ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ចិន​ម្នាក់​ដែល​បា.ត់​ខ្លួន​យ៉ាង​ចម្លែក លាលែង​ពី​តួនាទី​ទាំងអស់​នៅ​ក្រុមហ៊ុន​របស់​គាត់

5 ខែ មុន

ប្រទេស​ចិន ៖ មហាសេដ្ឋី​ដ៏​ល្បី​នៅ​ក្នុង​វិស័យ​ធនាគារ​របស់​ប្រទេស​ចិន លោក Bao Fan ដែល​បាត់​មុខ​

ប្រទេស​ចិន ៖ មហាសេដ្ឋី​ដ៏​ល្បី​នៅ​ក្នុង​វិស័យ​ធនាគារ​របស់​ប្រទេស​ចិន លោក Bao Fan ដែល​បាត់​មុខ​ដោយ​ចម្លែក​ជិត​១​ឆ្នាំ បាន​លាលែង​ពី​តួនាទី​ទាំងអស់​នៅ​ក្រុមហ៊ុន​របស់​គាត់​គឺ​ក្រុមហ៊ុន China Renaissance ។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤ កន្លង​ទៅ​។

China Renaissance ក្រុមហ៊ុន​ធនាគារឯកជន​ដ៏​ធំ​បំផុត​មួយ​នៅ​ប្រទេស​ចិន ជំនាញ​ខាង​វិនិយោគ​វិស័យ​បច្ចេកវិទ្យា​ទំនើប​ជាន់ខ្ពស់ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េ​កាំ​ង បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក Bao Fan បាន​សម្រេច​ចុះ​ចេញពី​តំណែង​ទាំងអស់​លើ​ហេតុផល​សុខភាព និង​ចំណាយ​ពេលវេលា​បន្ថែម​ទៀត​ជាមួយ​គ្រួសារ​របស់​គាត់​។

ការ​បាត់​ខ្លួន​ភ្លាម​ៗ ដែល​មិន​អាច​ពន្យល់​បាន​របស់​លោក Bao Fan កាលពី​ខែកុម្ភៈ ឆ្នាំ​មុន បាន​ធ្វើ​ឱ្យ​សហគមន៍​អាជីវកម្ម និង​វិនិយោគ​របស់​ប្រទេស​ចិន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ក្រុមហ៊ុន China Renaissance បាន​ប្រកាស​ថា គាត់​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​សម្រាប់​ការ​ស៊ើបអង្កេត​។

ក្រុមហ៊ុន​បាន​បញ្ជាក់​បន្ថែម​ថា លោក Bao Fan មិន​មានការ​ខ្វែងគំនិត​ជាមួយ​ក្រុមប្រឹក្សាភិបាល​នោះ​ទេ ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ការ​លាលែង​ពី​តំណែង​របស់​គាត់ ដែល​ត្រូវការ​ឱ្យ​មានការ​យកចិត្តទុកដាក់​ពី​បណ្តា​ម្ចាស់​ភាគហ៊ុន​ផង​ដែរ​។ ទោះ​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ គ្មាន​ការ​ផ្តល់​ព័ត៌មាន​លម្អិត​ណាមួយ​ថា លោក Bao Fan ដែល​ជា​ធនាគារិក​ដ៏​ល្បី​បំផុត​ម្នាក់​របស់​ប្រទេស​ចិន និង​មាន​បញ្ជី​អតិថិជន​រួម​បញ្ចូល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Tencent, Alibaba និង Baidu កំពុង​ស្ថិត​នៅ​ទីណា​នោះ​ទេ​។

កាលពី​ខែកុម្ភៈ ឆ្នាំ​មុន ក្រុមហ៊ុន China Renaissance បាន​ប្រកាស​ថា «​ក្រុមប្រឹក្សាភិបាល​បានដឹង​ថា បច្ចុប្បន្ន​លោក Bao កំពុង​សហការ​ក្នុង​ការ​ស៊ើបអង្កេត​មួយ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​អាជ្ញាធរ​មួយ​ចំនួន​របស់​ចិន​។ ក្រុមហ៊ុន​នឹង​សហការ​យ៉ាង​ត្រឹមត្រូវ និង​ជួយ​ជាមួយនឹង​សំណើ​ស្របច្បាប់​ណាមួយ​ពី​អាជ្ញាធរ​ចិន ដែល​ពាក់ព័ន្ធ ប្រសិនបើ និង​នៅ​ពេល​ណា​ដែល​ត្រូវ​បាន​អនុវត្ត​»​។

សេចក្តី​ប្រកាស​នៅ​ដើមខែ​កុម្ភៈ ឆ្នាំ​នេះ គឺជា​លើក​ដំបូង​របស់ China Renaissance សម្រាប់​ការ​ផ្តល់​ហេតុផល​លើ​ការ​បាត់​ខ្លួន​ស្ថាបនិក​របស់​ពួក​គេ​។ ការ​បាត់​ខ្លួន​របស់​លោក Bao Fan ដែល​ទ្រព្យសម្បត្តិ​ប្រមាណ ១.៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បាន​កើតឡើង​ប្រឆាំង​នឹង​បញ្ហា​ផ្ទៃក្នុង​នៃ​ការ​បង្ក្រាប​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​ដោយ​អាជ្ញាធរ​ចិន​។ ជាក់ស្តែង​នៅ​ចុងឆ្នាំ ២០២០ ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma ក៏​បាន​បាត់​ខ្លួន​ពី​សាធារណៈ​អស់​រយៈពេល​៣​ខែ​ផង​ដែរ បន្ទាប់​ពី​បាន​បញ្ចេញមតិ​រិះគន់​ទៅ​លើ​និយតករ​ទីផ្សារ​ចិន​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ