ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ចរាចរ​ណ៍​ខេត្ត​​ផ្ដើម​ចាប់​អ្នក​ជិះ​បំពាន​​ច្បាប់មក​​​ដុះក្អែល​​​ចេញ​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត បាន​ចុះ​អនុវត្ត​ច្បាប់​ដែល​ជា​ការ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​លើក​ដំបូង ចំពោះ​អ្នក​ជិះ​ម៉ូតូ​និង​អ្នកបើកបរ​រថយន្ត ដែល​មិន​គោរព​ច្បាប់ (​មិន​ពាក់មួក​សុ​វត្ថិភាព និង​ជិះ​បញ្ច្រាសទិស​) នៅ​ត្រង់​ចំណុច​ផ្សារ​ធំ​បាត់ដំបង​ (​ផ្សារណាត់​)…

ខេត្តបាត់ដំបង​ ៖ កម្លាំង​នគរបាល​ការិយាល័យ​ចរាចរ​ណ៍​ផ្លូវគោក​នៃ​ស្នងការ​ខេត្ត បាន​ចុះ​អនុវត្ត​ច្បាប់​ដែល​ជា​ការ​ចាប់ផ្ដើម​រៀបចំ​សណ្ដាប់ធ្នាប់​លើក​ដំបូង ចំពោះ​អ្នក​ជិះ​ម៉ូតូ​និង​អ្នកបើកបរ​រថយន្ត ដែល​មិន​គោរព​ច្បាប់ (​មិន​ពាក់មួក​សុ​វត្ថិភាព និង​ជិះ​បញ្ច្រាសទិស​) នៅ​ត្រង់​ចំណុច​ផ្សារ​ធំ​បាត់ដំបង​ (​ផ្សារណាត់​) ក្នុង​ក្រុង​បាត់ដំបង នៅ​ព្រឹក​ថ្ងៃ​ទី១០​ម ីនា ហើយនឹង​ត្រូវ​អនុវត្ត​បន្ថែម​ទៀត ទៅ​លើ​អ្នកលក់​ដូរ​ដែល​គ្មាន​របៀប នៅ​លើ​ដងផ្លូវ​ជុំវិញ​ផ្សារណាត់​នេះ ខណៈ​កម្លាំង​នគរបាល​សណ្ដាប់ធ្នាប់​ និង​អាជ្ញាធរ​ក្រុង ហាក់​ស្ពឹក​ដៃជើង​មិន​កម្រើក ​។

លោក​ឧត្តម​សេនី​យ៍ត្រី ប៉ែន ឬ​ទ្ធី ស្នងការ​រង​ខេត្តទ​ទួល​ផែន​សណ្ដាប់ធ្នាប់បាន​មាន​ប្រសា​ស​ន៍​ថា នេះ​ជា​ការ​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ និងសណ្ដាប់​នៅ​តាម​ដងផ្លូវ​នានា​ នៅ​ក្នុង​ក្រុង​បាត់ដំបង ជា​ពិសេស​នៅ​ម្ដុំ​ផ្សារណាត់​នេះ​តែ​ម្ដង ​។ លោកស្នងការ​រង​បាន​ប្រាប់​ថា ដំបូង​នេះ​ យើង​បាន​ចាប់ផ្ដើម​អនុវត្ត​ទៅ​លើ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព អ្នកបើកបរ​បញ្ច្រាសទិស និងយានយន្ត​ដែល​ចត​គ្មាន​សណ្ដាប់ធ្នាប់ ដែល​កំពុង​បង្ក​ភាព​រញ៉េរញ៉ៃ​ខ្លាំង​បំផុត នៅ​លើ​កំណាត់​ផ្លូវ​លេខ​៣ ត្រង់​ចំណុច​ខាងលិច​ផ្សារណាត់​នេះ ដែល​មន្ត្រី​ជំនាញ​បាន​ចុះ​អប់រំ និងណែនាំ​ច្រើន​លើក​ហើយ តែ​គ្មាន​ប្រសិទ្ធភាព​។

សូម​បញ្ជាក់​ថា ផ្សារ​ធំ​បាត់ដំបង (​ផ្សារណាត់​) ជា​ផ្សារ​របស់ ​«​រដ្ឋ​» ដែល​មា​នទី​តាំងនៅ​ចំ​កណ្ដាល​ក្រុង​បាត់ដំបង តែ​បច្ចុប្បន្ន​ផ្សារ​នេះ ត្រូវ​រដ្ឋ​ប្រគល់​សិទ្ធ​ិឱ្យ​​ទៅ​ក្រុមហ៊ុន​ឯក​ជន​គ្រប់គ្រង​ជំនួស​វិញ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រីខេត្ត​។ ប៉ុន្តែ​ក្រុមហ៊ុន​ឯកជន​នេះ ហាក់​មិន​បាន​គោរព ឬអនុវត្ត​ទៅ​តាម​សៀវភៅ​បន្ទុក និងកិច្ចសន្យាជួលរវាង​ភាគី​រដ្ឋ ​និង​ភាគី​ក្រុមហ៊ុន​ឡើយ​។ មន្ត្រី​មួយ​រូប​ធ្លាប់​និយាយ​ថា នៅ​ក្នុង​សៀវ​ភៅ​បន្ទុក ឬ កិច្ចសន្យាជួល​ផ្សារណាត់​នេះ គ្មាន​ចំណុច​ណាមួយ ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន យក​ផ្លូវ​សាធារណៈ​នៅ​ជុំវិញ​ផ្សារ​នេះ ធ្វើ​ជាទី​កន្លែង​សម្រាប់​ឲ្យ​អាជីវករ​លក់ដូរ​យ៉ាង​រញ៉េរញ៉ៃ​ដូច​សព្វ​ថ្ងៃនេះ​ទេ​។

មន្ត្រី​ដដែល​បាន​លើក​ឡើង​ថា នៅ​ក្នុង​ច្បាប់​មាន​តែ​ការ​ណែនាំ និងតម្រូវ​ឲ្យ​ភាគី​ក្រុមហ៊ុន ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​លើ​ដងផ្លូវ​ជុំវិញ​ផ្សារ និងថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ​។ ផ្ទុយ​ទៅ​វិញ អ្នក​ទ​ទូល​សិទ្ធ​ិវិនិយោគ​លើ​ផ្សារ​នេះ មិន​បាន​គោរព ​ឬ​អនុវត្ត​តាម​ការ​ណែនាំ នៅ​ក្នុង​សៀវភៅ​បន្ទុក​ឬ​កិច្ចសន្យាជួល​ឡើយ បែរជា​រៀបចំ​ឲ្យ​មានការ​លក់ដូរ​យ៉ាង​អនា​ធិ​ប​តេ​យ្យ​ពេញ​លើ​ដងផ្លូវ ស្ទើរ​មិន​អាច​ធ្វើ​ដំណើរ​កើត និង​កកស្ទះ​ចរាចរ​ណ៍​​រាល់ថ្ងៃ​។ រីឯ​អាជ្ញាធរ​ក្រុង ឬ មន្ត្រី​សណ្ដាប់ធ្នាប់​ក្រុង បែរជា​ធ្វើ​មិនដឹងមិនឮ ធ្វើ​ជា​មើល​មិន​ឃើញ​ចំពោះ​ភាព​រញ៉េរញ៉ៃ​នេះ ហើយ​ផ្ដល់​ឪ​កាស​ដល់​អ្នកគ្រប់គ្រង​ផ្សារ​យក​ផ្លូវ​ធ្វើ​អាជីវកម្ម​ប្រមូល​លុយ​តាម​អំពើ​ចិត្ត មិន​ខ្វល់​ពី​ការ​បាត់បង់​សណ្ដាប់ធ្នាប់​ឡើយ​។

មន្ត្រី​រូប​នេះ​ បាន​លើក​ជា​យោបល់​ថា ការ​រៀបចំ​សណ្ដាប់ធ្នាប់​ ឬ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់ គឺជា​ការ​ងាយ​បំផុត សំខាន់​តើ​អាជ្ញាធរ​ក្រុង ឬខេត្ត មាន​ឆន្ទះពិតប្រាកដ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឬ​អត់? ប៉ុន្តែ បើ​នាំ​គ្នា​គិតតែ​ពី​ផល​ប្រ​យោ​ជ​ន៍​រៀង​ៗ​ខ្លួន​ដូច​សព្វ​ថ្ងៃនេះ គឺ​មិន​អាច​ដោះស្រាយ​បាន​ឡើយ តែបើ​អាជ្ញាធរ​ចាប់ផ្ដើម​រួម​គ្នា​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព «​ផ្សារណាត់​» នេះ​នឹង​ក្លាយជា​ផ្សារ​គំរូ​មួយ ដែល​មាន​សោ​ភណ្ឌ​​ភាព​ល្អ​បំផុត នៅ​ចំ​កណ្ដាល​ទីក្រុង​បាត់ដំបង ដែល​ជាទី​ក្រុង​ទេសចរ​ណ៍​បុរាណមួយ​ដ៏​ល្បី​។ ជាមួយនឹង​ការ​ចុះ​អនុវត្ត​ច្បាប់​នេះ មន្ត្រី​ចរាចរ​ណ៍ក៏​បាន​រិះគន់​ផង​ដែរ ចំពោះ​អាជ្ញាធរ​ក្រុង និង មន្ត្រី​សណ្ដាប់ធ្នាប់​ក្រុង ដែល​មិន​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង នូវ​បញ្ហា​សណ្ដាប់ធ្នាប់​ជុំវិញ​ផ្សារណាត់​នេះ​។

ឈរ​ផ្លុំ​កញ្ចែ​ក្រោម​កំ​ដៅ​ថ្ងៃ​បែកញើស​រហាម ដែល​ទំនងជា​ហត់​ពេក មន្ត្រី​ចរាចរ​ណ៍ម្នាក់ បាន​លើក​ឡើង​ថា «​ពិតមែនតែ​ការ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ជា​ភារកិច្ច​នគរបាល​ច​រារ​ច​ណ៍ តែ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​នានា​នៅ​លើ​ផ្លូវ​សាធារណៈ​ឬ​នៅ​ម្ដុំ​ផ្សារ​នេះ គឺជា​ភារកិច្ច​របស់​សាលាក្រុង និង មន្ត្រី​សណ្ដាប់ធ្នាប់ តែ​ពួក​គេ​មិន​ខ្វល់ខ្វាយ​ទេ គឺ​ចាំ​ទ​ទូល​តែ​ផល​ប្រ​យោ​ជ​ន៍​ប៉ុណ្ណោះ​»​ ។ មន្ត្រី​ដដែល​បាន​ចង្អុល​ចំ​ៗ​ថា «​បើ​ខាង​សាលាក្រុង ឬ មន្ត្រី​សណ្ដាប់ធ្នាប់​ក្រុង ឈប់​ទ​ទួល​ផល​ប្រ​យោ​ជ​ន៍​​ពី​ផ្សារ​នេះ​.. ផ្សារ​នេះ​នឹង​ក្លាយជា​ផ្សារ​ដែល​មាន​សណ្ដាប់ធ្នាប់​ល្អ​ប្រសើ​ជាង​ផ្សារ​ដទៃ​ៗ​ទៀត នៅ​ក្នុង​ក្រុង​បាត់ដំបងជា​មិន​ខាន​។ ដូច្នេះ ​អាជ្ញាធរ​ក្រុង គួរតែ​មាន​វិធានការ​ខ្លួនឯង​ខ្លះ​ផង ព្រោះ​មន្ត្រី​នគរបាល​ចរាចរ​ណ៍​ហត់​ពេក​ហើយ​»​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក​ឧត្តម​សេនី​យ៍​ត្រី ប៉ែន ឬ​ទ្ធី ស្នងការ​រង​ខេត្តបាន​ថ្លែង​ថា នៅ​ថ្ងៃ​ចាប់ផ្ដើម​ដំបូង​នៅ​ម្ដុំ​ទីប្រជុំជន ​«​ផ្សារណាត់​»​នេះ យើង​គ្រាន់តែ​អនុវត្ត​ច្បាប់​ជា​ធម្មតា តែ​ក៏​ជា​ការ​ពញ្ញាក់ ចំពោះ​អ្នក​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង អ្នកបើកបរ​បញ្ច្រាស់ទិស​ផង​ដែរ​។ ប៉ុន្តែ​យើង​នឹង​អនុវត្ត​បន្ត​កាន់តែ​ខ្លាំង​ថែម​ទៀត តាម​ផែនការ​លោកស្នងការ​ខេត្ត ចំពោះ​អ្នក​លក់ដូរ​នៅ​ជុំវិញ​ផ្សារ​នេះ​។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​តាម​ផែនការ​ដែល​បាន​មូលមតិ​គ្នា​នៅ​ក្នុង​អង្គប្រជុំ​កន្លង​មក គឺ​មិន​អនុញាត​ឲ្យ​មានការ​ដាក់​លក់ទំនិញ នៅ​លើ​ដងផ្លូវ​ជុំវិញ​ផ្សារណាត់​នេះ​បន្ត​ទៀត​ទេ​។

លោក​ថា នៅ​ក្នុង​ផែនការ គឺ​យើង​បាន​សម្រេច​រក្សា​ទុក​ចំណី​ផ្លូវ​ជុំវិញ​ផ្សារ​ត្រឹម​តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ​ពី​តួ​ផ្សារ ក្រៅពី​នេះ ​មិន​អនុញាត​ឲ្យ​ការ​លក់ដូរ​ទៀត​ឡើយ​។ លោក​នឹង​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​អនុវត្ត​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ទី​១០ មីនា នេះ​តទៅ ដើម្បី​ឲ្យ​ផ្សារ​«​រដ្ឋ​»​នេះ មាន​សោ​ភណ្ឌ​ភាពល្អ ទាក់ទាញ​ភ្នែក​ទេសចរ​ដែល​អញ្ជើញ​មក​ចូលរួម​កំសាន្ត​ក្នុង​ពិធីបុណ្យ​ទន្លេ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​។

ទោះ​យ៉ាងណា អ្នក​បាត់ដំបង នឹង​រង​ចាំ​មើល​ទិដ្ឋភាព​ដ៏​ល្អ និងមាន​របៀប​នៅ​ទីប្រជុំជន នៃ​ផ្សារ​ធំ​បាត់​ដំបង​នេះ ហើយ​សង្ឃឹមថា អ្នក​បាត់ដំបង រួម​ទាំង​ភ្ញៀវ​ទេសចរ​​នានា​ផង នឹង​នាំ​គ្នា​លើក​មេដៃ​ព្រោងព្រាត ដើម្បី​លើកទឹកចិត្ត​ ៕

អត្ថបទសរសេរ ដោយ