ដំណឹងល្អ គឺកម្ពុជាមិនទាន់មានការរាលដាលសហគមន៍នៅឡើយទេ ចំពោះការឆ្លងមេរោគកូវីដ១៩ ។ ដំណឹងអាក្រក់ គឺកម្ពុជាបានរកឃើញមនុស្សចំនួន១២នាក់ ដែលក្នុងនោះមាន កម្ពុជាបួននាក់មានផ្ទុកមេរោគកូវីដ១៩ ។ វាបានទម្លុះខ្សែត្រៀមទីមួយរបស់កម្ពុជា ដោយជំរុញអោយមនុស្សគ្រប់គ្នាត្រូវរួមជាមួយរដ្ឋាភិបាល បង្កើនការប្រឹងប្រែងទប់ស្កាត់ការឆ្លង និងចម្លងមេរោគនេះ ។ដំណឹងដែលអាក្រក់នោះ គឺមេរោគនេះបានកាន់តែរាលដាលខ្លាំងនៅអឺរ៉ុប និងនៅអាមេរិកហើយបង្កការគំរាមកំហែងកាន់តែធ្ងន់ធ្ងរ ចំពោះពិភពលោកដោយបានបង្ខំអោយអង្គការសុខភាពពិភពលោក ប្រកាសអំពីការរាតត្បាតសកល ហើយជំរុញអោយរដ្ឋាភិបាល ជុំវិញពិភពលោករួមគ្នាទប់ស្កាត់មេរោគនេះ ។
នៅចំពោះស្ថានភាពដ៏អាក្រក់បែបនេះ រដ្ឋាភិបាលកម្ពុជាក៏បានរឹតបន្តឹងកាន់តែខ្លាំងនូវវិធាន ការចាំបាច់ មួយចំនួន ដើម្បីទប់ស្កាត់ការចម្លងមេរោគពីខាងក្រៅ ។ ក្នុងចំណោមវិធានការទាំង នោះរួមមាន ការហាមប្រជាជនកម្ពុជាមិនអោយធ្វើដំណើរទៅ អឺរ៉ុប អាមេរិក និង អ់ីរ៉ង់ ការបិទ សាលារៀននៅក្នុង ទីក្រុងភ្នំពេញ និងក្រុងសៀមរាប និង ការហាមនាវាទេសចរណ៍បរទេស។
បន្ថែមទៅលើចំណាត់ការនេះ ការរឹតបន្តឹងនិងការបង្កើនការត្រូតពិនិត្យតាមច្រក ព្រំដែនអន្តរជាតិ និង
ព្រលានយន្តហោះក៏មានសារសំខាន់ខ្លាំងណាស់ផងដែរ ដើម្បីទប់ស្កាត់ការចម្លងពីខាងក្រៅចូលមកក្នុងប្រទេសកម្ពុជា ។ ក្នុងន័យនេះ មន្ត្រីសុខាភិបាលដែលធ្វើការតាមច្រកទាំងនោះ មិនអាចធ្វើការទ្វេស ប្រហែសបានឡើយ ខណៈដែលពួកគេសមនឹងទទួលបានការលើកទឹកចិត្តនិងកោតសរសើរ ចំពោះការបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងដ៏មានប្រយោជន៍ជាអាយុជីវិតសម្រាប់ប្រជាជនកម្ពុជាទាំងអស់។ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ក៏គួរបង្កើនការការពារខ្លួនប្រឆាំងនឹងមេរោគកូវីដនេះផងដែរ ពីព្រោះ មានសេចក្តីរាយការណ៍ពីប្រទេសថៃហើយថា មានប៉ូលិសអន្តោប្រវេសន៍ នៅព្រលានយន្តហោះសុវណ្ណភូមិបានឆ្លងមេរោគកូវីដ១៩នេះ។
ការទប់ការចម្លងពីក្រៅប្រទេសគឺជាខ្សែត្រៀមទីមួយដែលកម្ពុជាត្រូវតែរឹតរឹតបន្តឹងអោយខ្លាំង។ ចំពោះ នៅក្នុងប្រទេសវិញ ទាំងរដ្ឋាភិបាលពិសេសក្រសូងសុខាភិបាល អ្នកពាក់ព័ន្ឋ ក៏ដូចជាប្រជាជន កម្ពុជា គ្រប់រូបត្រូវរួមគ្នាជាធ្លុងមួយដើម្បីទប់ស្កាត់មេរោគកូវីវ១៩នេះដើម្បីបញ្ចៀសអោយបានស្ថានការណ៍មួយដែលមានការរាលដាលឆ្លងមេរោគកូវីដ១៩នេះហួសពីសមត្ថភាពគ្រប់គ្រង។ រហូតមកដល់ពេលនេះ មន្ត្រីក្រសួងសុខាភិបាលក៏បានធ្វើការងារយ៉ាងសកម្មដើម្បីទប់ស្កាត់ ការឆ្លង មេរោគនេះ។ ចំពោះមុខស្ថានភាពបច្ចុប្បន្ន ប្រជាជនកម្ពុជាម្នាក់ៗក៏ ត្រូវបង្កើនការប្រុងប្រយ័ត្ននិងចេះ ដឹង អំពីវិធីទាំងឡាយនៅក្នុងការទប់ស្កាត់ការចម្លងនិងការឆ្លងមេរោគនេះផងដែរ។
ដើម្បីទបស្កាត់ការឆ្លងមេរោគនេះ ប្រជាជនកម្ពុជាម្នាក់ៗ ត្រូវ លាងសម្អាតដៃអោយស្អាត មិននៅជិត អ្នកមាន រោគសញ្ញាឬមានផ្ទុក មេរោគ កូវីដ១៩ ចៀសវាងកន្លែងដែលមានការជួបជុំមនុស្សច្រើន មិនធ្វើដំណើរមិនចាំបាច់ទៅកាន់ប្រទេស ដែលមានការរាលដាលមេរោគនេះនោះជាដើម។ ការបង្ការ ផ្ទាល់ខ្លួនគឺមានសារសំខាន់ខ្លាំងណាស់ដើម្បីទប់ស្កាត់ការរាដាលមេរោគនេះ។ ប្រជាជន កម្ពុជាម្នាក់ៗក៏អាចជួយទប់ស្កាត់ការចម្លងក្នុងគ្រួសារ តាមកន្លែងធ្វើការ និង សហគមន៍ ផងដែរ។
មនុស្សម្នាក់ៗនិងគ្រួសារនីមួយៗអាចចូលរួមទប់ស្កាត់ការចម្លងមេរោគបានតាមរយះការមានផែនការដ៏ច្បាស់លាស់មួយនៅក្នុងគ្រួសារសម្រាប់បង្ការការឆ្លងនិងការចម្លងមេរោគកូវីដ១៩។ បើ ក្នុង ករណីដ៏ អាក្រក់មាននរណាម្នាក់អាចមានរោគសញ្ញាមេរោគឬក៏មានផ្ទុកមេរោគកូវីដ១៩ គ្រួសារនីមួយៗអាច យល់ដឹងអំពីភាពចាំបាច់នៃការដាក់នៅដោយឡែកអ្នកដែលមានរោគសញ្ញាក្តៅខ្លួន ក្អក និងមានប្រវត្តិ ទៅកាន់កន្លែងដែលមានឆ្លងរាលដាលមេរោគនេះឬក៏ធ្លាប់នៅជិតអ្នកមានមេរោគ។ ជននោះត្រូវ នៅម្នាក់ឯងក្នុងបន្ទប់ដោយឡែកមួយហើយទទួលទានអាហារដាច់ពីគេរយះពេល១៤ថ្ងៃដើម្បីតាមដានសុខភាពនិងរកជំនួយពីគ្រូពេទ្យតាមរយះទូរស័ព្ទទៅកាន់១១៥។
គ្រួសារនីមួយៗត្រូវមានចំណេះដឹងគ្រប់គ្រាន់អំពីការចម្លងនិងការឆ្លងមេរោគកូវីដ១៩ សារសំខាន់នៃ ការលាងដៃដើម្បីទប់ស្កាត់ការឆ្លងមេរោគ និង សារសំខាន់នៃការពាក់ម៉ាសមុខឬប្រើក្រម៉ាដើម្បី ទប់ស្កាត់ការចម្លងមេរោគទៅអ្នកនៅជិតខ្លួន ព្រមទាំងសារសំខាន់នៃការធ្វើអនាម័យ ផ្ទះសម្បែង ដើម្បីអោយបានស្អាត។ សំខាន់ដូចគ្នានេះ ការមានផែនការច្បាស់លាស់ដើម្បីទប់ស្កាត់ការឆ្លង និងការចម្លង មេរោគនៅកន្លែង ធ្វើការក៏មានសារសំខាន់ខ្លាំងដូចគ្នាដែរ។ បុគ្គលិកដែលមានរោគសញ្គាក្តៅខ្លួន ក្អក ឬក៏ពិបាកដកដង្ហើម គួរតែត្រូវបានអោយច្បាប់អនុញ្ញាតឈបសម្រាកដើម្បីចៀសវាងការចម្លងណាមួយដល់អ្នកផ្សេងនៅកន្លែងធ្វើការ។
មេរោគនេះសាហាវណាស់។ វាមិនស្គាល់អ្នកតូច អ្នកធំ អ្នកក្រ អ្នកមាន ស្បែក ស ឬ ស្បែកខ្មៅទេ។ វានឹងចូលដល់មនុស្សគ្រប់គ្នាអោយតែវាមានឪកាស។ ដូចដែលយើងបានដឹងស្រាប់ ថាភរិយា របស់នាយករដ្ឋមន្ត្រីកាណាដានិងភរិយារបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញបានឆ្លងមេរោគនេះ ខណះ ដែលរដ្ឋមន្ត្រីនិងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងពិភពលោកក៏រកឃើញមានមេរោគនេះដែរ។ ចំណែកប្រធានាធិបតីត្រាំ ប្រធានាធិបតីប្រេស៊ីល និង ប្រធានាធិបតីហ្វីលីពីនគឺលោកឌូទែតេក៏ បានបារម្ភនិងធ្វើតេស្តរកមេរោគនេះដែរ។ ប៉ុន្តែសំណាងល្អ មេដឹកនាំទាំងបីនាក់នេះត្រូវបានរកឃើញថា មិនមានផ្ទុកមេរោគនេះទេ។
មានតែការរួមគ្នាជាកម្លាំងតែមួយប៉ុណ្ណោះទើបកម្ពុជាអាចទប់ស្កាត់ការរាលដាលមេរោគកូវីដ១៩ដែលកំពុងបង្កបញ្ហា្យ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាច្រើននៅក្នុងពិភពលោកដោយមានប្រទេសខ្លះបានប្រកាសបិទប្រទេសរបស់ខ្លួនគឺប្រទេសអ៊ីតាលី ប្រទេសខ្លះប្រកាសដាក់ប្រទេសអាសន្នដូចជាអាមេរិកនិងអេស្ប៉ាញ និង វិធានាការខ្លាំងៗជាច្រើនទៀតដូចជាការបិទសាលារៀន ការបិទកន្លែងលក់ដូរលើកលែង តែកន្លែង លក់ម្ហូបអាហារនិងឪសថស្ថាន ហាមការជូបជុំមនុស្សច្រើន និងការលុបចោល ព្រឹត្តិការណ៍ សំខាន់ៗ ជាច្រើន។ប្រជាជនកម្ពុជាទាំងអស់មិនចង់ឃើញមានការរាលដាលមេរោគដែលបានសម្លាប់មនុស្សជាង៥០០០នាក់និងបានចម្លងដល់មនុស្សជាង១៤០ ០០០នាក់ទូទាំងពិភពលោក៕
ចែករំលែកព័តមាននេះ