ចុះ​ពិនិត្យ​ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​ទាំង​ក្នុង​និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត


ខេត្ត​សៀម​រា​ប ៖ ​កាលពី​​ថ្ងៃ​ទី​១២ ខែ​មី​នា ឆ្នាំ​២០២០ លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា អមដំណើរ​ដោយ​អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​សហការី​ជំនាញ បាន​ចុះ​ពិនិត្យ​កិច្ចការ​អភិរក្ស​និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​និង​ក្រៅ​បរិវេណ​ប្រាសាទអង្គរវត្ត​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យខាងលើ​​នេះ លោក និង​ក្រុម​អ្នកជំនាញ​បាន​អញ្ជើញ​ទៅ​​កាន់​ការដ្ឋាន​កំណាយ​ស្រះ​ខាងជើង ដើម្បី​តាមដាន​កា​រវិ​វ​ឌ្ឍ​នៃ​ការ​កាយ​កំណក​ដី ការ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ស្រះ និង​ផ្តល់​អនុសាសន៍​កែ​លម្អ​ចំណុច​ខ្វះខាត​ផង​ដែរ​។ បន្ទាប់​ពី​នោះ ក៏​បាន​ចុះ​ពិនិត្យ​មើល​ប្រព័ន្ធ​បង្ហូរទឹក​និង​សម្ភារ (​ទុ​​យោ​) សម្រាប់​ដាក់​ពង្រាយ​តាម​ប្រឡាយ​តូច​ៗ​ដើម្បី​ស្រោចស្រព​ស្មៅ​ក្នុង​បរិវេណ​អង្គរវត្ត​។

ជា​ចុង​ក្រោយ លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​កិច្ចការ​អភិវឌ្ឍន៍​នៅ​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត​ទាក់ទង​នឹង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ជាប់​ប៉ុស្តិ៍​នគរបាល​ការពារ​បេតិកភណ្ឌ មជ្ឈមណ្ឌល​បដិសណ្ឋារកិច្ច ការ​កាត់​ក្រី​មែកឈើ ការ​រៀបចំ​សួន​ស្មៅ ដើមឈើ និង​ពិនិត្យ​ការ​ដាក់​លូ​នៅ​ក្នុង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ថែម​ទៀត​។

លោក ហង់ ពៅ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នកជំនាញ​គ្រប់​ការដ្ឋាន ដែល​បាន​បំពេញការងារ​បាន​ល្អ​ប្រសើរ និង​សម្រេច​ផល​គួរ​ឱ្យ​មោទនភាព​ក្នុង​ការ​រៀបចំ​បរិស្ថាន សណ្តាប់ធ្នាប់ និង​ផ្នែក​បុរាណ​វិទ្យា ដើម្បី​លើក​តម្លៃ​នៃ​រមណីយដ្ឋាន​អង្គរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ