ខេត្តព្រៃវែង ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្ត ឃាត់ខ្លួនបានជាបន្តបន្ទាប់ ដោយជាប់ពាក់ពន្ធ័ក្នុងករណីគ្រឿងញៀន ដែលប្រតិបត្តិការចាប់ជនសង្ស័យទាំង២នាក់នេះ ធ្វើឡើងកាលពីថ្ងៃទី២៨ និង២៩កុម្ភៈ នៅចំណុចភូមិ៦ ក្នុងឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយដកហូតបានថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ចំនួន១កញ្ចប់ រួមជាមួយនិងសម្ភារមួយចំនួន។
លោកឧត្តមសេនីយ ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងឱ្យដឹងកាលពីព្រឹកថ្ងៃទី២
មីនា នេះថា ដោយមានការអនុញ្ញាតពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២៨កុម្ភៈ កំលាំងរបស់លោកបានប្រើប្រាស់វិធានការញុះញុង ដោយប្រើធ្នាក់ចូលទៅទិញថ្នាំញៀនបាន១កញ្ចប់ពីជនសង្ស័យឈ្មោះ ង្វៀង លីឡាន់ ក្នុងតម្លៃ៣ម៉ឺនរៀល ។ ពេលបានវត្ថុតាងហើយ លោកក៏បញ្ជាអោយកំលាំងធ្វើការឃាត់ខ្លួនជនសង្ស័យភ្លាម ហើយបន្ទាប់ពីត្រូវបានឃាត់ខ្លួន ជនសង្ស័យ ង្វៀង លីឡាន់ បានឆ្លើយសារភាពថា ថ្នាំញៀននេះរូបគេទិញពីជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងទឹង នៅភូមិ៦ ឃុំព្រែកខ្សាយ(ខ) ទើបនៅថ្ងៃទី២៩កុម្ភៈ លោកបានសុំការអនុញ្ញាតិពីលោកព្រះរាជអាជ្ញា ចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ ង្វៀង យ៉ាំងទឹង បាននៅវេលាម៉ោង២និង៣០នាទីរសៀល នៅក្បែផ្ទះរបស់ជនសង្ស័យ ហើយបន្ទាប់មកកំលាំងរបស់លោក ក៏បន្តចុះទៅឆែកឆេរក្នុងផ្ទះរបស់ជនសង្ស័យទៀត។
លោក ឈួន គឺម សាន្ត បានបញ្ជាក់ថា ពេលចាប់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងទឹង បាន ក្នុងខ្លួនរបស់គេរកពុំឃើញមានថ្នាំញៀនទេ ហើយការឆែកឆេរក្នុងផ្ទះក៏រកពុំឃើញថ្នាំញៀនដែរ ប៉ុន្តែការពិនិត្យទឹកនោមរកឃើញថា ក្នុងខ្លួនរបស់គេមានសារធាតុញៀន គួបផ្សំនិងសាក្សីឈ្មោះ ង្វៀង លីឡាន់ ដែលអះអាងថាបានទិញថ្នាំពីជនសង្ស័យ ង្វៀង យ៉ាំងទឹង នេះទើបកំលាំងរបស់លោកធ្វើការឃាត់ខ្លួនរូបគេ ចាត់ការទៅតាមនិតិវិធីតែម្តង។ យោងតាមប្រភពពត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងទឹង ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយពាក់ពន្ធ័ករណីគ្រឿងញៀននេះ ប៉ុន្តែត្រូវបានដោះលែងចេញពីពន្ធនាគារវិញ កាលពីចុងឆ្នាំ២០១៩។
លុះមកដល់ថ្ងៃទី១៦កុម្ភៈ ២០២០ ជនសង្ស័យ ង្វៀង យ៉ាំងទឹង រួមជាមួយបក្សពួក៣នាក់ផ្សេងទៀត ត្រូវបានកំលាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំព្រែកខ្សាយ(ខ) ចាប់ខ្លួនម្តងទៀត ក្នុងករណីថ្នាំញៀនដដែល ប៉ុន្តែពេលបញ្ជូនទៅដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានតែ២ថ្ងៃ ស្រាប់តែពួកគេទាំង៤នាក់ត្រូវបានដោះលែងមកវិញ ហើយរហូតមកដល់ថ្ងៃទី២៩កុម្ភៈ ជនសង្ស័យ ង្វៀង យ៉ាំងទឹង នេះក៏ត្រូវកំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ចាប់ខ្លួនបានម្តងទៀត ក្នុងករណីថ្នាំញៀនដដែល។
ដោយឡែក ជនសង្ស័យ ង្វៀង យ៉ាំងទឹង បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៦ កុម្ភ: រូបគេនិងបក្សពួក៣នាក់ផ្សេងទៀត ពិតជាត្រូវប៉ូលិសប៉ុស្តិ៍ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមែន ប៉ុន្តែនៅថ្ងៃទី១៨ កុម្ភ: ប៉ូលិសបានដោះលែងពួកគេវិញ ដោយម្តាយរបស់គេបានបង់លុយអោយប៉ូលិសខេត្ត១០០០$ និងបក្សពួកគេម្នាក់ទៀតបង់អស់៥០០$ជាថ្នូរនិងការដោះលែង ។
ជុំវិញចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ ត្រូវបានលោក ថោង វណ្ឌី ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានឆ្លើយតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២ មីនាថា ពិតជាមានការចាប់ខ្លួនជនសង្ស័យទាំង៤នាក់នោះមែន គឺកំលាំងស្រុកជាអ្នកចាប់ប្រគល់មកអោយខេត្ត ចំណែកការចោទប្រកាន់ថា ប៉ូលិសខេត្តយកលុយពីគ្រួសារជនសង្ស័យ ជាថ្នូរនិងការដោះលែងនោះ បើមានភស្តុតាងដាក់ពាក្យប្តឹងចុះ ព្រោះលោកធ្វើអ្វីសុទ្ធតែបានឆ្លងព្រះរាជអាជ្ញារួចហើយ។
ចែករំលែកព័តមាននេះ