ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​ទិញ​ដំឡូង​មី​ពី​ចម្ការ​​រួច​​កា.ប់​ចិញ្ច្រាំ​ហាលឱ្យស្ងួត​លក់​​តាម​ស្តង់កំពុងកាក់កប​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ថា ការ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ហាល​ឱ្យ​ស្ងួត រួច​លក់​នៅ​តាម​ស្តង់​ទទួល​បានការ​ចំណេញ​គួរសម ដូច្នេះ​ទើប​ស្ត្រី​ជា​ឈ្មួញ​ម្នាក់ បាន​សម្រេចចិត្ត​ជួល​រថយន្ត​អ្នក​ភូមិ ​ដើម្បី​​ទិញ​មើមដំឡូង​មី​នៅ​តាម​ចម្ការ​ប្រជា​កសិករ រួច​ជួល​កម្មករ​ឱ្យ​កាប់​ចិញ្ច្រាំ ដាក់​ហាល​ស្ងួត​លក់​នៅ​តាម​ស្តង់…

ខេត្ត​ប៉ៃលិន ៖ ដោយ​សង្កេត​ឃើញ​ថា ការ​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ហាល​ឱ្យ​ស្ងួត រួច​លក់​នៅ​តាម​ស្តង់​ទទួល​បានការ​ចំណេញ​គួរសម ដូច្នេះ​ទើប​ស្ត្រី​ជា​ឈ្មួញ​ម្នាក់ បាន​សម្រេចចិត្ត​ជួល​រថយន្ត​អ្នក​ភូមិ ​ដើម្បី​​ទិញ​មើមដំឡូង​មី​នៅ​តាម​ចម្ការ​ប្រជា​កសិករ រួច​ជួល​កម្មករ​ឱ្យ​កាប់​ចិញ្ច្រាំ ដាក់​ហាល​ស្ងួត​លក់​នៅ​តាម​ស្តង់ ក្នុង​ក្រុងប៉ៃលិន ដើម្បី​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ តែ​រហូត​មក​ដល់​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២០​នេះ ដោយសារ​តែ​គាត់​មាន​បញ្ហា​ជម្លោះ​ក្នុង​ការ​រកស៊ី​ជាមួយនឹង​កូនចុង​របស់​ខ្លួន ទើប​សម្រេចចិត្ត​ឈប់​ធ្វើ ហើយ​រៀបចំ​សម្ភារ​:​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ ចំណែក​កូនចុង​របស់​គាត់​វិញ បាន​ទា​ញយ​ក​កម្មករ​មួយ​ចំនួន ហើយ​បន្ត​ធ្វើ​នៅ​លើ​ទីលាន​ក្បែរ​នោះ​ដែរ ។

បើ​តាម​ការ​រៀបរាប់​ពីស្ត្រីជា​​ឈ្មួញ​ម្នាក់​ខាងលើ​ឈ្មោះ សាយ យាង អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពត បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កាប់​ចិញ្ច្រាំ​ដំឡូង​មី ក្បែរ​ផ្សារ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពោល​គឺ​ឱ្យ​តែ​ដល់​ខែ​ប្រមូល​ផល​ដំឡូង​មី គាត់​តែងតែ​ធ្វើ​ដំណើរ​មក​ខេត្ត​ប៉ៃលិន ដើម្បី​ប្រមូល​ទិញ​មើមដំឡូង​មី ដាក់​ឱ្យ​កម្មករ​កាប់​ចិញ្ច្រាំ រួច​ដាក់​ក្រាល​ស្បៃ ហាល​ឱ្យ​ស្ងួត​រួច ទើប​ប្រមូល​ដឹក​រថយន្ត​យក​ទៅ​លក់​នៅ​តាម​ស្តង់​ដំឡូង​មី​ក្បែរ​ៗ នោះ​ដែរ ។

ស្ត្រីជា​​​ឈ្មួញ​​បាន​​បន្ត​ទៀត​ថា គាត់​បាន​ជួល​ដី​គេ​ក្នុង​១​រដូវ រយ​:​ពេល​៣​ទៅ​៤​ខែ តម្លៃ​១.០០០.០០០​រៀល ហើយ​ក៏​ជួល​ឱ្យ​ត្រាក់ទ័រ​ចូល​ឈូស​ឆាយ​ពង្រាប​ឱ្យ​ស្មើ ។ គាត់​បន្ត​ថា រាល់​ថ្ងៃនេះ គាត់​ទិញ​មើមដំឡូង​មី​ស្រស់ ១​គីឡូក្រាម ថ្លៃ​១.៩​បាត (​ប្រាក់​ថៃ​) លុះ​កាប់​ចិញ្ច្រាំ​ហាល​រយ​:​ពេល​៣​ទៅ​៤​ថ្ងៃ​ស្ងួត​ល្អ​ហើយ គាត់​ក៏​ប្រមូល​លក់​ឱ្យ​ឈ្មួញ​បន្ត​ទៀត ក្នុង​១​គីឡូក្រាម​៤.៥ ទៅ​៥.២​បាត (​ប្រាក់​ថៃ​) ដោយ​គិតថ្លៃ​កម្មករ​កាប់​ចិញ្ច្រាំ ក្នុង​១​កញ្ឆេ តម្លៃ​១០០០​រៀល ហើយ​ជួល​កម្មករ​កើប ប្រមូល​ដាក់​រថយន្ត​ក្នុង​១​តោន​២០០​បាត (​ប្រាក់​ថៃ​) ហើយ​ជួល​រថយន្ត​ដឹក​យក​ទៅ​លក់​បន្ត​ទៀត ។ បើ​គិតថ្លៃ​ឈ្មួ​ល​គ្រប់​បែប​យ៉ាង​ទៅ ការ​ប្រកប​មុខរបរ​នេះ គឺ​បាន​ចំណេញ​ខ្លះ​ៗ​ដែរ សម្រាប់​បាន​ថវិកា​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

ស្ត្រី​ជា​ឈ្មួញ​​បាន​​បញ្ជាក់​ថា ប៉ុន្តែ​រហូត​មក​ដើមខែ​មីនា​នេះ គាត់​មាន​បញ្ហា​ជម្លោះ​ជាមួយនឹង​កូនចុង ដែល​គាត់​ខំ​ហៅ​គេ​ឱ្យមក​រកស៊ី​ជាមួយ ដោយ​ប្រគល់​កម្មករ​ខ្លះ​ឱ្យទៅ​គេ និង​ជួល​កន្លែង​កាប់​ចិញ្ច្រាំ​ដំឡូង​មី​ឱ្យ​ទៀត លុះ​ចុង​ក្រោយ ក៏​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា​បន្តិចបន្តួច​រឿង​កម្មករ ទើប​គាត់​សម្រេចចិត្ត​ថា នឹង​លែង​បន្ត​រកស៊ី​​របរ​នេះ​ទៀត ដោយ​បញ្ឈប់​កម្មករ​របស់​ខ្លួន​ទាំងអស់​រាប់រយ​នាក់ និង​រៀបចំ​របស់របរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។

ចំណែក​កម្មករ​ជា​ច្រើន​នាក់​ដែល​សង់​តង់​ស្នាក់​នៅ​លើ​ដី​កាប់​ចិញ្ច្រាំ​ដំឡូង​មី បាន​បញ្ចេញ​ទឹកមុខ​ស្រពោន ខណ​:​លែង​មានការ​ងារ​ធ្វើ​បន្ត​ទៀត ព្រោះ​ថៅកែ​របស់​ខ្លួន​បាន​រើ​សម្ភារ​: និង​បញ្ឈប់​ការ​កាប់​ចិញ្ច្រាំ​ដំឡូង​មី ហើយ​ពួក​គេ​ម្នាក់​ៗ នឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយ​អ្នកខ្លះ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ឆ្នាំង ខេត្ត​ព្រៃវែង ខេត្ត​ស្វាយ​រៀង​ជាដើម ដើម្បី​ស្វែងរក​ការងារ​ផ្សេង​ទៀត ។ ពួក​គេ​ម្នាក់​ៗ ក៏​អាណិត​ថៅកែ​យ៉ាង​ខ្លាំង ដែល​ខិតខំ​រក​កម្មករ​ជា​ច្រើន​ឱ្យមក​ស្នាក់​នៅ​ធ្វើការ​តែ​ចុង​ក្រោយ​បែរជា​បញ្ឈប់​នៅ​ពាក់កណ្តាល​ទី ដោយសារ​មាន​បញ្ហា​ជាមួយ​កូនចុង​របស់​គាត់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ