ក្រុមរដ្ឋអ៊ិស្លាមក្នុងវីដេអូមួយបានប្រកាសពីការប្រហារជីវិតពលករមនុស្សធម៌ជនជាតិអង់គ្លេសម្នាក់លោក DAVID HAINES ។
នេះជាការផ្គើនចំពោះពួកលោកខាងលិច ក្រោយពីប្រកាសធ្វើសង្គ្រាមប្រឆាំងក្រុមនោះទាំងនៅអីុរ៉ាក់ទាំងនៅស៊ីរីមក ។
ក្នុងវីដេអូមួយផ្សាយតាមអីុនធើរណេត អ៊ិស្លាម កាលពីថ្ងៃទី១៣ កញ្ញា ក្រុមរដ្ឋអ៊ិស្លាមនិយាយថា ការកាត់ក្បាលបុរសអង់គ្លេសនោះ ជាការសងសឹងចំពោះការចូលរួមរបស់អង់គ្លេសក្នុងក្រុមចម្រុះប្រឆាំងក្រុមគេ ។
យោងតាមវីដេអូនេះ ជនរងគ្រោះត្រូវចាប់បង្ខំឱ្យអានសុន្ទរកថាមួយ មុនពេលប្រហារជីវិត ។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ដាវីដ កាមេរ៉ូន នាថ្ងៃទី១៤ កញ្ញា បានបរិហារអំពើនោះថា ជាអំពើសាហាវយង់ឃ្នងបំផុត ហើយសន្យាតាមប្រមាញ់ពួកឃាតករ ។
ក្នុងសេចក្តីប្រកាសមួយ លោកដាវីដ កាមីរ៉ូន ថ្លែងថា វាជាការសម្លាប់មនុស្សយ៉ាងសាហាវយង់ឃ្នងបំផុត ។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមដែលយើងអាចធ្វើទៅបាន ដើម្បីតាមប្រមាញ់ពួកឃាតករ ។
ចំណែកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា វិញ កាលពីថ្ងៃទី១៣ កញ្ញា បានសម្តែងពីសាមគ្គីភាពជាមួយសម្ព័ន្ធមិត្តអង់គ្លេសក្រោយការកាត់ក្បាលចំណាប់ខ្មាំង លោក DAVID HAINES ដោយក្រុមរដ្ឋអ៊ិស្លាម ។ ក្នុងសេចក្តីប្រកាសមួយលោក អូបាមា៉ ថ្លែងថា សហរដ្ឋអាមេរិកថ្កោលទោសយ៉ាងម៉ឺងមា៉ត់បំផុតចំពោះការសម្លាប់ជនជាតិអង់គ្លេសនោះយ៉ាងសាហាវព្រៃផ្សៃ ។ លោកបន្តថា សហរដ្ឋអាមេរិកឈរនៅខាងមិត្ត និងសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធរបស់យើងក្នុងពេលមានទុក្ខព្រួយជាមួយការប្តេជ្ញាចិត្ត ។
មានដើមកំណើតនៅទីក្រុង PERTH តំបន់អេកូស លោក DAVID HAINES អាយុ៤៤ឆ្នាំ មានកូន២នាក់ត្រូវចាប់ពង្រត់កាលពីខែមីនា ឆ្នាំ២០១៣ នៅប្រទេសស៊ីរី ដែលគាត់ទៅធ្វើការនៅទីនោះសម្រាប់អង្គការក្រៅរដ្ឋាភិបាលបារាំង ACTED ។ គេបានឃើញរូបលោកតាមវីដេអូដែលថតពីឆាកនៃការកាត់ក្បាលអ្នកកាសែតអាមេរិក លោក STEVEN SOTLOFF ចេញផ្សាយកាលពីដើមសប្តាហ៍មុន ។ គ្រួសារលោក DAVID HAINES បានបញ្ជូនសារមួយដល់ក្រុមរដ្ឋអ៊ិស្លាមនាថ្ងៃទី១៣ កញ្ញា នោះដែរ ដោយស្នើដល់ពួកជីហាដនិយមឱ្យធ្វើការប្រាស្រ័យទាក់ទងគ្នា ។
តាមវីដេអូនេះវាជាការប្រការជីវិតដោយកាត់ក្បាលរបស់ជនជាតិលោកខាងលិចទី៣ ដោយក្រុមរដ្ឋអ៊ិស្លាមរយៈពេលតែ១ខែបន្ទាប់ពីការកាត់ក្បាលអ្នកកាសែតអាមេរិក២នាក់ដែលចាប់ជាចំណាប់ខ្មាំងនៅស៊ីរី ។
ក្នុងសារវីដេអូបញ្ជូនជាពិសេសដល់ពួកសម្ព័ន្ធមិត្តអាមេរិក ក្រុមរដ្ឋអ៊ិស្លាមពេលនេះបានគំរាមកាត់ក្បាលចំណាប់ខ្មាំងជនជាតិអង់គ្លេសម្នាក់ទៀត ។
សហគមន៍អន្តរជាតិបច្ចុប្បន្នកំពុងតែស្វែងរកយុទ្ធសាស្ត្រមួយប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ។ សន្និសីទអន្តរជាតិ ស្តីពីសន្តិភាព និងសន្តិសុខនៅអីុរ៉ាក់ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៥ កញ្ញា នៅទីក្រុងប៉ារីស នឹងរួមចំណែកដល់ការកំណត់យុទ្ធសាស្ត្រជាសាកលនេះ ។
តំណាងរបស់ប្រទេសប្រមាណជា៣០ក្នុងនោះមានសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ត្រូវចូលរួមក្នុងសន្និសីទនោះ ដើម្បីបញ្ជាក់ពីក្រុមចម្រុះអន្តរជាតិមួយប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ដែលប្រកាសកាលពី១០ថ្ងៃមុននេះដោយសហរដ្ឋអាមេរិក ។
ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស្វ័រ ហូឡង់ ពេលមកបំពេញទស្សនកិច្ចរយៈពេលយ៉ាងខ្លីមួយនៅអីុរាក់ កាលពីថ្ងៃទី១២ កញ្ញា គូសបញ្ជាក់ថា ទិសដៅរបស់សន្នសីទនោះ គឺដើម្បីសម្របសម្រួលជំនួយ ជួយទ្រទ្រង់និងជួយឱ្យមានឯកភាពអីុរ៉ាក់ ព្រមទាំងប្រឆាំងនឹងក្រុមភេរវកម្មនេះ ។
ចែករំលែកព័តមាននេះ