សារព័ត៌មាន NHK របស់ជប៉ុនផ្សាយថា ក្រុមហ៊ុនអេជេនស៊ីនៅប្រទេសជប៉ុន បានផុសគំនិតបង្កើតអ្នកស៊ីឈ្នួលសុំទោសជំនួសអ្នកប្រព្រឹត្តខុស ដែលមិនចង់ទៅសុំទោសគូជម្លោះផ្ទាល់ ។ បុគ្គលិកក្រុមហ៊ុនអេជេនស៊ី នឹងបំពេញតួនាទីជំនួសអតិថិជនច្រើនរូបភាពទៀតក្រៅពីសុំទោស ដូចជាបន្លំធ្វើជាឪពុកម្តាយរបស់អតិថិជន ទៅប្រាប់គូស្នេហ៍ឱ្យឈប់ទាក់ទង ឬកាត់ផ្តាច់សម្ព័ន្ធភាពជាមួយខ្លួន ។ បន្លំធ្វើជាប្រពន្ធទូរស័ព្ទទៅចៅហ្វាយនាយដើម្បីសុំច្បាប់ ដោយប្រាប់ថាប្តីកំពុងមានជំងឺជាដើម ។
ក្រុមហ៊ុននោះបានបែងចែកចេញជា៣ផ្នែក គឺ៖
ទី១-ផ្នែក «សាសៃយ៉ា អៃកាប្រូ» ។ ផ្នែកនេះរៀបចំបុគ្គលិកធ្វើដំណើរទៅសុំទោសដោយផ្ទាល់មានតម្លៃ២៥០ដុល្លារ ។ បើស៊ីឈ្នួលសុំទោសតាមទូរស័ព្ទ ឬអីុម៉េលមានតម្លៃ១០០ដុល្លារ ។
ទី២-ផ្នែក «យ៉ូកូហាម៉ា បេនរីយ៉ាណាតចាង» សម្រាប់ផ្តល់កិច្ចពិភាក្សាក្នុងការថ្លែងសុំទោស ។ លើពីនេះមានបុគ្គលិកសម្រាប់យំសោក និងថ្លែងសុំទោសចំពោះអ្នកដែលមានកំហឹង ។
ទី៣-ផ្នែក «នីហុងសាសៃដាយកូកាអូ» រៀបចំឱ្យបុគ្គលិកដើរតួជាមនុស្សក្នុងក្រុមគ្រួសារជាប្រពន្ធ ឬឪពុកម្តាយដើម្បីសុំទោសជំនួសអ្នកប្រព្រឹត្តខុសមានតម្លៃ៣៥ដុល្លារក្នុងមួយម៉ោង ។
ក្រុមហ៊ុនស៊ីឈ្នួលសុំទោសនោះឱ្យដឹងថា អតិថិជនភាគច្រើនជាស្ត្រីមានអាយុពី២០ទៅ៤០ឆ្នាំ ។ ចំពោះមូលហេតុភាគច្រើន ដែលត្រូវសុំទោស គឺបញ្ហាប្រាក់ និងការទាស់ទែងជាលក្ខណៈបុគ្គល ។ មានការរិះគន់ថា ជំនួញបែបនេះបំផ្លិចបំផ្លាញបទពិសោធន៍មូលដ្ឋាន ដែលមនុស្សគួរជួបប្រទះនៅក្នុងជីវិត និងបង្កើតភាពស្មុគស្មាញនៅពេលក្រោយ ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនបញ្ជាក់ថា នៅមិនទាន់មានអតិថិជនណាម្នាក់បញ្ជាក់ថា មានភាពស្មុគស្មាញឡើយ ៕
ចែករំលែកព័តមាននេះ