ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចាយពេលជាង៧ទសវត្សរ៍ រស់ក្នុងឧបករណ៍​សួត​​ដែក បាន​ទទួលមរណភាពហើយ

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ លោក Paul Alexander ដែលចាយពេលជាង៧០ឆ្នាំចុងក្រោយ រស់នៅក្នុងឧបករណ៍

សហរដ្ឋអាម៉េរិក ៖ លោក Paul Alexander ដែលចាយពេលជាង៧០ឆ្នាំចុងក្រោយ រស់នៅក្នុងឧបករណ៍ជំនួយដង្ហើម Iron Lung ឬហៅថា សួតដែក បានទទួលមរណភាពហើយ នៅអាយុ៧៨ឆ្នាំ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។ នេះបើតាមបងប្អូនប្រុសរបស់គាត់គឺលោក Philip Alexander បានប្រកាស និងត្រូវបានចេញផ្សាយដោយ CNN និង BBC កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅ។

លោក Paul Alexander បានឆ្លងជំងឺគ្រុនស្វិតដៃជើងនៅក្នុងឆ្នាំ ១៩៥២ នៅពេលគាត់មានអាយុត្រឹម៦ឆ្នាំ ដែលធ្វើឱ្យគាត់ពិការត្រឹមកចុះក្រោម។ មិនតែប៉ុណ្ណោះ ជំងឺនេះបានធ្វើឱ្យគាត់មិនអាចដកដង្ហើមដោយខ្លួនឯង ដែលនាំឱ្យគ្រូពេទ្យដាក់គាត់នៅក្នុងឧបករណ៍ស៊ីឡាំងដែកមួយឈ្មោះថា Iron Lung ឬ សួតដែក ហើយគាត់ត្រូវបានចំណាយពេលនៃជីវិតរស់នៅក្នុងឧបករណ៍នេះ ចាប់តាំងពីពេលនោះមក។

ការស្លាប់របស់បុរសជនជាតិអាម៉េរិកាំង ដែលគ្រប់គ្នាស្គាល់ថា «បុរសនៅក្នុងសួតដែក» ត្រូវបានប្រកាសកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅ លើគេហទំព័រ GoFundMe ដែលបង្កើតឡើងដើម្បីជួយបង់ថ្លៃផ្ទះ និងការថែទាំសុខភាពគាត់ ខណៈមូលហេតុពិតប្រាកដនៃការស្លាប់ មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយទេ។ ទោះយ៉ាងណា លោក Philip បាននិយាយថា Paul ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី៣សប្តាហ៍មុន ដោយសារតែការឆ្លងជំងឺកូវីដ-១៩ ប៉ុន្តែបានជាសះស្បើយ នៅសប្តាហ៍នេះ។

លោក Philip បាននិយាយថា គាត់ពិតជាកោតសរសើរអំពីរបៀបរស់នៅរបស់ Paul ដែលមានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញកិច្ចការប្រចាំថ្ងៃ សូម្បីតែគាត់ស្ថិតក្នុងឧបករណ៍ជំនួយយ៉ាងណាក៏ដោយ។ លោកបន្តថា សុខភាព Paul កាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបងប្អូន Paul បានចំណាយពេលនៃថ្ងៃចុងក្រោយរបស់គាត់ ដោយចែករំលែកការញ៉ាំការ៉េមជាមួយគ្នា។

ជំនួយពីឧបករណ៍ Iron Lung ដើម្បីអនុញ្ញាតឱ្យ Paul អាចដកដង្ហើមបានដោយការបឺតខ្យល់ចេញពីស៊ីឡាំង ដោយបង្ខំសួតរបស់គាត់ពង្រីក និងស្រូបយកខ្យល់។ ប៉ុន្មានឆ្នាំក្រោយមកនេះ Paul បានរៀនដកដង្ហើមដោយខ្លួនឯង ដើម្បីអាចចេញពីឧបករណ៍ជំនួយក្នុងរយៈពេលខ្លី។ ដូចអ្នករស់រានមានជីវិតពីជំងឺគ្រុនស្វិតដៃជើងភាគច្រើនដែលរស់នៅក្នុងឧបករណ៍ Iron Lung មិនត្រូវបានរំពឹងថា រស់រានមានជីវិតបានយូរនោះទេ។ ប៉ុន្តែសម្រាប់លោក Paul រស់បាន៧ទស្សវត្សរ៍ បន្ទាប់ពីការបង្កើតវ៉ាក់សាំងជំងឺស្វិតដៃជើងក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។

បើទោះបីជារស់នៅក្នុងឧបករណ៍ជំនួយស្ទើរពេញមួយជីវិតក៏ពិតមែន ប៉ុន្តែលោក Paul បានទទួលសញ្ញាបត្របរិញ្ញាបត្រ និងបណ្ឌិតផ្នែកច្បាប់ពីសាកលវិទ្យាល័យ University of Texas at Austin ហើយថែមទាំងបានបោះពុម្ពផ្សាយសៀវភៅអនុស្សាវរីយ៍ផ្ទាល់ខ្លួនក្នុងឆ្នាំ ២០២០ ផងដែរ។

លើសពីនេះទៅទៀត លោកត្រូវបានទទួលស្គាល់ដោយស្ថាប័នកំណត់ត្រាពិភពលោក Guinness World Records ថាជាអ្នកចំណាយពេលយូរបំផុតរស់នៅក្នុងឧបករណ៍សួតដែក។ លោក Paul ធ្លាប់បានប្រាប់ CNN នៅក្នុងឆ្នាំ ២០២២ ថា គាត់កំពុងធ្វើការចងក្រងសៀវភៅទី២របស់គាត់។ លោក Paul បានបង្ហាញពីដំណើរការសរសេរសៀវភៅរបស់គាត់ ដោយប្រើប៊ិកភ្ជាប់នឹងដងបន្ទះប្លាស្ទិក ហើយគាត់ប្រើមាត់ខាំដើម្បីចុចលើក្ដារចុច ឬ ឃីប៊ត (Keyboard) កុំព្យូទ័រ៕ (ប្រភព ៖ CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ