ប្រសិនបើមនុស្សម្នាក់ធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ នោះពួកគេត្រូវចំណាយប្រមាណ ៩ពាន់ម៉ោងក្នុងមួយឆ្នាំ ។ ការងារស្មើនឹង ១ភាគ ៣នៃជីវិតរបស់មនុស្សគ្រប់រូប ដូច្នេះវាគួរតែជាការងារដែលអ្នកពិតជាស្រលាញ់ពិតប្រាកដ ។
![Picture]()
ប៉ុន្តែការពិតជាក់ស្តែង មនុស្សគ្រប់រូបមិនអាចធ្វើការដែលខ្លួនស្រលាញ់ចូលចិត្តបានគ្រប់ពេលវេលាទេ ។ យ៉ាងណាក្តី វាមិនមានន័យថាអ្នកមិនមានផ្លូវដើរដែរ ។ មិនថាអ្នកកំពុងតែចង់ឡើងតំណែងទាមទារការឡើងប្រាក់ខែ ឬកំពុងតែរកការងារទេ ជំហានខាងក្រោមនេះអាចជួយឲ្យអ្នកក្លាយជាបុគ្គលិក ឬម្ចាស់អាជីវកម្មដែលសប្បាយចិត្ត និងមានតម្លៃសម្រាប់ស្ថាប័នការងាររបស់អ្នក ។
១. សុំការវាយតម្លៃពីអ្នកដទៃ
ការស្នើសុំការវាយតម្លៃពីចៅហ្វាយរបស់អ្នក ឬមិត្តរួមការងារបរស់អ្នកអាចជួយឲ្យអ្នកលូតលាស់ទៅមុខបានលឿន ។ ជាក់ស្តែង ការរិះគន់មិនតែងតែល្អស្តាប់ទេ ប៉ុន្តែវាជួយឲ្យអ្នកយល់ដឹងបន្ថែមពីទស្សនៈរបស់មនុស្សជុំវិញខ្លួនអ្នក និងផ្តល់ឱកាសឲ្យអ្នកប្រាប់ពីទស្សនៈរបស់ខ្លួនឯងផងដែរ ។
២. ឈប់ខ្ជិល
ភាពខ្ជិលច្រអូសប្រៀបបានជាផ្នែកមួយនៃធម្មជាតិរបស់មនុស្ស ហើយក្នុងសម័យកាលប្រព័ន្ធសង្គមនេះ វាកាន់តែពិបាកសម្រាប់មនុស្សក្នុងការផ្តោតស្មារតីតែលើការងារទាំងស្រុងពីមួយថ្ងៃទៅមួយថ្ងៃ ។ ប៉ុន្តែភាពខ្ជិលច្រអូសបន្តិចបន្តួចដូចជាការមិនឆ្លើយតបនឹងអ៊ីមែលជាដើមនេះអាចប៉ះពាល់ដល់ឱកាសជោគជ័យរបស់អ្នកនៅថ្ងៃមុខ ។ វិធីងាយស្រួលមួយគឺការបង្កើតបញ្ជីការងារដែលអ្នកត្រូវសម្រេចក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ និងរៀបវាតាមសារៈសំខាន់របស់កិច្ចការនីមួយៗ ។ វាជួយឲ្យអ្នកដឹងពីកិច្ចការដែលសំខាន់ជាងគេ និងកិច្ចការដែលអ្នកត្រូវសម្រេចឲ្យបានលឿន ។
៣. បង្កើតគម្រោងសម្រាប់ ៥ឆ្នាំ
ការបង្កើតផែនការឬគម្រោងសម្រាប់រយៈពេល ៥ឆ្នាំជួយឲ្យអ្នកដឹងពីជំហានដែលអ្នកត្រូវដើរដើម្បីសម្រេចគោលដៅដែលអ្នកចង់សម្រេច ។ ឧទាហរណ៍ដូចជាអ្នកចង់បានតំណែងជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សជាដើម ។ ដើម្បីទៅរកគោលដៅនោះ អ្នកប្រហែលជាត្រូវនិយាយជាមួយនឹងប្រធានក្រុមរបស់អ្នក រៀនពីផ្នែកគ្រប់គ្រងបន្ថែម ឬស្ម័គ្រចិត្តសម្រេចកិច្ចការច្រើនជាងមុនជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ