រាជធានីភ្នំពេញ ៖ នាយកដ្ឋានជំនាញនៃគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) បានសម្រេចអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រដល់ក្រុមហ៊ុនចំនួន៤ក្នុងពេលតែមួយ បន្ទាប់ពីមន្ត្រីជំនាញធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយទៅលើឯកសារតម្រូវនានា ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គ.ម.ក.កាលពីថ្ងៃទី ២៥ខែ កុម្ភៈ ឆ្នាំ២០២០ កន្លងទៅនេះ ។
បើតាមសេចក្តីប្រកាសខាងលើគឺ គ.ម.ក.អនុញ្ញាតជាគោលការណ៍៖ ១)-អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រកម្មសិទិ្ធជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ២)- អនុម័តដោយផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក.។៣)- អនុម័តទទួលស្គាល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ជានីតិបុគ្គលប្រតិស្រុត និងអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ, និង) ៤)-ផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក។
ស្របពេលដែល គ.ម.ក.ផ្តល់ការអនុញ្ញាតជាគោលការណ៍លើការស្នើសុំបោះផ្សាយលក់មូលបត្រដល់ក្រុមហ៊ុន៤បន្ថែមទៀតនៅដើមឆ្នាំ២០២០នេះ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាក៏មានសុទិដ្ឋិនិយមថាហេដ្ឋារចនាសម្ព័ន្ធទីផ្សារមូលបត្រកាន់តែរឹងមាំនឹងជួយជំរុញដល់កំណើនវិនិយោគិន ព្រមទាំងអាចបង្កើនទំនុកចិត្តក្នុងទីផ្សារថែមទៀតនាពេលខាងមុខនេះ។
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មានស្តីពី «យុទ្ធសាស្ត្រជួញដូរពីជ័យលាភីកម្មវិធីប្រកួតប្រជែងជួញដូរភាគហ៊ុននិងសក្តានុពលនៃការវិនិយោគលើផ្សារមូលបត្រកម្ពុជា» កាលពីថ្ងៃទី២៦ ខែកុម្ភៈ ថា បច្ចុប្បន្ននេះយើងមានក្រុមហ៊ុនចំនួន ៧ ដែលកំពុងតែរៀបចំនិតិវិធីក្នុងការបោះផ្សាយ និងចុះបញ្ជីភាគហ៊ុន ឬសញ្ញាប័ណ្ណនៅក្នុងឆ្នាំ២០២០នេះ ហើយយើងរំពឹងថាចំនួននេះនឹងបន្តកើនឡើងទ្វេរដងនៅឆ្នាំបន្ទាប់ៗទៀត។ ក្រៅពីនេះយើងក៏នឹងមានការចូលរួមរបស់តួអង្គថ្មីៗជាច្រើនទៀតផងដែរ ដូចជាក្រុមហ៊ុនមូលបត្រ ភ្នាក់ងារថែរក្សាទ្រព្យសម្បត្តិជំនួស ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ។ ដែលនេះនឹងធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារកាន់តែរឹងមាំ ដែលនឹងជួយជំរុញកំណើនវិនិយោគិន និងក្រុមហ៊ុនចុះបញ្ជី ព្រមទាំងអាចបង្កើនទំនុកចិត្តក្នុងទីផ្សារ»។
លោកអគ្គនាយកបានបន្តថាទាំងនេះបានកំពុងតែបង្ហាញពីភាពរីកចម្រើន និងឱកាសវិនិយោគនៅក្នុងផ្សារមូលបត្រកម្ពុជា ដ៏ធំធេងនាពេលដ៏ខ្លីខាងមុខ ដូចនេះការត្រៀមខ្លួនឱ្យបានរួចរាល់ជាកត្តាសំខាន់បំផុត ដើម្បីភាពជោគជ័យ។ ការត្រៀមខ្លួនឱ្យបានរួចរាល់គឺបានន័យថា មានគណនីជួញដូរមួយ តាមដានបម្រែបម្រួលថ្លៃភាគហ៊ុន និងពិនិត្យព័ត៌មានទីផ្សារជាប្រចាំ។
ជាងនេះទៅទៀត ផ្សារមូលបត្រកម្ពុជាក៏នឹងខិតខំឱ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីឱ្យទីផ្សាររីកចម្រើនប្រកបដោយចីរភាព៖១)-ខិតខំនាំយកនូវក្រុមហ៊ុនមានសក្តានុពលរីកចម្រើន និងមានតម្លាភាពមកចុះបញ្ជីឱ្យកាន់តែច្រើន ដើម្បីបន្ថែមជម្រើសវិនិយោគជូនវិនិយោគិនរបស់យើង។ ២)- បន្តទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេស តាមរយៈពិពិធកម្មផលិតផលវិនិយោគ ការផ្តល់សេវាកម្មល្អ ហេដ្ឋារចនាសម្ព័ន្ធទីផ្សារគ្រប់គ្រាន់ និងការពង្រីកពង្រឹងការផ្សព្វផ្សាយ។ ៣)- បន្តជម្រុញ និងពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាង ផ.ម.ក. និងដៃគូស្ថាប័នពាក់ព័ន្ធនានា។ ៤)-បន្តលើកកម្ពស់ការយល់ដឹងរបស់មហាជនទូទៅមកលើការវិនិ-យោគក្នុងវិស័យមូលបត្រ។ ៥0- បន្តពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអំពីទីផ្សារ និងទិន្នន័យជួញដូរទៅកាន់មហាជន។ ៦)- សម្រួលនិតិវិធី ផ្សេងៗ ទាក់ទងនឹងការជួញដូរ និងការចុះបញ្ជី ៧. បន្តពង្រឹងនូវទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និង៨. បន្តពង្រឹង និងបណ្តុះបណ្តាលបន្ថែមទៀតនូវធនធានមនុស្សក្នុងវិស័យមូលបត្រ។
លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ដូច្នេះថា «ខ្ញុំសង្ឃឹមថា ការដាក់ចេញនិងអនុវត្តនូវគោលការណ៍ទាំងនេះ នឹងជួយឱ្យទីផ្សារកាន់តែមានភាពសកម្ម និងរីកចម្រើនបាន ដើម្បីជាប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ចជាតិទាំងមូល»៕ កែសម្រួលដោយ សុឃាក់
ចែករំលែកព័តមាននេះ