ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនរួចចំនួន៤០នាក់ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលាបឋមសិក្សាកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេក។

លោកជំទាវ ឆាន់ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ និងជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ផ្ញើជូនបងប្អូនជនរួមជាតិក្នុងទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

លោកជំទាវបានមានប្រសាសន៍ថា ជាមួយនឹងវឌ្ឍនភាពនេះប្រទេសកម្ពុជាកាន់តែមានឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន និងទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលដែលចួយដល់ក្មួយៗនារីនិងមន្ត្រីរាជការ និងកម្មការនីទទួលបាននូវអត្ថប្រយោជន៍ក្នុងការថែទាំសុខភាព ទទួលបាននូវការពិគ្រោះនិងពិនិត្យព្យាបាលជំងឺទទួលបានការឧបត្ថម្ភមាតុភាព រួមចំណែកជួយអោយគ្រួសារនីមួយៗមានសុភមង្គល។

លោកជំទាវ ឆាន់ ច័ន្ទសោភា បានឱ្យដឹងថា ជាសារលិខិតបានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ចូលរួមគាំទ្រការអនុវត្តគោលនយោបាយប្រកបដោយចឹរភាពនៅឆ្នាំ២០៣០របស់រាជរដ្ឋាភិបាលតាមកំណត់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងជាតិនិងអន្តរជាតិសូមជួយនិងបន្តជួយវិនិយោគគាំទ្រដល់ការងារសុខភាពមាតានិងទារកនិងកុមារនៅកម្ពុជា។

ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាបាននាំយកអំណោយជូនដល់ស្ត្រីមានផ្ទៃពោះនិងស្ត្រីសម្រាលកូនរួចចំនួន៤០នាក់ ក្នុងម្នាក់ៗទទួលបានកន្សែងពោះគោ១ សារុង១ ទឹកដោះគោឆៅ១ឡូ ទឹកបរិសុទ្ធដបធំ៦ដប ទឹកដោះគោខាប់២កំប៉ុង សាប៊ូកក់សក់១ដប ម្ស៉ៅលាបខ្លួន១ដប ទឹកសណ្តែក១យួរ សាប៊ូម្ស៉ៅ១ថង នំប្រៃ១ថង់ធំ និងថវិកាចំនួន៣ម៉ឺនរៀល៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ