ប្រទេសចិន-ប៉ាគីស្ថាន ៖ ប្រឈមមុខនឹងហ្វូងកណ្ដូបដែលគំរាមកំហែងដំណាំដាំដុះ ប្រទេសចិនបានប្រើមធ្យោបាយមួយ ដែលងាយ និងចាត់ទុកថា មានប្រសិទ្ធភាពបំផុត ជាងថ្នាំសម្លាប់សត្វល្អិតទៀតផង ក្នុងការកម្ចាត់ហ្វូងកណ្ដូបនោះគឺកងទ័ពទា។
យោងតាមកាសែត THE INDEPENDENT របស់អង់គ្លេសថា អាវុធពិសេសបំផុតនោះដែលចិននឹងបញ្ជូនក្នុងពេលដ៏ឆាប់ខាងមុខ ទៅកាន់ប៉ាគីស្ថានគឺហ្វូងទាប្រមាណជា១០០.០០០ក្បាល ដែលនឹងប្រយុទ្ធប្រឆាំងការលុកលុយធំបំផុតរបស់ហ្វូងកណ្ដូប ដែលចោទជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរមួយ លើសន្តិសុខស្បៀងរបស់តំបន់។ ពពួកទាត្រូវបានចាត់ទុកថា មានប្រសិទ្ធភាពខ្ពស់បំផុតក្នុងសភាពការណ៍បែបនេះ។
ចាប់តាំងពីខែមិថុនាឆ្នាំ២០១៩មក នៅឥណ្ឌា អីុរ៉ង់និងប៉ាគីស្ថានមានវត្តមានគួរឲ្យព្រួយបារម្ភនៃហ្វូងកណ្ដូបជាច្រើន។ ប៉ុន្តែបច្ចុប្បន្នហ្វូងកណ្ដូបកំពុងលុកលុយអាក្រក់បំផុតនៅប៉ាគីស្ថាន ពុំធ្លាប់មានចាប់តាំងពី២០ឆ្នាំមកហើយ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោកអ៊ីមរ៉ានខាន់ថ្លែងពីសភាពការណ៍បន្ទាន់ជាតិមួយ កាលពីដើមខែកុម្ភៈប្រឈមមុខនឹងវិបត្តិនេះ។ ដំណាំស្រូវសាលីរបស់ប្រទេសនឹងជួបគ្រោះថ្នាក់។
យោងតាមវីដេអូមួយចេញផ្សាយដោយទូរទស្សន៍ចិនCHANA GLOBAL TELEVISION NEXWORK គេនិយាយពីហ្វូងកណ្ដូបដល់ទៅ៤០០ពាន់លានក្បាល ដែលហោះហើរមកកាន់ក្បែរព្រំដែនរវាងប៉ាគីស្ថាននិងចិន។
កាលពីឆ្នាំ២០០០ ប្រទេសចិនធ្លាប់បានជ្រើសរើសកងទ័ពទា សម្រាប់ប្រឈមមុខនឹងការគំរាមកំហែងបែបនេះ។ ឧទាហរណ៍កាលពីឆ្នាំ២០០០ចិន បានដាក់ពង្រាយទាដល់ទៅ៧០០.០០០ក្បាលក្នុងតំបន់សីុនជាំង ដើម្បីតស៊ូប្រឆាំងការលុកលុយនៃហ្វូងកណ្ដូប។ តាមការសិក្សាថាក្នុងទា១ក្បាលអាចចាប់សីុកណ្ដូបដល់ជាង២០០ក្បាលក្នុង១ថ្ងៃ ដែលមានប្រសិទ្ធភាពជាងពពួកសត្វមាន់។ ការប្រើទាក៏ចំណាយតិចហើយគោរពដល់បរិស្ថានទៀតផង។
ចំណែកនៅទ្វីបអាហ្វ្រិកវិញក៏កំពុងតែរងការគំរាមកំហែងដោយហ្វូងកណ្ដូបខ្លាំងដែរ។ហ្វូងកណ្ដូបបានលើកគ្នាមកដល់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយគំរាមគំហែងប្រទេសអាហ្វ្រិកដទៃៗទៀត។ អ.ស.បកំពុងប្រមូលកម្លាំង ដើម្បីតស៊ូប្រឆាំងការលុកលុយរបស់ហ្វូងកណ្ដូបនៅអាហ្វ្រិកខាងកើត ដោយហ្វូងកណ្ដូបកំពុងបន្តគ្រោះថ្នាក់ដល់តំបន់ឯទៀតៗនៅអាហ្វ្រិក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ