ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន​ដែល​ចេញ​ផ្លែផ្កា​នៅ​ចុងឆ្នាំ​២០២០​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ថា​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ប្រទេស​មហាអំណាច​ចិន (Free Trade Agreement) ដែល​បាន​ចាប់ផ្តើម​ការ​ចរចា​ដំបូង​នៅ​ដើម​ខែមករា​នឹង​អាច​បញ្ចប់​ជា​ផ្លូវការ​នា​ខែវិច្ឆិកា​ខាង​មុខ ដែល​ក្នុង​នោះ​កម្ពុជា​រំពឹង​ថា​តាម​រយៈ FTA ជាមួយ​ចិន​នឹង​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​នូវ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​បាន​កាន់តែ​ច្រើន​ឡើង…

​រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​សាធារណៈ​ថា​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ប្រទេស​មហាអំណាច​ចិន (Free Trade Agreement) ដែល​បាន​ចាប់ផ្តើម​ការ​ចរចា​ដំបូង​នៅ​ដើម​ខែមករា​នឹង​អាច​បញ្ចប់​ជា​ផ្លូវការ​នា​ខែវិច្ឆិកា​ខាង​មុខ ដែល​ក្នុង​នោះ​កម្ពុជា​រំពឹង​ថា​តាម​រយៈ FTA ជាមួយ​ចិន​នឹង​ជួយ​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​នូវ​ទំនិញ​ទៅ​កាន់​ប្រទេស​ចិន​បាន​កាន់តែ​ច្រើន​ឡើង ។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មានបាន​ប្រសាសន៍​កាលពី​ថ្ងៃ​ទី ២៤ កុ​ម្ភះ​នេះ​ថា «​ខ្ញុំ​អាច​បញ្ជាក់​ថា​បាន​ថា​យើង​ចង់បាន​ណាស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​នានា ។ យើង​បាន​ចរចារ​ជុំ​ទី​១​ជាមួយ​ចិន​រួច​ហើយ ។ យើង​បន្ត​ការ​ចរចារ​ជាមួយ​ចិន​អាច​នឹង​ការ​រំពឹង​ទុក​របស់​យើង​នៅ​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា និង​ចិន​នឹង​រួចរាល់ ហើយ​ប្រកាស​ដាក់​ឱ្យ​ប្រើ ឬ​ដាក់​ឱ្យ​អនុវត្ត​ចុះហត្ថលេខា​នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ចិន​មក​ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ទីក្រុង​ភ្នំពេញ​នា​ខែវិច្ឆិកា​ឆ្នាំ​២០២០»​។

លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា «​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ (FTA) ក្តោប​លើ​វិស័យ​ស្ទើរតែ​អស់ ។ ដូច្នេះ​វា​មាន​ផលប្រយោជន៍​ធំ សម្រាប់​ប្រទេស​ណា​បាន​ធ្វើ​FTA ជាមួយ​គ្នា តាម​រយៈ​ការ​ចរចា​គ្នា​។​ចំពោះ​កម្ពុជា​យើង​ឃើញ​ថា​ទីផ្សារ​ប្រទេស​ចិន​វា​ធំ បើ​យើង​បាន​ចរចា​បាន​លក្ខ​ណ្ឌ​ល្អ ហើយ​ប្រទេស​ចិន​មានការ​យោគយល់​មក​លើ​ប្រទេស​កម្ពុជា​ឱ្យ​អាទិភាព​យើង​ច្រើន​។​យើង​មានការ​ជឿ​ទុកចិត្ត​ថា​ប្រទេស​ចិន​នឹង​ផ្តល់​ភាព​អនុគ្រោះ​មក​ឱ្យ​កម្ពុជា​ច្រើន​ពីព្រោះ​ស្ថិត​នៅ​ក្នុង​ការ​ចរចា​រវាង​អាស៊ាន​ចិន ទាល់តែ​ចិន​នោះ​ផ្តល់​អាទិភាព​ដល់​កម្ពុជា​ច្រើន​ជាង​ប្រទេស​ដទៃ​ដែរ​»​។

​លោក​បាន​បន្ត​ថា «​កាលណា​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​ចិន​មាន FTA ជាមួយ​គ្នា​ហើយ នោះ​របាំង​អនាម័យ ភូតគាម​អនាម័យ​ទៅ​លើ​ផលិតផល​កសិកម្ម​របស់​យើង​នឹង​មាន​លក្ខណៈ​ងាយស្រួល​ជាង​មុន​ហើយ​។​យើង​បានដឹង​ហើយ​ថា​មករ​ហូត​មក​ដល់​ពេល​នេះ​យើង​បាន​ចរចា​លើ​មុខទំនិញ​ជាមួយ​ចិន​ទើបតែ​បាន​៤​មុខ​ទេ ហើយ​យើង​ត្រៀម​ប៉ុន្មាន​មុខ​ផ្សេង​ទៀត​ធ្វើ​ជាមួយនឹង​ចិន​។​តែបើ​យើង​អាច​ធ្វើ​FTA​បាន យើង​នឹង​ធ្វើ​MOU​រួម​គ្នា​មួយ​សម្រាប់​ទៅ​លើ​មុខទំនិញ​ច្រើន​បាន នោះ​វា​នឹង​ប្រសើរ​បំផុត​សម្រាប់​យើង​» ។

បន្ថែម​ពីលើ FTA ជាមួយ​មហាមិត្ត​ចិន​នោះ កម្ពុជា​បាន​នឹង​កំពុង​ខិតខំ​ក្នុង​ការ​ចរចា​និង​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ទៀត​ជា​ច្រើន​ក្រៅពី​ចិន ជាក់ស្តែង​កម្ពុជា​ក៏​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កូរ៉េ​កម្ពុជា​ថែម​ទាំង​បាន​ចរចារ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​នៅ​ក្នុង​តំបន់​និង​ក្រៅ​តំបន់​របស់​ខ្លួន​ផង​ដែរ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​។ ​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​បញ្ជាក់​ថា​« យើង​កំពុង​រៀបចំ​ការ​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ។ យើង​ក៏​រៀបចំ​ការ​ចរចា​ជាមួយ​សហភាពអឺ​រ៉ា​ស៊ី ដូច​មាន រុ​ស្សី​, បេឡា​រុស​រួម និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត ហើយ​ប្រសិនជា​ប្រទេស​អង់គ្លេស​ចង់​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​កម្ពុជា កម្ពុជា​នឹង​ស្វាគមន៍ ហើយ​យើង​អត់​យល់​ទាស់​ទេ​។ អង់គ្លេស​បាន​ស្នើ​សុំ​យើង​ដើម្បី​ឱ្យ​គាំំ​ទ្រ​ទៅ​លើ​ការ​ភាព​ជា​ដៃគូ​រវាង​ប្រទេស​អង់គ្លេស​នឹង​អាស៊ាន ហើយ​កម្ពុជា​ច្បាស់​ជា​គាំទ្រ​ដល់​អង់គ្លេស​ឱ្យ​ក្លា​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ជាមួយនឹង​អាស៊ាន​ក្នុង​មូលហេតុ​ដោយ​អង់គ្លេស​ជា​ក៏​សមាជិក​មួយ​ក្នុង​ចំណោម​សមាជិក​អចិ​ន្ត្រៃ​ទាំង​៥​របស់​អង្គការសហប្រជាជាតិ​»​។

ពាក់ព័ន្ធ​ការ​ចរចា​រលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​មហាមិត្ត​ចិន​នេះ បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២០​ឱ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក លី​គឺ​ជាំ​ង នាយក​រដ្ឋមន្ត្រី​នៃ​សា​ធារណ​រដ្ឋ​ប្រជាមានិត​ចិន ក្នុង​ជំនួប​ទ្វេភាគី​កាលពី​ថ្ងៃ​ទី​២០-២៣​ខែមករា​២០១៩ នៅ​ទីក្រុង​ប៉េ​កាំ​ង​បានឱ្យ​ក្រុមការងារ​នៃ​ប្រទេស​ទាំង​ពីរ​រៀបចំ​សិក្សា​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន​។

ភាគី​ទាំង​ពីរ​បាន​ចាប់ផ្តើម​សិក្សា​និង​រាយ​ការ​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ព្រមទាំង​ទទួល​បាន​អាណត្តិ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​ដំណើរការ​ចរចា​លើ​កិច្ចព្រមព្រៀង​នេះ​ដើម្បី​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវា​និង​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន សំដៅ​សម្រេច​ឱ្យ​បាន​គោលដៅ​ពាណិជ្ជកម្ម​សរុប​ចំនួន​១០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០២៣​តាម​ការ​កំណត់​។

តាម​សេចក្តី​ប្រកាស​ដដែល​ថា​នៅ​ថ្ងៃ​ទី​២០-២១​ខែមករា​ឆ្នាំ​២០២០ កម្ពុជា​-​ចិន​បាន​បើក​ការ​ចរចា​ជុំ​ទី​១​លើក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅ​ទីក្រុង​ប៉េ​កាំ​ង​ប្រទេស​ចិន ក្រោម​អធិបតី​លោក សុខ​ស​ភ័​ក្រ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​លោក រេ​ន​ហុង​ប៊ី​ន​អនុរដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ចិន​។​នៅ​ក្នុង​ពិធី​បើក​កិច្ចចរចា​ជា​ផ្លូវការ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ចិន​និង​កត់សម្គាល់​សារៈសំខាន់​នៃ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទ្វេភាគី​។​ឆ្លងកាត់​ការ​ចរចា​រយៈពេល​២​ថ្ងៃ ប្រធាន​ក្រុម​ចរចា​នៃ​ប្រទេស​ទាំង​ពីរ​បាន​កត់សម្គាល់​លទ្ធផល​ជា​វិជ្ជមាន​របស់​ក្រុមការងារ​ចរចា​ទាំង​១០​ក្រុម ដោយ​បាន​ផ្តាស់​ប្តូ​រមតិ និង​គោល​ជំហរ​ទៅ​វិញ​ទៅ​មក ព្រមទាំង​ឯកភាព​លើ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​ជុំ​ចរចា​នេះ​។

សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា «​ជំហាន​បន្ទាប់ ភាគី​ទាំង​ពីរ​និង​ជំរុញ​ឱ្យ​បាន​កាន់តែ​ឆាប់រហ័ស​នូវ​ការ​លើក​ឡើង​ចំណុច ឬ​សំណើរ​ផ្សេង​ៗ​តាម​ក្រុមការងារ​នីមួយ​ៗ សំដៅ​ឈាន​ទៅ​រក​ការ​ឯកភាព​លើ​កិច្ចព្រមព្រៀង ក្នុង​រយៈពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​ជាមួយ​នោះ​ប្រធាន​ក្រុម​ចរចា​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ជំរុញ​កិច្ច​ពិគ្រោះ​យោបល់​និង​សម្របសម្រួល​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន​ឱ្យ​បាន​មុន​ជុំ​ទី​២​នៃ​ការ​ចរចា​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២០​នេះ​» ។

បើ​តាម​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រទេស​ណា​ដែល​បាន​ធ្វើ​ពាណិជ្ជកម្ម​សេរី​ជាមួយ​គ្នា​នោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ធំ តួយ៉ាង​បើ​កម្ពុជា​និង​ចិន​អាច​ឈាន​ទៅ​ដល់​ចំណុច​ធ្វើ​ពាណិជ្ជកម្ម​សេរី​រួម​គ្នា ប្រាកដ​ណាស់​ប្រទេស​ចិន​និង​ផ្តល់​អាទិភាព​ច្រើន​ដល់​កម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ