ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្របារី​ឆេះពីអធ្រាត្រ​ដល់ព្រឹក​ ជិត​វត្ត​ព្រៃស្ពឺមិនដឹងមូលហេតុ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងចក្រ​ផលិត​បារី​​មួយ​​កន្លែង​នៅ​ជិត​វត្ត​ព្រៃ​ស្ពឺ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​កន្លែង​កើតហេតុ​រត់​ចែក​ជើង​គ្នា​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ​ផលិត​បារី ស្ថិត​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២…

រាជធានីភ្នំពេញ ៖ រោងចក្រ​ផលិត​បារី​​មួយ​​កន្លែង​នៅ​ជិត​វត្ត​ព្រៃ​ស្ពឺ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​កន្លែង​កើតហេតុ​រត់​ចែក​ជើង​គ្នា​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​រោងចក្រ​ផលិត​បារី ស្ថិត​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​យាម​នៅ​រោងចក្រ​ខាងលើ​បាន​និយាយ​ប្រាប់​ថា រោងចក្រផលិត​បារី​នេះ​​បាន​ផ្អាក​ដំណើរការ​រយៈពេល​ជាង​១​ខែ​មក​ហើយ តែ​មាន​កម្មករ​នៅ​សំរាក ក្នុង​រោងចក្រ​ខាងលើ​នេះ​ជាង​២០​នាក់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ កម្មករ​កំពុង​តែ​ដេក ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ភ្លាម​នោះ​ក្រុម​កម្មករ​នៅ​សំរាក​ក្នុង​រោងចក្រ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​អស់​ជាង​១០​បំពង់​ហើយ តែ​អណ្តាតភ្លើង​មិន​បាន​ថម ថយ​នោះ​ទេ នៅ​តែ​បន្ត​ឆេះ​ទៀត ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គី​ភ័យ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ ប៉ុន្តែ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ពន្លត់​មិន​រលត់​នោះ​ទេ គ្រាន់តែ​ទប់ស្កាត់​កុំអោយ​ឆាបឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ មានការ​ភិតភ័យ​បាន​នាំ​គ្នា​ប្រមូល​អីវ៉ាន់​ចេញពីផ្ទះ​ជួល​ខ្លាច​អណ្តាតភ្លើង​ឆាបឆេះ​មក​ដល់ ។

ក្នុង​ហេតុការណ៍​អគ្គី​ភ័យ​នេះ​ដែរ​មាន​វត្តមាន​របស់​អភិបាល​រាជធានី​ភ្នំពេញ អភិបាល​ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​ចុះ​មក​ជួយ​សម្របសម្រួល​នៅ​កន្លែង​កើតហេតុ​ផង​ដែរ ។

អគ្គិភ័យ​ឆេះឆាប​រោងចក្រ​ផលិត​បារី​ខាងលើ​នេះ​បណ្តាល​ឱ្យ​បាក់​អគារ​មួយ​ទាំងស្រុង នៅ​សល់​តែ​ជញ្ជាំង​​បន្តិចបន្តួច​ប៉ុណ្ណោះ​ ចំពោះ​មូលហេតុ សមត្ថកិច្ច​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​មាន​អ្នក​រង​របួស ឬ​ក៏​អត់​នោះ ក៏​មិន​ទាន់​ដឹង​ដែរ​។

ក្នុង​ហេតុការណ៍​ខាងលើ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​នៅ​មិន​ទាន់​ដឹង​ថា​អស់​ប៉ុន្មាន​គ្រឿង​នោះ​ទេ ដោយហេតុ​ថា​អគ្គី​ភ័យ​ឆេះ​តាំងពី​ម៉ោង​១​រំលង​អធ្រាត្រ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ នេះ អណ្តាតភ្លើង​នៅ​មិន​ទាន់​រលត់​នៅឡើយ​ទេ ហើយ​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​តែ​បន្ត​បាញ់​ទឹក​នៅឡើយ​ទេ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ