រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដានេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាតរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជាទៅពាក់ព័ន្ធជាមួយ ។
ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជេរ៉ាយុ ហួងសាប់ ( Jirayu Huangsab) ត្រូវបានសារព័ត៌មានរបស់ថៃស្រង់សម្តីថា ប្រទេសថៃ នឹងសហការជាមួយការិយាល័យប្រឆាំងនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ ( UNODC) និងអង្គការលើកលែងទោសអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញពីប្រទេសកម្ពុជា ។
លោក ប៉ែន បូណា បន្តថា ថៃ គួរតែបោះបង់ចោលទម្លាប់ដ៏អាក្រក់ ក្នុងការទម្លាក់បញ្ហាទៅឱ្យប្រទេសជិតខាង នៅពេលដែលខ្លួនមានរឿងអាស្រូវផ្ទៃក្នុង ។
លោកបញ្ជាក់ថា រយៈពេលជាងមួយខែចុងក្រោយនេះ ចាប់តាំងពីមានភាពតានតឹងបញ្ហាព្រំដែនដែលបង្កឡើងដោយទាហានថៃ កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥ មក ប្រទេសកម្ពុជា និងថ្នាក់ដឹកនាំកម្ពុជា ទទួលរងការលាបពណ៌បង្ខូចបង្កាច់គ្រប់បែបយ៉ាងពីសំណាក់អាជ្ញាធរ និងមន្ត្រីថ្នាក់ដឹកនាំថៃ។ អាស្រ័យហេតុនេះ សូមថៃ ប្រញាប់បញ្ឈប់វប្បធម៌ដ៏អាក្រក់នេះ ហើយយកពេលវេលាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន ឱ្យបានឆាប់ទើបជាការល្អ ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជាចេះដោះស្រាយបញ្ហានៅក្នុងប្រទេសរបស់ខ្លួន តាមរយៈយន្តការប្រយុទ្ធប្រឆាំងជាមួយឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ិនធឺណិត ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយផ្ទាល់ និងបានធ្វើការងារយ៉ាងសកម្ម និងអាចគ្រប់គ្រងសភាពការណ៍បាន ។
ដូច្នេះ សូមរដ្ឋាភិបាលថៃ កុំព្រួយបារម្ភពីកម្ពុជា ខណៈដែលប្រទេសរបស់ខ្លួន គឺជាសំបុកឧក្រិដ្ឋជនតាមអនឡាញ និងសំបុកជួញដូរគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺកម្ពុជាទេ ដែលរងគ្រោះពីបណ្តាញចែកចាយឧក្រិដ្ឋជនតាមអ៊ិនធឺណិត និងចែកចាយគ្រឿងញៀនពីប្រទេសថៃ ៕
ចែករំលែកព័តមាននេះ