ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិនិត្យ​រក​សារធាតុ​ញៀន​ក្នុង​ក្លិប​បាល់ទាត់​មួយ​ធ្វើ​ឱ្យ​រសើប​ដល់​កីឡា​ផ្សេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​ក្លាយជា​ក្លិប​ដំបូង​គេ​ក្នុង​ចំណោម​ក្លិប​បាល់ទាត់​ដែល​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ធ្វើតេស្ត​ទឹកនោម​កីឡាករ​និង​ក្រុមការងារ​ស្វែងរក សារធាតុ​ញៀន​បង្ហាញ​ភាព​ស្អាតស្អំ បាន​ធ្វើ​ឱ្យ​កើត​មាន​ច​លករ​ក្នុង​ចំណោម​អ្នកកីឡា​ជា​ច្រើន ដោយ​ពួក​គេ​បង្ហាញ​ទំនោរ​ចង់ឱ្យ​មាន​វិធានការ​បែប​នេះ​នៅ​ក្នុង​វិស័យ​កីឡា ។ អ្នក​ស្នេហា​វិស័យ​កីឡា​បាន​ទទូច​ថា បើ​ក្នុង​វិស័យ​កីឡា​ផ្សេង​មានការ​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​ច្បាស់លាស់ នោះ​កីឡាករ​ក្នុង​វិស័យ​ទាំងឡាយ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​ក្លាយជា​ក្លិប​ដំបូង​គេ​ក្នុង​ចំណោម​ក្លិប​បាល់ទាត់​ដែល​ឈ្នះ​ពានរង្វាន់​ក្របខ័ណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ធ្វើតេស្ត​ទឹកនោម​កីឡាករ​និង​ក្រុមការងារ​ស្វែងរក សារធាតុ​ញៀន​បង្ហាញ​ភាព​ស្អាតស្អំ បាន​ធ្វើ​ឱ្យ​កើត​មាន​ច​លករ​ក្នុង​ចំណោម​អ្នកកីឡា​ជា​ច្រើន ដោយ​ពួក​គេ​បង្ហាញ​ទំនោរ​ចង់ឱ្យ​មាន​វិធានការ​បែប​នេះ​នៅ​ក្នុង​វិស័យ​កីឡា ។

អ្នក​ស្នេហា​វិស័យ​កីឡា​បាន​ទទូច​ថា បើ​ក្នុង​វិស័យ​កីឡា​ផ្សេង​មានការ​ធ្វើតេស្ត​ទឹកនោម​ដើម្បី​រក​សារធាតុ​ញៀន​ច្បាស់លាស់ នោះ​កីឡាករ​ក្នុង​វិស័យ​ទាំងឡាយ គឺ​ពិតជា​មាន​បម្រុង​ប្រយ័ត្ន និង​មាន​ភាព​ស្អាតស្អំ​មិន​ខាន ។

ការ​ពិនិត្យ​ទឹកនោម​ស្វែងរក​សារធាតុ​ញៀន ជា​គំរូ​មួយ​ដ៏​ល្អ​នៅ​ក្នុង​វិស័យ​បាល់ទាត់​នេះ គឺជា​វិធាន​ការ​មួយ​នៅ​ក្នុង​វិស័យ​កីឡា ដែល​មិន​មាន​ន័យ​ថា​ល្អ និង​ជា​គំរូ​តែ​សម្រាប់​ក្លិប​បាល់ទាត់​នោះ​ទេ តែ​នឹង​ក្លាយជា​គំរូ​នៅ​ក្នុង​វិស័យ​កីឡា​ទាំងមូល ។ ការ​ចាប់អារម្មណ៍​នេះ គឺ​បន្ទាប់​ពី​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២០ បាន​ធ្វើតេស្ត​ទឹកនោម​រកសា​ធាតុ​ញៀន​ដល់​កីឡាករ គ្រូបង្វឹក និង​ក្រុមការងារ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ និង​ភាព​ជា​គំរូ​ដល់​ក្លិប​ដទៃ ដើម្បី​រំលឹក​ដល់​កីឡាករ​គ្រប់​រូប​ផង​ថា បើ​ការ​ធ្វើតេស្ត​រក​ឃើញ​សារធាតុ​ញៀន នោះ​នឹង​ត្រូវ​បាត់បង់​អាជីព ។ អ្វី​ដែល​អង្គ​រថា​យ​ហ្គឺ​រ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធានា​គុណភាព​ក្នុង​ក្រុម​ក៏​ដូច​ជា​បង្ហាញ​ពី​ភាព​ស្មោះត្រង់​របស់​ពួក​គេ​ដល់​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ ។

ប្រធាន​ក្លិប​ធ្លាប់​បាន​បញ្ជាក់​ថា ក្លិប​បាល់ទាត់ អង្គ​រថា​យ​ហ្គឺ​របា​ន​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​​ញៀន​នៅ​មន្ទីរ​ព្យាបាល​Life Care Clinic ដល់​កីឡាករ​រួម​ទាំង​ក្រុមការងារ ដើម្បី​ធានា​ឲ្យ​បាន​នូវ​គុណភាព និង​គំរូ​ក៏​ដូច​ជា​ចង្អុលបង្ហាញ ដល់​អ្នកគាំទ្រ និង​សហគមន៍​បាល់ទាត់​កម្ពុជា​ថា ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ស្អាតស្អំ គ្មាន​សកម្មភាព​ខុសច្បាប់​ណាមួយ​នោះ​ទេ ។ ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​បាន​សរសេរ​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ឆ្នាំ​២០២០ ។ ទ​ង្វើ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​រួមចំណែក​បោសសម្អាត​ភាព​មិន​ស្អាតស្អំ​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា ពាក់ព័ន្ធ​ការ​ប្រើ​ប្រាស់​សារធាតុ​លើក​កម្លាំង​ផង​ដែរ ។

អ្នក​ឃ្លាំមើល​វិស័យ​កីឡា​ភាគច្រើន​បាន​លើក​ឡើង​ថា ប្រសិនបើ​បណ្ដា​ក្លិប និង​សហព័ន្ធ​នៅ​ក្នុង​វិស័យ​កីឡា ជា​ពិសេស​សហព័ន្ធ​ប្រដាល់ មាន​វិធានការ​ស្វែងរក​សារធាតុ​ញៀន​បែប​នេះ គឺជា​រឿង​ប្រសើរ​ណាស់ ដោយសារ​តែ​ក្នុង​វិស័យ​នេះ តែង​មាន​លេចឮ​ករណី​កីឡាករ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​មួយ​ចំនួន ។ ជាក់ស្ដែង​រឿងអាស្រូវ​ដ៏​កក្រើក​របស់​កីឡាករ សូ​យ ភារ​ម្យ ដែល​​បច្ចុប្បន្ន​បាន​ប្ដូរ​ឈ្មោះ​មក​ប្រឡូក​ក្នុង​អាជីព​ប្រដាល់​វិញ​គឺ​ភស្តុ​តាង​ស្រាប់ ។ គ្រូបង្វឹក​មួយ​ចំនួន​ក៏​ធ្លាប់​ប្រាប់​រឿងរ៉ាវ​កូនសិស្ស​ខ្លួនឯង​ថា ជា​ក្មេង​លេង​គ្រឿងញៀន ដែល​ពេល​ខ្លះ​ពិបាក​ប្រដៅ​ផង​ដែរ ។

ដំណឹង​នេះ ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ ប៉ុន្តែ​មិន​អាចយ​កមក​ផ្សព្វផ្សាយ​ជា​ចំហ​បាន ដោយសារ​តែ​កីឡាករ​ទាំងនោះ​ត្រូវ​បាន​គេ​ប្រកាស​ថា ពេល​មាន​លុយ​ក៏​ភ្លើតភ្លើន​ហិត​គ្រឿងញៀន ហើយ​ពេល​ត្រូវការ​ផ្ដាច់ ក៏​ត្រូវ​ឪពុក​ម្ដាយ​យក​មក​ផ្ញើ​ក្នុង​ក្លិប​ប្រដាល់​ឡើង​វិញ ដើម្បី​ផ្ដាច់​គ្រឿងញៀន​ផង និង​ដើម្បី​ឱ្យ​ក្លាយជា​កីឡាករ​អាជីព​ផង​។

គ្រូបង្វឹក​ភាគច្រើន​បាន​សារភាព​ថា កីឡាករ​នៅ​ក្នុង​វិស័យ​ប្រដាល់​ច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​សារធាតុ​ញៀន​នេះ ដោយសារ​តែ​ភាគច្រើន អ្នក​ដែល​សម្រេចចិត្ត​ចូល​ប្រដាល់ ច្រើន​ជា​ក្មេង​មិនសូវ​មានចំណេះ​ដឹង មិនសូវ​ស្ដាប់​ឪពុក​ម្ដាយ និង​ភ្លើតភ្លើន​ជាមួយ​ក្មេង​ក្រៅសង្គម ។

យ៉ាងណា​ក៏​ដោយ​មានការ​បញ្ជាក់​ថា នៅ​ក្នុង​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា សម្រាប់​វិស័យ​ប្រដាល់​១ ប្រសិនបើ​ដាក់​លក្ខខណ្ឌ​ថា រក​ឃើញ​អ្នកមាន សារធាតុ​ញៀន គឺ​ត្រូវ​បណ្ដេញចេញ ប្រាកដ ជា​អស់​កីឡាករ​នៅ​ក្នុង​វិស័យ​នោះ​មិន​ខាន ដោយសារ​តែ​កីឡាករ​មួយ​ចំនួន​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ជាប់​ពាក់ព័ន្ធ ខណៈ​ដែល​ក្នុង វិស័យ​នេះ​ត្រូវ​បាន​គេ​អះអាង​ថា អង្វរ​កីឡាករ ឱ្យ​នៅ​តស៊ូ​ច្រើន​ជាង​ដាក់​សម្ពាធ ។

យ៉ាងណា មិ​ញ បណ្ដា​អ្នក​រៀបចំ​កីឡាប្រដាល់​បាន​ថ្លែង បញ្ជាក់​ថា កីឡាករ​នៅ​ក្នុង​វិស័យ​ប្រដាល់​ពិតជា​មាន​អ្នក​ពាក់ព័ន្ធ​នឹង​សារជាតិ​ញៀន តែ​សម្រាប់​កីឡាករ​មួយ​រូប​ៗ ដែល​កំណត់​ឱ្យ​ឡើង​ប្រដាល់ គឺ​ទាល់តែ​ពិនិត្យ​ឃើញ​ថា​គ្មាន សារធាតុ​ញៀន ឬ​ប៉ូវ​កម្លាំង ដោយ​អ្នក​ទទួល ខុស​ត្រូវ​ទាំងនោះ​បញ្ជាក់​ថា សម្រាប់​អ្នក​ប្រកួត គឺ​សុទ្ធតែ​បាន​ពិនិត្យ​មុន​ដោយ​មិន​មាន​សារធាតុ ញៀន​ទេ ចំណែក​អ្នកមាន​បញ្ហា​ពាក់ព័ន្ធ​គឺ​សុទ្ធតែ​ជា​កីឡាករ​ដែល​មិនសូវ​មាន​ទីផ្សារ​ប៉ុណ្ណោះ​៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ