បាឋកថា​ស្តី​ពី «​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​​ពុក​រលួយ​» ជូន​ដល់​ថ្នាក់ដឹកនាំ ​និង​មន្ត្រី​រាជការ​គយ​និង​រដ្ឋាករ


នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ០៤​រោច ខែ​ផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០២០ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​ព​ប​) រៀបចំ​បាឋកថា​ស្តី​ពី «​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​» ក្រោម​អធិបតីភាព ឯកឧត្តម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​នៃ អគរ​។

ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​គូសបញ្ជាក់​ពី​វឌ្ឍនភាព​ការងារ​អភិបាលកិច្ច កិច្ច​សម្រួល​​ពាណិជ្ជកម្ម និង​ការ​អនុវត្ត​ដោយ​ជោគជ័យ​នូវ​កម្មវិធី​កំណែទម្រង់​និង​ទំនើប​កម្ម​រដ្ឋបាល​គយ​នា​ពេល​កន្លង​មក ជា​ពិសេស​ការ​ស្តែង​ឡើង​នូវ​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​តាម​រយៈ​កំណើន​នៃ​ការ​ប្រមូល​ចំណូល​ជា​មធ្យម​ប្រមាណ​១៩.៥% ក្នុង​១​ឆ្នាំ​។

ជាក់ស្តែង ក្នុង​ឆ្នាំ​២០១៩ អគរ ប្រមូល​ពន្ធ​និង​អាករ​បាន​លើស​ផែនការ​ប្រមាណ​ជាង ៤២% ហើយ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤ ចំណូល​ពន្ធ​អាករ​ដែល អគរ សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩ នេះ បាន​កើនឡើង​ជាង​២​ដង ពី ៥.៣​ទ្រី​លាន​រៀល ដល់ ១៣​ទ្រី​លាន​រៀល ឬ​ពី​ប្រមាណ ១,៣១៨.៨​លាន​ដុល្លារ​អា​មេ​រិ​ក ដល់ ៣,២១៥.២​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្នុង​បាឋកថា​នេះ ឯកឧត្តម ឃាង សេង បាន​លើក​ឡើង​ពី​គោលបំណង​គន្លឹះ​នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ ពុក​រលួយ ដើម្បី​បង្ការ​និង​ទប់ស្កាត់​បុគ្គល​គ្រប់​រូប​មិន​ឱ្យ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​តាម​រយៈ​បាវចនា ៣​ចំណុច​គឺ «មិន​ចង់ មិន​អាច និង​មិន​ហ៊ាន ប្រព្រឹត្ត​អំពើ​ពុក​រលួយ​»​។ បន្ទាប់​មក ឯកឧត្តម​ក៏​បាន​បង្ហាញ​ផង​ដែរ​ពី​ប្រវត្តិ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ស្ថាប័ន​ប្រឆាំង​អំពើ​ពុក​រលួយ អំណាច​ស៊ើបអង្កេត ប្រភេទ​បទល្មើស​ពុក​រលួយ និង​របៀប​នៃ​ការ​ដាក់​ពាក្យ បណ្តឹង​ជាដើម​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និង​កំពុង​អនុវត្ត​ការងារ​របស់​ខ្លួន​ដែល​គាំទ្រ​ដោយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​ក្រមព្រហ្មទណ្ឌ​និង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​។ បទ​បង្ហាញ​នេះ បាន​រំលេច​ពី​ប្រភេទ​នៃ​បទល្មើស​អំពើ​ពុក​រលួយ ដែល​មន្ត្រីរាជការ​សាធារណៈ​ត្រូវ​យកចិត្តទុកដាក់​គឺ​បទល្មើស​ស៊ី​-​សូក ដែល​មាន​បទ​ស៊ី​សំណូក បទ​សូកប៉ាន់ បទ​វិ​តិ​ក្រម បទ​ជំនួញ​ឥទ្ធិពល​អកម្ម​និង​សកម្ម បទ​រំលោភ​អំណាច បទ​មានទ្រព្យ​សម្បត្តិ​ដោយ​ខុសច្បាប់ និង​បទ​ទទួលផល​បន្ត​ពី​បទល្មើស​ពុក​រលួយ​ជាដើម​។

ជា​រួម អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​លើក​កម្ពស់​អភិបាលកិច្ច និង​នីតិរដ្ឋ ព្រមទាំង​ចូលរួម​អនុវត្ត​និង​ដើរតួ​នាទី​ជា​កញ្ចក់​សម្រាប់​ឆ្លុះ​បញ្ចាំង​ការ​អនុវត្ត​របស់​ស្ថាប័ន​សាធារណៈ និង​បុគ្គល​ពាក់ព័ន្ធ ដើម្បី​កែ​លម្អ​សេវា កិច្ច​ប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន ប្រកបដោយ​តម្លាភាព សុច្ចរិត​ភាព​ស្រប​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

បទ​បង្ហាញ​អំពី​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​នេះ បាន​បង្កើន​នូវ​ចំណេះដឹង​បន្ថែម​ទៀត​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​គ្រប់​ជាន់ថ្នាក់ នូវ​ខ្លឹមសារ​នៃ​បទល្មើស​ពុក​រលួយ និង​ផលវិបាក​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​នេះ ហើយ​ប្រែ​ក្លាយជា​កម្លាំង​ច​លករ​ជំរុញ​ឱ្យ​មន្ត្រី​គយ​និង​រដ្ឋាករ​ទាំងអស់​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ប្រកបដោយ​ជំនាញ និង​ក្រមសីលធម៌​វិ​ជ្ចា​ជីវៈ ដើម្បី​ពង្រឹង​ការ​កៀរគរ​ចំណូល​ពន្ធ​អាករ​ចូល​ថវិកាជាតិ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។

នា​ឱកាស​នេះ​ដែរ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រគល់​សៀវភៅ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ជូន​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល​ព័ត៌មាន​វិទ្យា​របស់ អគរ ជា​កិច្ចបញ្ចប់​កម្មវិធី​។

រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ