រាជធានីភ្នំពេញ ៖ បន្ទាប់ពីសម្ភោធដំណើរសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ-ព្រះសីហនុបានសាងសង់បានប្រមាណ២០ភាគរយ ហើយដោយគម្រោងនឹងបិទបញ្ចប់នៅឆ្នាំ២០២០ ដោយសំខាន់ថវិកាជាង២០០០លានដុល្លារអាមេរិក ។ យោងតាមបណ្តាញសង្គមរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅក្នុងជំនួបសំណេះសំណាលជាមួយនាយទាហានសកម្មជំនាន់ទី២៣ ចំនួន២៥៦នាក់ ដែលមកបំពេញទស្សនៈកិច្ចសិក្សាស្វែងយល់អំពីការរីកចម្រើនរបស់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ។
លោក គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុបានធ្វើបទបង្ហាញទាក់ទងបទពិសោធន៍ និងស្ថានភាពនៅខេត្តព្រះសីហនុថា ដើម្បីជាការចែករំលែកនូវបទពិសោធន៍ទាក់ទិនជាមួយខេត្តតំបន់ឆ្នេរដែលមានភាពល្បីល្បាញផ្សារភ្ជាប់ជាមួយសម្តេចរតនកោដ្ឋ ដែលបានកសាងខេត្តព្រះសីហនុ នៅដើមទសវត្សរ៍ ៥០ ជំរុញការអភិវឌ្ឍកំពង់ផែ និងផ្លូវជាតិលេខ៤ធ្វើឱ្យលំហូរទេសចរណ៍ជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ និងការដឹកជញ្ជូនទំនិញចេញ-ចូលផ្តើមចេញពីសក្តានុពល និងឆ្នេរសមុទ្ររបស់យើង ។ លោកបន្តថា ចំណុចនេះបានដើមចេញពីរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍខេត្តព្រះសីហនុផ្តល់ឱកាសឱ្យខេត្តស្រូបយកថវិកាតាមរយៈទេសចរណ៍ និងការដឹកជញ្ជូនវិនិយោគ ផ្តើមចេញពីការអភិវឌ្ឍធ្វើឱ្យអត្រាកំណើន សេដ្ឋកិច្ចជាតិមានជាង៧ភាគរយ ក្នុងមួយឆ្នាំ សេដ្ឋកិច្ចកម្ពុជារឹងមាំមានសុខសន្តិភាពធ្វើឱ្យសេដ្ឋកិច្ចខេត្តព្រះសីហនុ លូតលាស់យ៉ាងឆាប់រហ័ស ។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលបានកំណត់យកខេត្តព្រះសីហនុជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង និងបានជំរុញខេត្តព្រះសីហនុជាខេត្តទីផ្សារហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគាំទ្រដល់អ្នកវិនិយោគ និងទេសចរណ៍របស់យើង ។ លោកអភិបាលខេត្តក៏បានគូសបញ្ជាក់ថា៖«ការអភិវឌ្ឍខេត្តឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានកសាងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ មកដល់បច្ចុប្បន្នការសាងសង់បានប្រមាណជា២០ភាគរយ ហើយគ្រោងនិងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ ចំណាយប្រាក់ប្រមាណ២.០០០លានដុល្លាអាមេរិកទន្ទឹមនោះព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ កំពុងត្រូវបានកសាងអភិវឌ្ឍន៍ពង្រីកជាបន្តបន្ទាប់ ដើម្បីឱ្យយន្តហោះធុនធំចុះចតឆ្លើយតបទៅនឹងការរីកចម្រើនរបស់ខេត្តដែលមានការវិនិយោគ និងអ្នកទេសចរណ៍មកលេងកម្សាន្តមានការកើនឡើងជារៀងរាល់ឆ្នាំ » ។
លោកលើកឡើងទៀតថា កំពង់ផែខេត្តព្រះសីហនុស្រូបយកទំនិញប្រមាណជា៧០ភាគរយនៃទំនិញក្នុងក្របខណ្ឌទូទាំងប្រទេសកំពុងផែយើងបច្ចុប្បន្ននៅតូចយើង និងបន្តពង្រឹងជាផែទឹកជ្រៅ ដើម្បីឱ្យនាវាធុនធំចូលចតដឹកជញ្ជូនទំនិញទៅកាន់ពិភពលោកដោយសារតែផែយើងបច្ចុប្បន្ននៅតូចមិនទាន់ធ្វើការដឹកជញ្ជូនទំនិញត្រង់ទៅកាន់ពិភពលោកបានទេ ៕
ចែករំលែកព័តមាននេះ