រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០១៩នេះ អាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដោយរក្សាបាននូវសុខសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ ប្រសើរ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ដែលបានធ្វើអោយបទល្មើសថយចុះជាង២០០ករណី បង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន កាលពីព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅភ្នំពេញ សម្រាប់ឆ្នាំ២០១៩នេះ បទល្មើស ព្រហ្មទណ្ឌបានកើតមានឡើងចំនួន៨៣៨/១០៤៦លើក ថយចុះ២០៨លើកស្មើនឹង២០ភាគរយ ក្នុងនោះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណីស្មើនឹង ៨៩,៣៧% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាវិជ្ជមាននៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌសុវត្ថិភាពនិងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមានប្រសិទ្ធភាព។
លោកអភិបាលរាជធានីបន្តថា ក្នុងឆ្នាំ២០១៩នេះដែរ អាជ្ញាធររាជធានីបានរៀបចំទទួលព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុកដោយបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ សុវត្ថិភាពនិងអធិកអធមយ៉ាងក្រៃលែងដោយមានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ សរុបចំនួនប្រមាណ៤,៩លាននាក់ កើនឡើង៦,៦ភាគរយ ធៀបឆ្នាំ២០១៨កន្លងទៅ បើទោះបីមានផលប៉ះពាល់តិចតួចពីកត្តានយោបាយនិងការប៉ុនប៉ងអំពីក្រុមប្រធានក្រៅច្បាប់យ៉ាងណាក្តី ។
លោកអភិបាលរាជធានីបន្តថា ក្រៅពីនេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងរៀបចំផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ២០២០-២០២៤ និងគម្រោងវិនិយោគ ៣ឆ្នាំរំកិល ២០២០-២០២២ ក្នុងនោះគម្រោងសកម្មភាពរបស់រដ្ឋបាលរាជធានីភ្នំពេញចំនួន២០៧ គម្រោង សកម្មភាពរបស់រដ្ឋបាល ខណ្ឌ សង្កាត់ ចំនួន ៤០៩ គម្រោង និងគម្រោងសកម្មភាពរបស់មន្ទីរអង្គភាពចំនួន៨១គម្រោង សរុបមានថវិកាគាំទ្រប្រមាណ៩៨៥០០០០០០០០០រៀល ។ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចសន្យាជួលទីតាំងដែលជាទ្រព្យសម្បត្តិរបស់រដ្ឋសរុបចំនួន៣៣ទីតាំង ដោយបានចុះកិច្ចសន្យាជាមួយឯកជនក្រៅពីទីតាំងទ្រព្យសម្បត្តិរដ្ឋចំនួន ៤៤ទីតាំងនិងបានចុះបញ្ជីទីតាំងវិនិយោគ នៅអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញសរុប២៥ទីតាំង។ បានធ្វើការដោះស្រាយសំណង់មិនរៀបរយលើផ្ទៃប្រឡាយនិងអភិវឌ្ឍន៍លំនៅដ្ឋាននៅនឹងកន្លែងជូនប្រជាពលរដ្ឋក្រីក្រនិងសហគមន៍ស្ទឹងមានជ័យប្រជាពលរដ្ឋចំនួន ១៥៣គ្រួសារ ដោយ ក្នុងដំណាក់កាលទី១ បានទទួលវិញ្ញាបនបត្រសំគាល់ម្ចាស់អចនវត្ថុរួចហើយនិងកំពុងបន្តអនុវត្តដំណាក់កាលបន្តទៀត។
ដោយឡែកចំពោះការដោះស្រាយផលប៉ះពាល់ក្នុងគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ជ្រោយចង្វារ រដ្ឋបាលរាជធានីភ្នំពេញនិងភាគីក្រុមហ៊ុន ocic បានបន្តចែកប័ណ្ណលើកទី៥ ដែលគិតមកដល់ពេលនេះយើងបានរួមគ្នាដោះស្រាយផលប៉ះពាល់និងរៀបចំពិធីចែកប័ណ្ណប្រគល់ផ្ទះជូនប្រជាពលរដ្ឋបានចំនួន២៩៥ប័ណ្ណ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលឆ្នាំខាងមុខនេះ។បានបិទបញ្ចប់ទាំងស្រុងសំណុំរឿងទំនាស់ដីធ្លីរ៉ាំរ៉ៃក្នុងតំបន់អភិវឌ្ឍន៍បឹងកក់និងសហគមន៍បុរីកីឡា និងកំពុងឈានទៅបន្តដោះស្រាយបញ្ចប់ បញ្ហាតំបន់អភិវឌ្ឍន៍ឫស្សីកែវ តំបន់អភិវឌ្ឍន៍បឹងទំពុន ជើងឯង តំបន់អតីតផ្លូវដែក តំបន់ស្ថានីយបូមទឹកទួលគោក តំបន់ស្ថានីយបូមទឹកបឹងត្របែកនិងពិនិត្យការរៀបចំតំបន់មិនរៀបរយមួយចំនួនទៀត។
លោកអភិបាលរាជធានីបានបញ្ជាក់បន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០១៩ នេះក៏បានផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ តាមច្រក ចេញចូលតែមួយ រាជធានីភ្នំពេញបានចំនួន២៣៩៥៩សេវា ទទួលបានចំណូលថវិកាចំនួន ៤១៦៨០០០០០០រៀលនិងតាមរយៈការិយាល័យច្រកចេញ ចូលតែមួយ បានផ្ដល់សេវាជូនប្រជាពលរដ្ឋចំនួន ៣៥៣១០៤នាក់ ដោយទទួល បានចំណូល ថវិកា៩២៧៩០០០០០០។ បានពង្រឹង សមត្ថភាពផ្ដល់សេវារបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយបានរៀបចំកែសម្រួលផ្លូវរត់ ៣ខ្សែរហូតដល់១៣ខ្សែ ដោយប្រើប្រាស់រថយន្តក្រុងចំនួន២៣៥គ្រឿង ហើយជាបណ្ដើរបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកាន់តែមានការគាំទ្រនិងពេញនិយមប្រើប្រាស់សេវានេះ ក្នុងនោះជាមធ្យមមានប្រជាពលរដ្ឋចន្លោះពី២៦០០០ទៅ ៣ម៉ឺនជារៀងរាល់ថ្ងៃ។
លោកបានបញ្ជាក់ផងដែរថា ក្នុងអង្គសន្និបាតនេះគឺបានរក្សាវិធីសាស្ត្រដូចឆ្នាំមុនៗដែរ ពោលគឺបាន បែងចែក ក្រុមពិភាក្សាដែលដឹកនាំដោយអភិបាលរងនិងមានសមាសភាពចូលរួមពីក្រុមការងារថ្នាក់ជាតិអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាព ក្រោមការសម្របសម្រួលពី លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានី ដោយផ្ដោតសំខាន់ទៅលើប្រធានបទចំនួន៤ គឺទី១-វិធានការលើកកម្ពស់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ទី២-ការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ។ ទី៣-ការទប់ស្កាត់សំណង់គ្មានច្បាប់លិខិតអនុញ្ញាសាងសង់និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ និងទី៤-ការអនុវត្តសមត្ថភាពធនធានមនុស្ស៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ