រាជធានីភ្នំពេញ ៖ ប្រធានក្រុមហ៊ុន រ័ត្ន សែនសុភាព និងជាថៅកែផ្សារព្រែកព្នៅ លោកស្រី រ័ត្ន សុភាព បានបួងសួងនៅចំពោះមុខរូបសំណាកលោកតាដំបងដែក និង ដល់វត្ថុស័ក្តិសិទ្ឋិថែរក្សាគាត់ និងដាក់បណ្តាសាឲ្យអ្នកយកលុយគាត់ទំាងអម្បាលម៉ានរលាយក្នុងពេលឆាប់ៗនេះ ។
ការបួងសួង និងដាក់បណ្តាសា ពីសំណាក់លោកស្រី រ័ត្ន សុភាព បែបនេះបានធ្វើឡើង មុនពេលសភាស៊ើបសួរសាលាឧទ្ឋរណ៍ នៅព្រឹកថ្ងៃទី១០ កញ្ញា ២០១៤ បានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ អ្នកស្រី រ័ត្ន សុភាព ប្រធានក្រុមហ៊ុនរ័ត្នសែនសុភាពទទួលម៉ៅការប្រមូលភាស៊ីនៅជុំវិញផ្សារធំថ្មី និងជាថៅកែផ្សារព្រែកព្នៅ ព្រមទាំងយកលុយពីរថយន្ដចតលើផ្លូវសាធារណៈ ជាប់ចោទពីបទរំលោភលើទំនុកចិត្តលើទឹកប្រាក់ជាង១៤ម៉ឺនដុល្លារ ប៉ុន្តែសវនាការនេះ ត្រូវលើកពេលប្រកាសសាលដីកាទៅធ្វើថ្ងៃទី១២ កញ្ញា ២០១៤។
គួររំលឹកថា អ្នកស្រី រ័ត្ន សុភាព ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចាប់ខ្លួននៅចំណុចរង្វង់មូលស្តាតចាស់ ខណៈកំពុងធ្វើដំណើរតាមរថយន្តកាមរីស៊េរីទំនើបមួយគ្រឿង កាលពីព្រឹកថ្ងៃទី០១ សីហា ២០១៤ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ អ្នកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣ តាមមាត្រា៣៩១ , ៣៩២ នៃក្រមព្រហ្មទណ្ឌ។
ទាក់ទិនសំណុំរឿងនេះ ប្រភពបានបង្ហើបឲ្យដឹងថា នៅក្នុងមុខរបរម៉ៅការប្រមូលភាស៊ី និងចំណតយានយន្តនៅជុំវិញផ្សារថ្មីកន្លងមក អ្នកស្រីរ័ត្ន សុភាព បានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនឯកជនមួយ ដោយព្រមព្រៀងគ្នាថា អ្នកស្រីរ័ត្ន សុភាព ព្រមទិញការប្រមូលភាស៊ីទាំងអស់ជាង១៤ម៉ឺនដុល្លារ ប៉ុន្តែក្រោយមក អ្នកស្រីរ័ត្ន សុភាព ពុំទាន់បានប្រគល់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យាឡើយ ទើបភាគីម្ខាងទៀតដែលប្រភពមិនបង្ហាញឈ្មោះ ប្ដឹងអ្នកស្រីរ័ត្ន សុភាព មកតុលាការតែម្តង៕
ចែករំលែកព័តមាននេះ