ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត១​គ្រឿង បើក​ឡើង​កាត់​រង្វង់​មូល​គួ​ច​កាណុង បន្ត​ទៅ​បុក​ដើម​ស្លា ៣​ដើម បង្ក​ការ​ខូចខាត

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បើករថយន្ត​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វារ ក្នុង​ល្បឿន​លឿន រួច​បុក​ខឿន​ឡើង​រង្វង់​មូល​គួ​ច​កាណុង កាត់​សួនច្បារ បន្ត​ទៅ​បុក​ដើម​ស្លា ៣​ដើម​ទៀត បណ្តាល​អោយ​រថយន្ត​បាក់​កង់​ខាងឆ្វេង ទៅ​មុខ​លែង​រួច ។

ហេតុការណ៍​នេះ​ បង្ក​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៤និង​៤០​នាទី​ថ្ងៃ​ទី១៣ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​សួនច្បារ​វ​ង្វ​ង់​មូល​គួ​ច​កាណុង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ ​បានអោយ​ដឹង​ថា មុន​កើតហេតុគេ​ឃើញ​បុរស​ម្នាក់ បើករថយន្តម៉ាក MG ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2CL-2169 បើកបរ​ក្នុង​ល្បឿន​លឿន ទិស​ដៅ​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វារ លុះ​មក​ដល់​រង្វង់​មូល​គួ​ច​កាណុង មិនដឹង​ម្ចាស់​រថយន្ត​មាន​បញ្ហា​អ្វី ក៏​ស្រាប់តែបើក​បុក​ខឿន ឆ្លងកាត់​វ​ង្វ​ង់​មូល​គួ​ច​កាណុង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​បើក​ឡើង​រង្វង់​មូល រថយន្ត​បន្ត​ទៅ​បុក​ពី​ចំហៀង រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង បង្ក​ការ​ខូចខាត ប៉ុន្តែ​ដោយសារ​ខូចខាត​តិចតួច​រថយន្ត​ដឹក​ជញ្ជូន ក៏​បើក​ចេញ​ទៅ​តែ​ម្តង ព្រោះ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ ។ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន ក៏​បន្ត​ទៅ​បុក​ខឿន រួច​បុក​ដើម​ស្លា ចំនួន០៣​ដើម ដែល​នៅ​ខាងលើ​សួនច្បារ​មួយទៀត ដែល​នៅ​ក្បែរ​វ​ង្វ​ង់​មូល បណ្តាល​អោយ​រថយន្ត​ដាច់​កង់​ខាងឆ្វេង បង្ក​អោយ​ម្ចាស់​រថយន្ត រង​របួស​បែក​ចិញ្ចើម ។ ភ្លាម​ៗ ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ចុះ​មក​ដល់​កន្លែង​កើតហេតុ អន្តរាគមន៍ និង​ឃាត់​បុរស​ជា​ម្ចាស់​រថយន្ត យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ផង​ដែរ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​កាន់​ទីតាំង​ខាងលើ វាស់វែង​យក​រថយន្ត​ទៅរក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕