ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ឱ្យពលរដ្ឋ​ទៅ​លេង​បុណ្យ​ទន្លេ កុំ​បារម្ភ​រឿង​កូ​វីត​-១៩ ​គ្មាន​នៅ​បាត់ដំបង​​ទេ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​​ទន្ទឹមខេត្តបាត់ដំបង ​កំពុងមានការរៀបចំ​បុណ្យ​ទន្លេ​ លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មិន​បាន​បង្ហាញ​ក្តី​បារម្ភ​នៃ​ការ​រីក​រាលដាលឬ​ចម្លងជំងឺ​កូ​វីត-១៩​ នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ លើ​ទឹកដី​ខេត្តបាត់ដំបង​នេះទេ…

ខេត្តបាត់ដំបង ៖ ​​ទន្ទឹមខេត្តបាត់ដំបង ​កំពុងមានការរៀបចំ​បុណ្យ​ទន្លេ​ លោកថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ មិន​បាន​បង្ហាញ​ក្តី​បារម្ភ​នៃ​ការ​រីក​រាលដាលឬ​ចម្លងជំងឺ​កូ​វីត-១៩​ នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​ លើ​ទឹកដី​ខេត្តបាត់ដំបង​នេះទេ ​។ ​លោក​​រដ្ឋមន្ត្រីបន្តថា ​សូម​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​លេង​កម្សាន្ត​បុណ្យ​ទន្លេ​នេះ និងរក្សា​នូវ​វិធានការ​អនាម័យ​ទាំងឡាយ ​ដើម្បី​ថែទាំ​សុខភាព​ ។

សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​មីនា នៅ​រមណីយដ្ឋាន​ឡូ​រីជើងភ្នំ​បាណ​ន់ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ងួ​ន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក ដោយ​មានការ​ចូលរួម​ពី​តំណាង​ស្ថាប័ន អា​ជ្ញ​ធរ​ពាក់ព័ន្ធ ប្រតិបត្តិ​ករ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ លោកគ្រូ អ្នកគ្រូ និង​យុវជន​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ​។​

ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុក​នេះ គឺ​ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៦ ក្រោម​ប្រធាន​បទ«ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​» ដែល​កំពុង​ប្រព្រឹត្ត​​មានរយៈ៣​ថ្ងៃ​ ​ចាប់ពីថ្ងៃ​ទី​១៣-១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង និង​បន្ត​គាំទ្រ​នូវ​យុទ្ធនាការ​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក ក្រោម​ពាក្យស្លោក »​ស្នេហា​ជាតិ ត្រូវ​ស្គាល់​ទឹកដី​” ។

ការ​ប្រកាស និង​ដាក់​ចេញ​នូវ​កញ្ចប់​ទស្សនកិច្ច​ក្នុងស្រុកជា​យន្តការ​ចាំបាច់​ ដែល​អាច​ឆ្លើយ​តប​នឹង​តម្រូវការ ពិសេស​រក្សា​បាន​នូវ​លំហូរ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​កម្ពុជា ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម Covid-19 នេះ​។ ជាង​នេះ​ទៀត ក្រសួងទេសចរណ៍​ក៏​បាន​ដាក់​ចេញ​នូវ​កញ្ចប់​ទស្សនកិច្ច​មក​កាន់​ខេត្តបាត់ដំបង​ សម្រាប់​ពិធីបុណ្យ​ទន្លេ​លើក​ទី​០៦នេះ​ផង​ដែរ ដោយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​គោលដៅ​ខេត្ត បន្ទាយមានជ័យ (​ប្រា​សាទ និង​សហគមន៍​បន្ទាយឆ្មារ អាង​ជើង​ក្រុស​) និង​ខេត្តសៀមរាប​ផង​ដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ថា ខេត្តបាត់ដំបង​មាន​គោលដៅ​ទេសចរណ៍​ប្រមាណ៤៦​កន្លែង ដែល​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​កម្សាន្ត​បាន មាន​ដូច​ជា រមណីយដ្ឋាន​ឡូ​រី ជើងភ្នំ​បាណ​ន់ ប្រាសាទឯកភ្នំ ភ្នំ​សំពៅ ល្អាង​១០០ អាង​កំពីងពួយ ទឹកធ្លាក់​ចំការ​ស្វាយ សេក​សក សារៈមន្ទីរ​ប្រវត្តិសាស្ត្រ​ខេត្ត ជាដើម ។​ល​។ ដោយ​សំអាង​ទៅ​លើ​វិធានការ​នានា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ខណៈ​ដែល​ខេត្តបាត់ដំបង​មិន​មាន​ករណី​ជំងឺ​កូ​វីត​១៩ (COVID-19) នោះ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ទៅ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​មានការ​ព្រួយបារម្ភ​ពី​ឆ្លង​នៃ​ជំងឺ​នេះ ហើយ​ចូលរួម​លេង​បុណ្យ​ទន្លេ​នៅ​ក្នុង​ខេត្តបាត់ដំបង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើក​ឡើង​ថា ដ្បិតថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​រក​ឃើញ​ការ​កើត​ជំងឺ​កូ​វីត​១៩ ចំនួន​៥​ករណី​ក៏​ដោយ​ចុះ​។ តែ​ករណី​ទាំង​៥​នេះ គឺ​សុទ្ធតែ​ជា​ជនជាតិ​បរទេស ដែល​កើតមក​ពី​ខាងក្រៅ ហើយ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្តសៀមរាប ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន​។ លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា អ្នក​ដែល​មាន​ទាក់ទង​ជា​បុរស​ជនជាតិ​ខ្មែរ និង​ជនជាតិ​ជប៉ុន ត្រូវ​បាន​យក​ទៅ​ពិនិត្យ និង​តេស្ត​សុខភាព គឺ​មិន​មាន​ឆ្លង​ជំងឺ​កូ​វីត​១៩​នោះ​ឡើយ ។ បន្ថែម​ពីលើ​នោះ ក្រសួងសុខាភិបាល​បាន​អះអាង​ថា កម្ពុជា​មិន​មាន​ករណី​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​នោះ​ឡើយ​។

អត្ថបទសរសេរ ដោយ