រាជធានីភ្នំពេញ ៖ បុរសជាអ្នកបើករ៉ឺម៉កម្នាក់បានរងរបួសគ្រេចជើងខាងឆ្វេង ខណៈពេលបើករ៉ឺម៉កម៉ូតូមួយគ្រឿងដឹកស៊ីម៉ង់តិ៍ធ្វើដំណើរតាមផ្លូវ ហើយត្រូវបានរថយន្តតាក់ស៊ីមួយគ្រឿងបើកមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យក្រឡាប់រ៉ឺម៉កផ្ងារជើង និងចាក់ស៊ីម៉ង់តិ៍ពេញផ្លូវ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី៩ ខែ មីនា ឆ្នាំ២០២០ នៅចំណុចខាងមុខហាងលក់គ្រឿងសំណង់យីហោ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ភាគីខាងរ៉ឺម៉កម៉ូតូមួយគ្រឿងដឹកស៊ីម៉ង់ត៍ខាងលើ បើកបដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងខាងលើជាប្រភេទរថយន្តតាក់ស៊ី ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខស្វាយរៀង ២A-១៧២១ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករ៉ឺម៉កមួយគ្រឿងដែលមានដឹកស៊ីម៉ង់តិ៍ជាច្រើនបាវពេញក្នុងកន្ទុយរ៉ឺម៉កខាងក្រោយ ដោយបើកបរចេញពីផ្លូវលេខ១៣៥ ពីត្បូងទៅជើង និងបើកបត់ឆ្វេងឡើងមកលើផ្លូវម៉ៅសេទុងទៅកើត។
តាមប្រភពដដែលបានបន្តថា លុះរ៉ឺម៉កដឹកស៊ីម៉ង់ត៍មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿងជាប្រភេទរថយន្តតាក់ស៊ី បើកបរដោយបុរសម្នាក់មានដឹកភ្ញៀវផងនោះ បានបើកមកបុកពីក្រោយ បណ្តាលអោយរ៉ឺម៉កខ្ទាតក្រឡាប់ផ្ងាជើង និងធ្លាក់ស៊ីម៉ង់តិ៍រាយប៉ាយពេញផ្លូវតែម្តង។
តាមប្រភពពដដែលបានប្រាប់បន្តទៀតថា ភ្លាមនោះបណ្តាលឱ្យបុរសជាអ្នកបើកបររ៉ឺម៉កម៉ូតូរងរបួសស្រាលគ្រេច.កជើងខាងឆ្វេងម្ខាង ហើយបុរសជាអ្នកបើករបររថយន្តតាក់ស៊ីក៏បានចុះមកធ្វើការសម្របសម្រួលគ្នាជាមួយ និងបុរសជាអ្នកបើករ៉ឺម៉កម៉ូតូផងដែរ។
ក្រោយពេលកើតហេតុ ដោយមិនចង់អោយមានរឿងវែងឆ្ងាយនោះភាគីទាំងពីរក៏បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងបុរសជាអ្នកបើករ៉ឺម៉កទាមទារសំណងការព្យាបាល និងការខូចខាតរ៉ឺម៉កចំនួន១០០ដុល្លារ តែបុរសជាអ្នកបើកបររថយន្តតាក់ស៊ីមិនមានលទ្ធភាព និងមានលុយតែចំនួន៧០ដុល្លារ បន្ទាប់មកភាគីទាំង២ក៏យល់ព្រមនិងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ