ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ រតនា មិន​តក់ស្លុត​រឿង​COVID-19​ នៅ​តែ​បន្ត​ប្រឹងប្រែង​ក្នុង​អាជីព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មហាជន​ច្រើន​ឡើង​កាន់តែ​មាន​អារម្មណ៍​តក់ ស្លុត​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(Covid-19) បន្ទាប់​ពី​មាន​ជនជាតិ​ខ្មែរ​បាន​កើត​ជំងឺ​នេះ​ជា​ហូរហែ ។ ដោយ​សារ​ការ​ភ័យ​ខ្លាច​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​បាត់បង់​អារម្មណ៍​ចង់​ធ្វើ​អី ឬ​ទៅ​ណា…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មហាជន​ច្រើន​ឡើង​កាន់តែ​មាន​អារម្មណ៍​តក់ ស្លុត​នឹង​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(Covid-19) បន្ទាប់​ពី​មាន​ជនជាតិ​ខ្មែរ​បាន​កើត​ជំងឺ​នេះ​ជា​ហូរហែ ។ ដោយ​សារ​ការ​ភ័យ​ខ្លាច​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស​ភាគច្រើន​បាត់បង់​អារម្មណ៍​ចង់​ធ្វើ​អី ឬ​ទៅ​ណា ខណៈ​ដែល​កម្មវិធី​ជួបជុំ​ក៏​ត្រូវ​កាត់ បន្ថយ ។ យ៉ាងណា​ក៏​ដោយ​លោក​ចាន់ រតនា ដែល​ជា​កីឡាករ​ផង និង​ជា​គ្រូបង្វឹក​ផង​បាន​អះអាង​ថា លោក​មិន​តក់ស្លុត​ដល់​ថ្នាក់​បោះបង់​ក្ដី​ស្រមៃ​នោះ​ទេ​គឺ​លោក​នៅ​តែ​ប្រឹងប្រែង​ហ្វឹកហាត់ ដោយ​គ្រាន់តែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ប៉ុណ្ណោះ​។

អ្នកគាំទ្រ​ក្នុងស្រុក​ជា​ច្រើន​បានដឹង​រួច​ហើយ​ថា ចាន់ រតនា ដែល​ជា​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន​ល្បី​លំដាប់​ពិភពលោក​ONE Championship ខក​ឡើង​សង្វៀន​ប្រមាណ​ជា​៨​ខែ​មក​ហើយ បើ​គិត​ចាប់ពី​ការ​ឡើង​សង្វៀន លើក​ចុង​ក្រោយ​នា​ពាក់កណ្ដាល​ខែសីហា ឆ្នាំ ២០១៩ ។ ជាមួយនឹង​ការ​ខកខាន​នេះ​ហើយ ដែល​លោក​ប្រកាស​ថា ត្រូវ​ប្រឹង​ឡើង​វិញ​ដើម្បី​កុំឱ្យ​បាត់ឈ្មោះ នៅ​ក្នុង​វិស័យ​ប្រដាល់​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា លោក​នៅ​តែ​ហាត់​ខ្លួនឯង​ជា​ប្រចាំ​ដដែល​មិន​សម្រាក​ទេ ទោះជា​មេរោគ Covid-19 ផ្ទុះ​ឡើង​ថ្មី​ៗ​នេះ​ក្ដី ប៉ុន្តែ​លោក​ត្រូវ​ការពារ​ខ្លួន​និង​ថែរក្សា​អនាម័យ​ឲ្យ​បាន​ល្អ ។ លោក​ហាត់​ខ្លួនឯង​ដើម្បី​ឲ្យ​កម្លាំង​ល្អ​ឡើង​ព្រោះ​ដៃគូ​ជប៉ុន​របស់​លោក​ត្រូវ​ជួប​ខាង​មុខ​គេ​ខ្លាំង​ណាស់ ។ តែ​លោក​ក៏​បាន​ប្រកាស​ផ្អាក​ក្លិប​រយៈពេល​២​ស​ប្ដា​ហ៍ ដើម្បី​រួមចំណែក​ទប់​ស្កាត់​ជំងឺ​កាច​សាហាវ​នេះ​ផង​ដែរ ។

ការ​តាំងចិត្ត​នេះ គឺ​បន្ទាប់​ពី​លោក​មានឱកាស​ឈ្នះ​កីឡាករ​ជំនាញ​ចំបាប់​គុយ​បា​Gustavo Balart នៅ​ក្នុង​កម្មវិធី ONE: DREAM OF GOLD កាលពី​ខែសីហា ឆ្នាំ​២០១៩ កន្លង​ទៅ​នៅ​ប្រទេស​ថៃ ។ ម្ចាស់​ក្លិប​សិល្បៈ​រូប​នេះ​មានការ​តាំងចិត្ត​ខ្ពស់​ថា ពេល​លោក​ខាន​វ៉ៃ​ច្រើន​ខែ​លោក​ក៏​មិន​ទាន់​ហ៊ាន​ប៉ាន់​ស្មានថា​កម្លាំង​យ៉ាងណា​នោះ​ដែរ​ដូច្នេះ​ហើយ​ទើប​មាន​តែ​ការ​ហ្វឹកហាត់​ដើម្បី​កុំឱ្យ​ធ្លាក់ដៃ​ដោយ​មិន​អាច​តក់ស្លុត​រឿង​កូ​វីត​១៩ ហើយ​បោះបង់​អាជីព​នោះ​ឡើយ​។

លោក Lorenzo ជា​គ្រូបង្វឹក​ជនជាតិ​បរទេស ដែល​តែងតែ​បង្ហាត់​កម្លាំង​ដល់​លោក​ចាន់ រតនា ដើម្បី​ឲ្យ​រូបគេ​អាច​ទប់ទល់​ការ​ប្រកួត​រយៈពេល​៣​ទឹកបាន​ងាយស្រួល និង​ចេះ​គ្រប់គ្រង​ការ​ប្រកួត​នៅ​ពេល​ហត់​នោះ ក៏​គាំទ្រ​ជំហរ​របស់​កីឡាករ​រូប​នេះ​ក្នុង​ពេល​ផ្ទុះ​ជំងឺ​កូ​វីត​ផង​ដែរ ។ គ្រូបង្វឹក​មក​ពី​LLFitness បាន​បញ្ជាក់​ថា កម្លាំង​សំខាន់​ណាស់​ដែល​ចាន់ រតនា ត្រូវធ្វើ​ឲ្យ​កាន់តែ​ល្អ​និង​ចេះ​គ្រប់គ្រង​ការ​ប្រកួត​ថា​ពេល​អស់កម្លាំង​ត្រូវធ្វើ​យ៉ាងណា​ឬ​ពេល​កម្លាំង​ពេញ​ត្រូវធ្វើ​យ៉ាងណា ។ អ្វី​ដែល​សំខាន់​រតនា​នឹង​ជួប​គូប្រកួត​ខ្លាំង​ជាង Balart ទៅ​ទៀត ដូច្នេះ​ត្រូវ​រៀបចំ​កម្លាំង​ឲ្យ​បាន​ល្អ​ជាង​មុន ។ គ្រូបង្វឹក​សញ្ជាតិ​អុ​ី​តា​លី រូប​នេះ​បន្ត​ថា រតនា​ខំប្រឹង​ខ្លាំង​ណាស់ ។

រតនា​ហាត់​ក្បាច់​ជី​ជិត​ស៊ូ​នៅ​ក្លិប H/art Academy ជាមួយ​គ្រូបង្វឹក​ខូ​វ វិ​វ​ឌ្ឍ​នា​ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នា​ពេល​ខាង​មុខ​និង​ហាត់​ការពារ​កុំ​ឲ្យ​គ្រោះថ្នាក់​ពេល​គូប្រកួត​ចាប់​ផ្ដួល​លើ​ក្ដារ​រេញ ។ លោក​ចង់​ឲ្យ​រតនា កើន​កម្លាំង​ខ្លាំង​មាន​ភាព​អំណត់​និង​ថាមពល​ខ្លាំង​ដើម្បី​បំបាក់​គូប្រជែង ។

គួរ​បញ្ជាក់​ថា ចាន់់ រតនា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់​ដែល​ទទួល​ជោគជ័យ​ច្រើន​ជាងគេ បំផុត​នៅ​សង្វៀន​អន្តរជាតិ​ONE និង​ឈ្នះ​៣​ដង​ជាប់​គ្នា​ក្លាយជា​កីឡាករ​កម្ពុជា​ល្អ​បំផុត​ប្រចាំ សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាករ​អាស៊ី ។

ក្នុង​ការ​ប្រកួត​បន្ទាប់ ចាន់ រតនា ទំនង​ជួប​ជើង​ខ្លាំង​មក​ពី​ជប៉ុន Yuya Wakamatsu នា​ពេល​ឆាប់​ៗ​នេះ ប៉ុន្តែ​កម្មវិធី​មួយ​ចំនួន​របស់​ONE ត្រូវ​បាន​ពន្យារពេល​ដោយសារ​មេរោគ​Covid-19 ។ រតនា​បាន​បង្ហើប​ថា រូបគេ​ត្រូវ​ជួប Yuya តាំងពី​ខែតុលា​ម្ល៉េះ​ប៉ុន្តែ​បែ​រខក​ខានទៅ​វិញ​ដោយសារ​រូបគេ​មាន​បញ្ហា​សុខភាព ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ