ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីវេលាម៉ោង៩ និង១០នាទីព្រឹកថ្ងៃទី១៤ មីនា ត្រង់ចំណុចភ្នំក្រូច ស្ថិតក្នុងភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី មានករណីដំរីឈ្មោលមួយក្បាល បានប្រើប្រមោយរបស់វា ទាញចាប់ក្មេងប្រុសជនជាតិព្រៅម្នាក់ទៅបោកនឹងគល់ឈើ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអធ័មបំផុត ។

ក្មេងរងគ្រោះឈ្មោះ ហៀក ជីវ: ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី ។ ចំណែកអ្នកមើលថែដំរី (ហៅថាម៉ដំរី) ឈ្មោះ ប៊ុន រឿងផ្លាល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិព្រៅ មានទីលំនៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ នោះដែរ ហើយម្ចាស់ដំរីឈ្មោះ ខៃ ចិន្តា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋាននៅភ្នំពេញ ។ រីឯដំរីឈ្មោះ បុកម៉ាយ (ឈ្មោល) អាយុ៣២ឆ្នាំ ។
ដើមចមបណ្តាលឱ្យក្មេងបាត់បង់ជីវិតនោះ គឺត្រូវបានគេដឹងថា មុនកើតហេតុ(ម៉ដំរី)ឈ្មោះប៊ុន រឿងផ្លាល បាននាំក្មេងរងគ្រោះជិះម៉ូតូជូនទៅកន្លែងចងដំរី ដើម្បីឲ្យជនរងគ្រោះយកម៉ូតូមកភូមិវិញ ។ លុះពេលដល់ភ្លាមស្រាប់តែដំរីវាស្ទុះទៅចាប់ (ប្រើប្រម៉ោយ) ទាញជនរងគ្រោះបោកទៅនឹងគល់ឈើតែម្តង ។ ក្រោយមក ត្រូវបានក្រុមគ្រួសារ និងអាណាព្យាបាលមិនអស់ចិត្ត បានដឹកជនរងគ្រោះទៅដល់មន្ទីរពេទ្យ ទើបដឹងថាក្មេងបានបាត់បង់ជីវិតហើយ ។
ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅពិនិត្យកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ