ខេត្តស្ទឹងត្រែង ៖ លោកវរសេនីយ៍ឯកវ៉ា សុផាន់នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបសិប្បកម្មល្មើសច្បាប់ចំនួន២ កន្លែង ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់។
លោកវរសេនីយ៍ឯកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា៖ ក្រោមការទទួលបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី អូត ស៊ីវុត្ថា នៅព្រឹកថ្ងៃទី13 ខែមីនានេះ កម្លាំងជំនាញបានចុះបង្ក្រាបសិប្បកម្មចំនួន២កន្លែង នៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។
លោកវរសេនីយ៍ឯកបន្តថា ការចុះបង្ក្រាបសិប្បកម្មខុសច្បាប់ខាងលើនេះ យើងបានចុះស្រាវជ្រាវរកឃើញសិប្បកម្មខុសច្បាប់ជាច្រើនកន្លែង តែដោយឡែក៣កន្លែងហាក់បីដូចជាដឹងមុន ហើយពួកគេក៏បានដឹកឈើយកទៅលាក់ទុកអស់។ ចំណែក២កន្លែងដែលបានបង្ក្រាបខាងលើនេះ កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំង និងរកឃើញឈើប្រភេទសុក្រំ និងឈើផ្ចិតប្រមាណជា៥ទៅ៦ម៉ែត្រគីប ។
ប្រភពដដែលបានបន្តថា បទល្មើសព្រៃឈើនៅក្នុងស្រុកថាឡាបរិវ៉ាត់ ជាពិសេសសិប្បកម្មខុសច្បាប់ទាំងនោះ ទោះជាមានការបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ តែសិប្បកម្មនោះនៅតែកើតមាន គឺបង្ក្រាបមិនចេះអស់នោះទេ ហើយកើតមានឥតឈប់ឈរ ដោយសារតែរដ្ឋបាលព្រៃឈើក្នុងស្រុកនោះមិនបានបង្ក្រាប ទើបកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប រួចប្រគល់ឱ្យ។ ហើយឈើដែលបង្ក្រាប ដោយកម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានធ្វើកំណត់ហេតុនៅទីតាំងបង្ក្រាប រួចប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ និងដឹកជញ្ជូនមករក្សាទុកជាសម្បត្តិរដ្ឋ។
គួររំលឹកថា កាលពីថ្ងៃទី៩ ខែមីនាកន្លងទៅនេះ ក៏មានការបង្ក្រាបរថយន្តសាំយ៉ុងដឹកឈើប្រណីតខុសច្បាប់មួយគ្រឿងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើផងដែរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ