ខេត្តសៀមរាប ៖ កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ ដោយមានការអនុញ្ញាតពីលោកស្នងការនគរបាលខេត្ត និងសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ។

ទើបកម្លាំងនគរបាល ផនការងារសន្តិសុខ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយសហការជាមួយអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលសង្កាត់ស្លរក្រាម ចុះទៅធ្វើការនាំខ្លួនម្ចាស់គណនីហ្វេសប៊ុក «ឡន លី គ្រួសាររីករាយ» ឈ្មោះ ភុត ថុនា ភេទ ប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ដើម្បីនាំមកសាកសួរ។

សូមបញ្ជាក់ថា បុរសម្នាក់នេះ ពូកែខាងដាក់ទំនាយគេឱ្យងាប់នឹងវីរុសកូវីដ19, ជូនបងជិះឡានសារ៉ែន និងញ៉ាំបាយក្រហមលេង ហើយម្ចាស់គណនីហ្វេសប៊ុក «ឡន លី គ្រួសាររីករាយ» ឈ្មោះ ភុត ថុនា នេះ ទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្តាត់ស្លក្រាម ដែលជាប់ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានមិនពិត និងបំពុលសង្គម កាលពីថ្ងៃទី៥ និងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ទើបនៅថ្ងៃទី១២ ខែមីនា ជនត្រូវចោទរូបនេះត្រូវបានលោក មុយ សុភ័ក្ត្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប និងសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តសៀមរាបហើយ។

បើតាមការអះអាងឱ្យដឹងពីលោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមីនានេះថា បុរសរូបនេះមានទីលំនៅបច្ចុប្បន្នភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម បានបង្ហោះព័ត៌មានមិនពិត និងប្រមាថថ្នាក់ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ កន្លងទៅថ្មីនេះ។

ហើយតាមរយៈការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវបទល្មើសនេះពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ