អាជ្ញាធរស្រុកពាមរក៍ដឹកនាំមន្ត្រី ចុះសំអាតជើងទេរផ្លូវឡើងស្ពានអ្នកលឿង
- ព្រៃវែង
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី សេង…
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី សេង…
ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កាលពីម៉ោង៨ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ នេះ លោកស្រី សេង ទៀង អភិបាលស្រុកពាមរក៌ បានដឹកនាំមន្ត្រីក្រោមឱវាទ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមរក៌ ចុះធ្វើអនាម័យបោសសំអាតសំរាម នៅតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវឡើងស្ពានត្សឹបាសា ហៅស្ពានអ្នកលឿង ដើម្បីលើកកម្ពស់សោភណ្ឌភាពដងផ្លូវ។
លោកស្រី សេង ទៀង បានមានប្រសាសន៍ថា ផ្លូវជាតិលេខ១ គិតចាប់ពីរង្វង់មូលត្រីកោណ រហូតដល់គល់ស្ពានត្សឹបាសា លោកស្រីតែងតែដឹកនាំអាជ្ញាធរ និងសិស្សានុសិស្សចុះមកធ្វើការបោសសំអាតជាញឹកញាប់ ប៉ុន្តែសំរាមនៅតែកើតមានដដែលជាដដែល ដោយសារតែមានបងប្អូនប្រជាពលរដ្ឋខ្លះ លួចនាំគ្នាយកសំរាមពីផ្ទះរបស់ខ្លួនមកចាក់ចោលនៅតាមជើងទេផ្លូវនេះ ហើយបងប្អូនអាជីវកររកស៊ីលក់ដូរតាមចិញ្ចើមថ្នល់ នៅក្បែៗនេះក៏ដូចគ្នាដែរ អ្នកខ្លះយកទាំងលាមកច្រកថង់មកចោលតាមជើងទេរផ្លូវនេះក៏មាន។
ក្នុងពេលចុះធ្វើអនាម័យនោះ លោកស្រីអភិបាលស្រុក បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកស្រុក ទាំងអាជីវករ ដែលរកស៊ីលក់ដូរនៅក្បែៗនោះ រួមទាំងអ្នកដំណើរផង សូមមេត្តាឈប់យកជើងទេរផ្លូវជាតិលេខ១នេះ ធ្វើជាធុងសំរាមទៀតទៅ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សោភណ្ឌភាពបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យខូចមុខមាត់ស្រុកយើងថែមទៀតផង ព្រោះផ្លូវនេះ មានភ្ញៀវជាតិ-អន្តរជាតិ ចេញចូលឆ្លងកាត់ច្រើនណាស់។
ដោយឡែកបងប្អូនប្រជាពលរដ្ឋក្នុងស្រុកពាមរក៌ ជាពិសេសអ្នកនៅទីប្រជុំជនអ្នកលឿង បានសំដែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក លើផ្នែកអនាម័យ និងបរិស្ថាននេះ ហើយក៏ផ្តាំផ្ញើដល់ពលរដ្ឋមួយចំនួនតូច ដែលបានយកសំរាមមកចោលនៅតាមផ្លូវនេះ សូមកែទម្លាប់អាក្រក់នេះចោលទៅ ដើម្បីបរិស្ថានយើងស្រស់ស្អាត និងគួរឱ្យចង់រស់នៅទាំងអស់គ្នា៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ