រាជធានីភ្នំពេញ ៖ ការឈ្នះមេដាយមាសពិភពលោកមួយបន្ថែមទៀតកាលពីឆ្នាំ២០១៩ កន្លងទៅ បាននាំឲ្យវីរកីឡាការិនីកែ ឡេងក្លាយជាកីឡាការិនីទីមួយនៅលើពិភពលោកដែលឈ្នះមេដាយមាសពិភពលោកដល់ទៅ៤សម័យកាលជាប់ៗគ្នា ធ្វើឱ្យគណៈកម្មការអន្តរជាតិបានចារឈ្មោះអ្នកស្រីក្នុងបញ្ជីជាកីឡាការិនីឆ្នើមនៅក្នុងប្រវត្តិសាស្ត្រទៀតផង ។

យោងតាមប្រវត្តិ ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីឆ្នាំ២០១៣ និង២០១៥ កែ ឡេង បានយកឈ្នះកីឡាការិនីទុយនីស៊ី Beji Mouna ទាំងពីរលើក ដោយឆ្នាំ២០១៣ប្រព្រឹត្តទៅនៅទីក្រុង Montauban ប្រទេសបារាំង និងឆ្នាំ២០១៥ នៅទីក្រុងបាងកក ប្រទេសថៃ ធ្វើឱ្យអ្នកស្រីឈ្នះមេដាយមាសពិភពលោក ។ កាលពីឆ្នាំ២០១៧ វីរកីឡាការិនីកម្ពុជារូបនេះបានយកឈ្នះកីឡាការិនី ថៃ Phantipha Wongchuvej នៅទីក្រុង Kaihua ប្រទេសចិនជាថ្មីទៀត គ្រងបានតំណែងជាកីឡាការិនីប៉េតង់ឆ្នើមរបស់ពិភពលោក។
បើគិតចាប់តាំងពីឆ្នាំ២០០២មក កីឡាការិនីបារាំង Papon Angelique មានកំណត់ត្រាឈ្នះ មេដាយមាស៣លើកជាប់គ្នានៅឆ្នាំ២០០៦,ឆ្នាំ២០០៧ និងឆ្នាំ២០០៩ ។ កីឡាការិនីផ្សេងទៀតដែលធ្លាប់ឈ្នះមេដាយមាស រួមមាន កីឡាការិនីអេស្ប៉ាញ Mattaranz Yolanda (ឆ្នាំ២០០២), កីឡាការិនីថៃThamakord Thongsri និងកីឡាការិនីម៉ាដាហ្គាស្កា Randriambahiny Hanta Francine ។

ប៉ុន្តែក្រឡេកមើលអ្នកស្រីកែ ឡេង គឺឈ្នះមេដាយមាសដល់ទៅ៤លើកនាំមុខគេគឺក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាតួលេខពិភពលោកទទួលស្គាល់ និងចុះក្នុងបញ្ជីថាជាកីឡាការិនីឆ្នើម ។ ដូច្នេះហើយទើបអ្នកស្រីត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់តំណែងជាមន្ត្រីផ្កាយ២ ដើម្បីឱ្យស័កិ្តសមនឹងគុណបំណាច់អ្នកស្រីបានជួយឱ្យកម្ពុជាកាន់តែមានការទទួលស្គាល់លើឆាកអន្តរជាតិ។
យ៉ាងណាមិញ អ្នកស្រីបានប្រកាសជំហរហើយថា មិនភ្លេចកំណើតកីឡា និងមិនធ្វើខ្លួនឱ្យឆ្ងាយពីមហាជនទេ បើទោះជាអ្នកស្រីបានក្លាយជាមន្ត្រីផ្កាយ២ក៏ដោយ។

គួររំលឹកថា ផ្អែកតាមប្រវត្តិ កីឡាការិនី កែ ឡេង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដំឡើង ឋានន្តរស័ក្តិជាបន្តបន្ទាប់ ចាប់តាំងពីអ្នកស្រី បានសាងភាពល្បីល្បាញជូនជាតិនៅលើឆាកអន្តរជាតិ ។ តាមរយៈការផ្សព្វផ្សាយជាហូរហែ គឺក្រោយពីឈ្នះមេដាយមាសពិភពលោកនៅបារាំង កាលពីឆ្នាំ២០១៣ រាជរដ្ឋាភិបាលបានដំឡើងឋានន្តរស័ក្តិអ្នកស្រីពីអនុសេនីយ៍ទោទៅជាអនុសេនីយ៍ឯកភ្លាមៗនៅក្នុងក្របខណ្ឌក្រសួងការពារជាតិ ។ កាលពីឆ្នាំ២០១៥ អ្នកស្រី កែ ឡេង ក៏ត្រូវបានដំឡើងឋានន្តរស័ក្តិពីអនុសេនីយ៍ឯកទៅវរសេនីយ៍ត្រីដូចគ្នា បន្ទាប់ពីអ្នកស្រីដណ្តើមបានមេដាយមាសពិភពលោកនៅក្នុងប្រទេសថៃ។

អ្នកស្រី កែ ឡេង ដែលត្រូវគេស្គាល់ថាមានវ័យ៥៧ឆ្នាំរូបនេះ បានអះអាងថា ក្នុងពេលអ្នកស្រីកាន់តែខ្ពស់ អ្នកស្រីកាន់តែភ័យ ដោយក្នុងនោះត្រូវប្រយ័ត្នទាំងឥរិយាបទ និងគិតទាំងស្នាដៃ ដើម្បីឱ្យប្រាកដចិត្តថា តើអ្នកស្រីនឹងមានស្នាដៃបែបណាបន្តទៀត ដើម្បីជួយដល់វិស័យកីឡា ។ ក្រៅពីប្រឹងក្នុងការហ្វឹកហាត់ ក្នុងពេលអ្នកស្រីមិនទាន់ត្រូវចូលនិវត្តន៍ផ្នែក កីឡាប៉េតង់ អ្នកស្រីក៏នឹងពុះពារបណ្ដុះបណ្ដាលក្មេងៗជំនាន់ក្រោយឱ្យបានល្អផងដែរដើម្បីជួយដល់វិស័យកីឡា ។ ក្នុងនោះ ការរៀបចំឥរិយាបទ ក្នុងនាមជាមនុស្សរបស់មហាជនក៏ត្រូវគិតផងដែរ ដើម្បីកុំឱ្យមានពាក្យថាអ្នកស្រីក្រោយពេលមានយសស័ក្តិ ប្រែប្រួល។
ជាមួយនឹងការតាំងចិត្ត អ្នកគាំទ្រយល់ថា អ្នកស្រីគឺជាកីឡាការិនីឆ្នើមដែលមានជំហរល្អគួរឱ្យសរសើរ បើទោះជាអ្នកស្រីបានឡើងស័កិ្តបន្តបន្ទាប់ផ្ទុយពីប្រវត្តិសិក្សាដែលអ្នកស្រីគ្មានឱកាសសិក្សាបានខ្ពស់កាលពីអតីតកាល ។

អ្នកស្រីត្រូវបានដំឡើងឋានន្តរស័ក្តិជាវរសេនីយ៍ ឯក ក្រោយឈ្នះមេដាយមាសពិភពលោកលើកទី៣នៅប្រទេសចិន និងក្រោយឈ្នះមេដាយ មាសក្នុងការប្រកួតកីឡាស៊ីហ្គេមនៅម៉ាឡេស៊ី កាលពីឆ្នាំ២០១៧ ។ អ្វីដែលគួរឲ្យកត់សម្គាល់ កាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ព្រះមហាក្សត្រ
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិវីរកីឡាការិនីកែ ឡេង ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី (ផ្កាយ១)។
កាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៩ មុននេះ ទំនងជាអាចត្រូវរាជរដ្ឋាភិបាល ពិសេសក្រសួង ការពារជាតិដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ ត្រី(ផ្កាយមួយ) ទៅជាឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ។

គួរបញ្ជាក់ផងដែរថា ភ្លាមៗក្រោយវីរកីឡាការិនី កែ ឡេង ឈ្នះមេដាយមាស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារលើទំព័រហ្វេសប៊ុកពីការអបអរជាមួយជ័យជម្នះ ដោយសម្តេចចាត់ទុកជាមោទនភាពជាតិ និងជាប្រវត្តិសាស្ត្រដ៏កម្រផង ។ ការចាត់ទុកបែបនេះ ដោយសារសម្តេចយល់ថាសមិទ្ធផលនេះវាកើតឡើងក្នុងព្រឹត្តិការណ៍ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង និងម្យ៉ាងទៀតកែ ឡេង ជាកីឡាការិនីដំបូងគេបង្អស់ក្នុងពិភពលោកដែលបានឈ្នះមេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ