ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្សចំនួន២នាក់បានបាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់រវាងរថយន្តដឹកទឹកមួយគ្រឿងសង្ស័យដាច់ហ្វ្រាំង បណ្តាលឱ្យក្រឡាប់សង្កត់ពីលើរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿង និងម៉ូតូ៣គ្រឿងផ្សេងទៀត ។

ហេតុការណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចគល់ស្ពានព្រែកហូរខាងជើង តាមផ្លូវជាតិលេខ២ កែងផ្លូវលេខ១១៥ ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

រថយន្តមួយគ្រឿងខាងលើ ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចបាត់ពីកន្លែងកើតហេតុ។ ចំណែករ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿងជិះគ្នា៤នាក់ ពណ៌ស ពាក់ផ្លាកលេខ កណ្តាល ១AF-៨៤៩៣ បើកបរដោយឈ្មោះ ជា សុផាត ភេទប្រុសអាយុ៣៨ឆ្នាំ ត្រួវជាប្តី បានបាត់បង់ជីវិត និងអ្នករួមដំណើរចំនួន៣នាក់ទៀត ក្នុងនោះ ១-ឈ្មោះ ស៊ី នាង ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសធ្ងន់ ២-ឈ្មោះ ហៃ យូ ប៊ិន ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន បានបាត់បង់ជីវិត និង៣-ឈ្មោះ ហៃ យូហួរ ភេទប្រុស អាយុ៧ឆ្នាំ ត្រូវជាកូន បានរងរបួសស្រាល ។ គ្រួសារនេះរស់នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដោយឡែកអ្នកបើកបរម៉ូតូដែលរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញអ្នកបើកបររថយន្តមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីលិចមកកើត រួចបត់ស្តាំទៅទិសខាងត្បូងក្នុងល្បឿនលឿន ស្រាប់តែដាច់ហ្វ្រាំងក្រឡាប់សង្កត់ពីលើរ៉ឺម៉កម៉ូតូកង់បីឥណ្ឌាមួយគ្រឿងដែលជិះជាលក្ខណៈគ្រួសារ និងម៉ូតូ៣គ្រឿងផ្សេងទៀត កំពុងឈប់ស្តុប ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលអោយអ្នកបើកបររ៉ឺម៉កម៉ូតូកង់បីឥណ្ឌា និងកូនស្រីម្នាក់បានបាត់បង់ជីវិតទាំង២នាក់ រីឯប្រពន្ធរងរបួសធ្ងន់ ចំណែកកូនប្រុសបានរងរបួសស្រាល ។ ដោយឡែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ព្រមទាំងរ៉ឺម៉កម៉ូតូកង់បីឥណ្ឌា និងម៉ូតូទាំង៣គ្រឿងត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ