ខេត្តសៀមរាប៖ តំបន់សហគមន៍ចង្ក្រានរយ មានតំបន់ទេសចរណ៍អេកូធម្មជាតិជាង៤០កន្លែង ស្ថិតនៅលើភ្នំចង្ក្រានរយ ក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។ តំបន់នោះចម្ងាយហែល៨០គីឡូម៉ែត្រពីទីរួមខេត្ត ។ តំបន់ទេសចរណ៍ព្រៃឈើនោះគ្របដណ្តប់ដោយទេសភាពព្រៃឈើនៅលើផ្ទៃដី៩.០០០ហិកតា ជាជម្រកសត្វព្រៃ និងជីវចម្រុះគ្រប់ប្រភេទ ដែលអាចជួយដល់ការរៀបចំអេកូទេសចរណ៍តាមបែបសហគមន៍ ។
ប្រធានសហគមន៍ព្រៃឈើភ្នំចង្ក្រានរយកាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា ភាពទាក់ទាញនៃតំបន់នោះមានដូចជា កន្លែងហែលទឹកលេងនៅរដូវវស្សា ទស្សនាសត្វព្រៃ និងសត្វមេអំបៅ រួមជាមួយការធ្វើដំណើរដោយថ្មើរជើងទៅគយគន់សមុទ្រឈើ ល្អាងប្រចៀវ និងភ្នំចាន់ក្រហម នាំគ្នាជិះគោយន្ដ ឬជិះកង់កម្សាន្ត ឈ្វេងយល់ពីវប្បធម៌ ទស្សនាថ្មជារូបចង្ក្រានរាប់រយរាប់ពាន់នៅលើភ្នំនោះ ហើយរីករាយជាមួយការរស់នៅបែបជនបទ ។ អ្នកទេសចរអាចបោះតង់ស្នាក់នៅដោយភាពសប្បាយរីករាយ ។
បច្ចុប្បន្នសហគមន៍ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ មានអ្នកទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តបន្ដបន្ទាប់ ប៉ុន្ដែជាអ្នកទេសចរ ជាក្រុមៗ ។
ប្រធានសហគមន៍និយាយថា «សហគមន៍ព្រៃឈើសង្ក្រានរយ មិនត្រឹមតែជាតំបន់អេកូទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ វាក៏ជាយុទ្ធសាស្ដ្រមួយជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ ពីព្រោះព្រៃសហគមន៍នោះ មានទាំងព្រៃស្រោង និងព្រៃរបោះ ដែលគ្រប ដណ្ដប់ដោយព្រៃឈើប្រមាណជិត១ម៉ឺនហិកតា ។ តំបន់អេកូទេសចរណ៍ទាំងនោះ កំពុងបង្ហាញខ្លួនដើម្បីរង់ចាំអ្នកទេសចរទៅកម្សាន្តដោយមានទាំងតំបន់ទេចរណ៍ធម្មជាតិប្រវត្ដិសាស្ដ្រផងដែរ ។
តំបន់នោះក៏មានការទាក់ទាញផងដែរនូវអ្នកទេសចរណ៍បែបពនេចរ ដើរផ្សងព្រេងគ្រប់ជាតិសាស្ដ្រជាដើម ។ ព្រៃឈើទាំងនោះជួយកាត់បន្ថយនូវភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងការអភិរក្សប្រកបដោយនិរន្ដរភាពផងដែរ »៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ