រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពកាត់សោហាង ចូលលួចសម្ភារៈ សរុបគិតជាសាច់ប្រាក់ ប្រមាណ ៥ពាន់ដុល្លារ រួចរត់គេចខ្លួនដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុច ហាងយីហោ Metal Rice Bowl Teppanyaki (លក់ម្ហូបបែបជប៉ុន) តាមបណ្តោយផ្លូវលេខ១២៣ ភូមិ៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមការបញ្ជាក់ពីស្ត្រីជាតំណាងម្ចាស់ហាងជនជាតិបរទេស បានប្រាប់អោយដឹងថា
ពេលព្រឹកឡើង រូបគាត់បានមកបើកទ្វារ ដើម្បីបើកហាងលក់ដូរ ខណៈដើរមកដល់ខាងមុខទ្វារ ក៏ស្រាប់តែឃើញសោដែលខ្លួនបានចាក់នោះ បានដាច់ ទើបមានការភ្ញាក់ផ្អើលឡើង ហើយរត់ទៅមើលសម្ភារៈខាងក្នុងហាង បានបាត់អស់ និងសាច់ប្រាក់សុទ្ធមួយចំនួន។ ខណៈនោះដែរ ជនរងគ្រោះ បើកមើលកាំម៉េរ៉ាសុវត្ថិភាព ប្រទះឃើញជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពកាត់សោចូលលួចក្នុងហាង និងលួចយកសម្ភារៈ ។
ប្រភពដដែលបន្តថា សម្ភារៈដែលបាត់បង់ រួមមាន ៖ កំព្យូទ័រ, អាយផេត, ទូរសព្ទម៉ាក Iphone, ម៉ាស៊ីនគិតលុយ, ស្រា និងសាច់ប្រាក់មួយចំនួន ដោយគិតជាទឹកប្រាក់សរុប អស់ប្រហែល ៥ពាន់ដុល្លារ។ ចំណែកជនសង្ស័យទាំង០២នាក់ខាងលើរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នរគបាលទួលទំពូងទី១ ដើម្បីធ្វើការស្រាវរកមុខសញ្ញា យកមកដាក់ទោសតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ