ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតបានបាត់បង់ជីវិតពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកម្នាក់ទៀតគ្រាន់តែរងរបួសស្រាល និងបានគេចខ្លួនបាត់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចមុខទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅលើផ្លូវជាតិលេខ៥៣ ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងឈ្មោះ ហេង លីហ្សា អាយុ២៩ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ជាអ្នកបើកបរម៉ូតូធុនធំមួយគ្រឿង អត់ស្លាកលេខ ។ ចំណែកបុរសម្នាក់ដែលបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឈ្មោះ សឿង វិចិត្រ អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១D.១៤១៧ ។ ដោយឡែកអ្នករងរបួសស្រាលដែលរត់គេចខ្លួនបាត់ មិនស្គាលអត្តសញ្ញាណនោះទេ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១GX-៤២៩២ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះហេង លីហ្សា បើកបរម៉ូតូធុនធំ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ចំណែកជនរងគ្រោះឈ្មោះ សឿង វិចិត្រ និងបុរសម្នាក់ទៀតដែលរងរបួសស្រាលបានជិៈម៉ូតូស្របគ្នាពីកើតមកលិច ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំណុចមុខទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យជនរងគ្រោះឈ្មោះ ហេង លីហ្សា ជិះម៉ូតូធំបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកជនរងគ្រោះឈ្មោះ សឿង វិចិត្រ បានបាត់បង់ជីវិតពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកជនរងគ្រោះរងរបួសស្រាលបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូទាំង៣គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយទៀត ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ