចង់​ឲ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ធ្ងន់ធ្ងរ ទើប​កម្លាំង​ចម្រុះ​សុខចិត្ត​ដកថយ ដើម្បី​ស្នើ​សុំ​គោល​ការ​ណ៏​ថ្នាក់លើ​ជា​ថ្មី​។

លោក​ឆេ​ង ភារ​ម្យ បាន​បញ្ជាក់​ថា ក្រោយ​ពី​មានការ​ប៉ះ​ទ​ង្កិ​ច​គ្នា​នៅ​យប់​ថ្ងៃ​ទី​១៧ មីនា ក្រុម​ឈូស​ដី​ព្រៃ​ទាំងនោះ បាន​បើក​ត្រាក់ទ័រ​ចេញពី​តំបន់​នោះ យក​ទៅ​បន្ធូរ​កង់​ទុក​ចោល​នៅ​ក្នុង​រោង​មួយ​កន្លែង​។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា ទើប​លោក​អភិបាលខេត្ត ចេញ​បញ្ជា​ឲ្យ​កម្លាំង​ចម្រុះ​ដែល​មាន​មន្ត្រី​ការិយាល័យ​របស់​លោក មន្ត្រី​កងរាជអាវុធហត្ថ និង អាជ្ញាធរ​ដែនដី ចុះ​ទៅ​រឹបអូស​ត្រាក់ទ័រ​មួយ​គ្រឿង​នោះ ហើយ​ពេល​នេះ​កម្លាំង​ចម្រុះ​កំពុង​ចាត់ការ​តាម​នីតិវិធី​ហើយ​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ការ​រំលោភ​បំពាន​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ហាមឃាត់​(​តំបន់​២​និង​តំបន់​៣) នៃ​បឹង​ទន្លេសាប ដែល​បង្ក​ឡើង​ដោយ​ជន​ទុច្ចរិត​មាន​លុយ មាន​អំណាច បាន​និង​កំពុង​ផុសផុល​កាន់តែ​ខ្លាំង​ឡើង​ៗ បើ​ទោះជារាជរដ្ឋាភិបាល បាន​ចេញ​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ចុះ​ស្រាវជ្រាវ​ដកហូត​ដី​ព្រៃ​លិច​ទឹក​ដែល​ជន​ទុច្ចរិត​បាន​រំលោភ​បំពាន និង ស្វែង​រកមុខ​ជន​ប្រព្រឹត្ត​បទល្មើស​ទាំងនោះ​ចាត់ការ​តាម​ច្បាប់​ក្ដី​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ឃើញ​មន្ត្រី​ថ្នាក់​ក្រោម អនុវត្ត​នូវ​បទបញ្ជា​របស់​រាជ​រដ្ឋាភិ​បាល ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ​។

ផ្ទុយ​ទៅ​វិញ គេ​ពិនិត្យ​ឃើញ​បទល្មើស​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​លិច​ទឹក​នេះ ពី​សំណាក់​ជន​ទុច្ចរិត​ដែល​មាន​លុយ មាន​អំណាច បាន​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ទ្វេ​ដង​នា​សព្វ​ថ្ងៃនេះ នៅ​ក្នុង​«​តំបន់​៣» ដោយ​គ្មាន​ការ​ថមថយ​ឡើយ​។ នេះ​ដោយសារ​តែ​មន្ត្រី​ថ្នាក់​ក្រោម​ស្ទាក់ស្ទើរ​ក្នុង​ការ​អនុវត្ត​ច្បាប់ ហើយ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កំរិត ក្នុង​ការ​ដាក់​ទោសទណ្ឌ​លើ​ជន​ប្រព្រឹត្ត ទើប​ជនល្មើស​កាន់តែ​បង្កើន​សកម្មភាព​បទ​ល្មើស ផ្គើន​និង​ច្បាប់​កាន់​ខ្លាំង​។ បទល្មើស​នេះ​កំពុង​កើត​មាន​ពេញបន្ទុក នៅ​ក្នុងស្រុក​មោង​ឬ​ស្សី ស្រុក​សង្កែ ស្រុក​ឯក​ភ្នំ និង ស្រុក​ថ្មគោល​ ។

អត្ថបទសរសេរ ដោយ