ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេចម៉ាឡេស៊ី ​ចំណាយព្រះរាជទ្រព្យទិញស្លាក​លេខ​ឡាន​ថ្លៃ មិនធ្លាប់មានរបស់ប្រទេស

2 ខែ មុន

ប្រទេសម៉ាឡេស៊ី ៖ ព្រះចៅស៊ុលតង់ Ibrahim Iskandar ដែលទើបឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់

ប្រទេសម៉ាឡេស៊ី ៖ ព្រះចៅស៊ុលតង់ Ibrahim Iskandar ដែលទើបឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានបង្កការភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ដោយព្រះអង្គបានទិញស្លាកលេខរថយន្តពិសេស «GOLD 1» នៅក្នុងតម្លៃរហូតដល់​១.៥លានរីងហ្គីត ស្មើនឹង ៣១៤,៧០០ដុល្លារអាម៉េរិក ដែលបានក្លាយជាស្លាកលេខរថយន្តថ្លៃបំផុតមិនធ្លាប់មានក្នុងប្រទេសម៉ាឡេស៊ី។

ប្រភពពីកាសែត The Straits Times កាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងទៅ បានរាយការណ៍ថា មូលនិធិបានមកពីការដេញថ្លៃនេះ នឹងត្រូវផ្តល់ទៅរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសម៉ាឡេស៊ី។ ស្លាកលេខរថយន្ត «GOLD 1» ត្រូវបានណែនាំនៅក្នុងការប្រារព្ធខួបលើកទី ៥០ ឬ Golden Jubilee នៃទឹកដីសហព័ន្ធម៉ាឡេស៊ី ហើយការដេញថ្លៃសម្រាប់ស្លាកលេខដ៏ពិសេសនេះបានធ្វើឡើងចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយការដេញថ្លៃចាប់ផ្តើមពីតម្លៃ២ម៉ឺនរីងហ្គីត ស្មើនឹង ៤,១៧២​ដុល្លារឡើងទៅ។

ការទិញយកចុងក្រោយបង្អស់របស់ស្តេចស៊ុលតង់ Ibrahim មិនត្រឹមតែដណ្ដើមបានស្លាកលេខដ៏មានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងបានបំបែកកំណត់ត្រាចាស់របស់ព្រះអង្គទៀតផង ដោយកាលពីខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅ ទ្រង់បានឈ្នះការដេញថ្លៃក្នុងតម្លៃ ១.២លានរីងហ្គីត ស្មើនឹង ២៥០,៣០០ដុល្លារ សម្រាប់ស្លាកលេខពិសេស «FF1»។

ប្រភពពី The Straits Times បានឱ្យដឹងថា ក្រៅពីស្លាកលេខពិសេស «GOLD 1» និង «FF1» ព្រះអង្គក៏សព្វព្រះរាជហឬទ័យលើការដេញថ្លៃស្លាកលេខពិសេសផ្សេងទៀតដូចជា កាលពីថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ ២០១២ ព្រះមហាក្សត្របានកាន់កាប់កំណត់ត្រាសម្រាប់ស្លាកលេខថ្លៃបំផុតរបស់ម៉ាឡេស៊ី គឺស្លាកលេខ «WWW1» ដែលមានតម្លៃ ៥២ម៉ឺនរីងហ្គីត ស្មើនឹង ១០៨,៧០៩ដុល្លារ។ នៅឆ្នាំ ២០១៦ ព្រះអង្គឈ្នះការដេញថ្លៃស្លាកលេខពិសេស «F1» តម្លៃ ៨៣៦,៦៦០រីងហ្គីត ស្មើនឹង ១៧៤,៩១៥ដុល្លារ។ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ព្រះអង្គឈ្នះការដេញថ្លៃស្លាកលេខពិសេស «VR46» តម្លៃ ៥៥,០០២រីងហ្គីត ស្មើនឹង ១១,៤៩៨ដុល្លារ។

ប្រភពពីគេហទំព័រ Business Insider បានរាយការណ៍ថា ស្តេចថ្មីរបស់ម៉ាឡេស៊ី គឺជាមហាសេដ្ឋី ដែលមានកងទ័ពផ្ទាល់ព្រះកាយ ក៏ដូចជាយន្តហោះឯកជន៤គ្រឿង ហើយទ្រង់ត្រូវបានគេស្គាល់ដោយ​សារតែការសព្វព្រះរាជហឬទ័យចំពោះគ្រឿងលម្អដ៏ប្រណីតៗ ជាពិសេសរថយន្តស៊េរីចាស់-ថ្មីប្លែកៗ ទំនើបៗតម្លៃថ្លៃ ក៏ដូចជាម៉ូតូ យន្តហោះឯកជន និងសត្វចិញ្ចឹមដ៏កម្រ។ ទ្រង់តែងតែចែករំលែកអំពីព្រះរាជកិច្ច ក៏ដូចជីវិតប្រចាំថ្ងៃដ៏ទាក់ទាញរបស់ព្រះអង្គនៅលើវេទិកាបណ្ដាញទំនាក់ទំនងសង្គម។

ដោយឡែកប្រភពពីគេហទំព័រ Bloomberg ក៏បានរាយការណ៍ថា ព្រះចៅស៊ុលតង់ Ibrahim Iskandar ព្រះជន្ម៦៥ឆ្នាំព្រះវស្សា ស្ថិតនៅក្នុងចំណោមបុគ្គលមានបំផុតក្នុងប្រទេសម៉ាឡេស៊ី ដែលព្រះរាជទ្រព្យគ្រួសាររាជវង្សទ្រង់ត្រូវបានប៉ាន់ស្មានថាមានចំនួន ៥.៧ពាន់លានដុល្លារ។ ព្រះអង្គគ្រប់គ្រងលើអាជីវកម្ម និងការវិនិយោគជាច្រើន ព្រមទាំងព្រះរាជសកម្មភាពបំពេញកិច្ចក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសម្រាប់រដ្ឋចូហូ (Johor) ដែលជារដ្ឋមានប្រជាជនច្រើនលំដាប់ទី២របស់ប្រទេសម៉ាឡេស៊ី។ អាជីវកម្មដ៏ធំទូលាយរបស់ទ្រង់ដែលមានចាប់ពីអចលនទ្រព្យរហូតដល់ទូរគមនាគមន៍ និងរោងចក្រថាមពល ដោយមិននិយាយអំពីការកាន់កាប់ដ៏ធំនៅក្នុងអចលនទ្រព្យបរទេស និងភាគហ៊ុនក្នុងក្រុមហ៊ុនផ្សេងៗទៀត។

ព្រះអង្គមានឥទ្ធិពលខ្លាំងណាស់នៅក្នុងកិច្ចការតំបន់ ដោយទ្រង់បានតស៊ូមតិសម្រាប់ការរស់ឡើងវិញនៃគម្រោងផ្លូវដែកល្បឿនលឿនរវាងសិង្ហបុរី និងទីក្រុងគូឡាឡាំពួ ដែលបានបញ្ឈប់ដោយប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០២១ ដោយសារតែការចំណាយខ្ពស់លើសពី ១០០ពាន់លានរីងហ្គីត ស្មើនឹង ២១ពាន់លានដុល្លារ។ ទ្រង់បានស្នើសុំហិរញ្ញប្បទានឯកជនសម្រាប់គម្រោងនេះ ដោយមានរយៈពេលប្រតិបត្តិការ៣០ឆ្នាំមុនការគ្រប់គ្រងរបស់រដ្ឋាភិបាល។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP ក៏បានរាយការណ៍ថា ស្តេចស៊ុលតង់ Ibrahim Iskandar មានដើមកំណើតម៉ាឡេ-អង់គ្លេសនៃគ្រួសាររាជវង្សចូហូមានទ្រព្យសម្បត្តិ និងអំណាច ក៏ដូចជាប្រមុខដឹកនាំកងទ័ពឯកជនផ្ទាល់ព្រះកាយ។ ប្រវត្តិគ្រួសាររាជវង្សទ្រង់ជាមួយសហគមន៍ជនជាតិចិនបានរម្លឹកដល់ព្រះអយ្យកោទ្រង់ ព្រះអង្គម្ចាស់ Abu Bakar ដែលបានជំរុញការលូតលាស់រដ្ឋចូហូនៅចុងទសវត្សឆ្នាំ១៨០០ ដោយការលើកទឹកចិត្តឱ្យមានអន្តោប្រវេសន៍ចិន សម្រាប់ការអភិវឌ្ឍលើវិស័យកសិកម្ម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ