ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តេច​មាន​បំផុត​ទាំង​៥​អង្គ​នៅ​អាស៊ី ព្រះរាជ​ទ្រព្យ​បូក​បញ្ចូល​មាន​ជាង​១០០​ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន

អន្តរជាតិ ៖ ស្តេច​មាន​ព្រះរាជ​ទ្រព្យ​ច្រើន​បំផុត​ទាំង​៥​អង្គ​នៅ​អាស៊ី មាន​ព្រះរាជ​ទ្រព្យរ​បូក​បញ្ចូល​មាន​ប្រមាណ ១០៨​ពាន់​លាន​ដុល្លារ​អាម៉េរិក ដោយនៅ​ក្នុង​នោះ ព្រះមហាក្សត្រ​ប្រទេស​ថៃ Maha Vajiralongkorn និង​ស្តេច​ស៊ុ​ល​តង់ Hassanal Bolkiah នៃ​ប្រទេស​ប្រ៊ុ​យ​ណេ ពោរពេញ​ទៅ​ដោយ​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ចំណោម​ព្រះមហាក្សត្រ​នៅ​អាស៊ី​។

ប្រភព​ពី​គេហទំព័រ The Business Standard បាន​បង្ហាញ​ថា ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn ស្ថិត​នៅ​កំពូល​បញ្ជី​ជាមួយនឹង​ព្រះរាជ​ទ្រព្យ​ត្រូវ​បាន​ប៉ាន់ស្មាន​មាន​ចំនួន ៤៣​ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ព្រះរាជ​ទ្រព្យ​ដ៏​ធំ​របស់​ព្រះ​អង្គ​ភាគច្រើន​បាន​មក​ពី​អចលនទ្រព្យ ដែល​បង្កើត​បានជា​ចំណែក​ដ៏​ធំ​បំផុត​នៃ​ព្រះរាជ​ទ្រព្យ​សរុប​របស់​ទ្រង់​។ យោង​តាម​ទស្សនាវដ្ដី Fortune បាន​រាយការណ៍​ថា ព្រះ​អង្គ​បាន​កាន់កាប់​ដីធ្លី​យ៉ាង​ហោច​ណាស់ ៦៥.៦​គីឡូ​ម៉ែត្រការ៉េ​នៅ​ទូ​ទាំង​ប្រទេស​ថៃ រួម​ទាំង​តំបន់​មាន​តម្លៃ​ខ្ពស់​នៅ​ទីក្រុង​បាងកក តម្លៃ​ប្រហែល ៣០​ពាន់​លាន​ដុល្លារ​។

លើស​ពី​នេះ ព្រះ​អង្គ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប្រភព​ចំណូល​ចម្រុះ ដោយ​កាន់កាប់​ភាគហ៊ុន​សំខាន់​ៗ​នៅ​ក្នុង​អង្គភាព​ហិរញ្ញវត្ថុ និង​ឧស្សាហកម្ម​សំខាន់​ៗ​មួយ​ចំនួន​របស់​ប្រទេស​ថៃ​។ នេះ​រួម​បញ្ចូល​ទាំង​ភាគហ៊ុន ២៣% នៅ​ក្នុង​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​ធំ​ទី​២​របស់​ថៃ គឺ​ធនាគារ Siam Commercial Bank និង​ភាគហ៊ុន ៣៣% នៅ​ក្នុង​ក្រុមហ៊ុនSiam Cement Group ដែលជាក្រុមហ៊ុនឧស្សាហកម្មឈានមុខគេរបស់ប្រទេសថៃ ដែលមានតម្លៃប្រហែល ៩ពាន់លានដុល្លារ។ ការប្រមូលគ្រឿងប្រណីតម្លៃថ្លៃៗរបស់ព្រះអង្គក៏មានយន្តហោះ ៣៨គ្រឿង យានជំនិះប្រណីតៗ ៣០០គ្រឿង ទូកជាង ៥០ គ្រឿង និងពេជ្រ និងត្បូងដ៏មានតម្លៃជាច្រើនផងដែរ។

ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសប្រ៊ុយណេ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងព្រះរាជទ្រព្យត្រូវបានរាយការណ៍ដោយទស្សនាវដ្តី Time ថាមានចំនួនប្រហែល ២៨ពាន់លានដុល្លារអាម៉េរិក។

យោងតាមប្រភពពីវេទិកាព័ត៌មានរថយន្ត CarBuzz បានរាយការណ៍ថា របៀបរស់នៅដ៏សម្បូរបែបរបស់ទ្រង់រួមមានទាំងការប្រមូលទិញរថយន្តគួរឱ្យកត់សម្គាល់ដែលមានតម្លៃសរុប ៥ពាន់លានដុល្លារ ដោយនៅក្នុងចំណោមរថយន្តកំពូលប្រណីត Rolls-Royces ប្រមាណ ៦០០គ្រឿង រថយន្តស្ព័រ Ferraris ចំនួន ៤៥០គ្រឿង និង Bentley ចំនួន ៣៨០គ្រឿង ដូចដែលត្រូវបានរាយការណ៍កាសែត The Sun។

លើសពីនេះ ស្តេចស៊ុលតង់ និងគ្រួសាររាជវង្សទ្រង់រស់នៅក្នុងព្រះរាជវាំង Istana Nurul Iman ដ៏ធំបំផុតរបស់ពិភពលោក ដែលមានបន្ទប់ចំនួន ១,៧៨៨បន្ទប់ ដែលបញ្ចប់ការសាងសង់កាលពីឆ្នាំ ១៩៨៤ នៅក្នុងតម្លៃ ១.៥ពាន់លានដុល្លារ។

ព្រះអង្គម្ចាស់ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត គឺជាស្តេចមានព្រះរាជទ្រព្យច្រើនលំដាប់ទី ៣ នៅអាស៊ី ដោយសារព័ត៌មានអាជីវកម្មអាមេរិក CNBC បានរាយការណ៍ថា ព្រះរាជទ្រព្យរបស់ទ្រង់មានចំនួន ១៧ពាន់លានដុល្លារ។

ចាប់តាំងពីភារកិច្ចដឹកនាំប្រទេសជាច្រើនបានផ្ទេរទៅកាន់ព្រះរាជបុត្ររបស់ព្រះអង្គម្ចាស់នោះ គឺព្រះអង្គម្ចាស់ Mohammed Bin Salman មានប្រព័ន្ធផ្សព្វផ្សាយតិចណាស់ ដែលផ្តោតលើរបៀបរស់នៅផ្ទាល់ព្រះកាយរបស់ស្តេច Salman ។

ចំណាត់ថ្នាក់ទី ៤ គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Rashid Al Maktoum នៃទីក្រុងឌូបៃ (Dubai) ប្រទេសអារ៉ាប់រួម ដែលមានព្រះរាជទ្រព្យត្រូវបានប៉ាន់ស្មានចន្លោះពី ១៤ ទៅ ១៨ពាន់លានដុល្លារ។ នេះបើយោងតាមកាសែត Hindustan Times ។

ប្រភពពី Financial Times បានរាយការណ៍ថា ព្រះអង្គម្ចាស់ Sheikh Mohammed មានភាពល្បីល្បាញដោយសារព្រះរាជគំនិតផ្តួចផ្តើមរបស់ព្រះអង្គបានដាក់ទីក្រុងឌូបៃក្លាយជាមជ្ឈមណ្ឌលពិភពលោក រួមទាំងការមើលការខុសត្រូវលើការអភិវឌ្ឍគម្រោងនានាដូចជា Palm Islands សណ្ឋាគារ Burj Al Arab ក៏ដូចជាអគារ Burj Khalifa ដែលជាអគារខ្ពស់ជាងគេនៅលើពិភពលោក។ ព្រះអង្គក៏ត្រូវបានគេស្គាល់យ៉ាងច្បាស់ផងដែរ សម្រាប់ការចាប់អារម្មណ៍របស់ទ្រង់នៅក្នុងៃសកម្មភាពជំនាញលើការជិះសេះ និងកំណាព្យអារ៉ាប់ដោយរំលេចចំណាប់អារម្មណ៍ខុសៗគ្នារបស់ទ្រង់។

ដោយឡែក ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad Al Thani នៃប្រទេសកាតា ឈរនៅចំណាត់ថ្នាក់លេខ៥ ជាមួយនឹងព្រះរាជទ្រព្យត្រូវបានប៉ាន់ស្មានចំនួន ២ពាន់លានដុល្លារអាម៉េរិក ដូចដែលកាសែត The Sun បានរបាយការណ៍។

ប្រភពដដែលបានរាយការណ៍ថា ការវិនិយោគរបស់ព្រះអង្គ និងគ្រួសាររាជវង្សទ្រង់ នៅក្នុងអចលនទ្រព្យសំខាន់ៗទូទាំងពិភពលោករួមមាន ទីតាំងសំខាន់ៗដូចជា London’s Shard, Olympic Village និង New York’s Empire State Building។ ព្រះអង្គក៏បានទិញយកក្លិបបាល់ទាត់ Paris Saint-Germain នៅក្នុងឆ្នាំ ២០១១ ផងដែរ តាមរយៈក្រុមហ៊ុន Qatar Sports Investments ។ (ប្រភព ៖ VnExpress)