ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់មានជំងឺប្រចាំកាយឈឺរ៉ាំរ៉ៃពេក ទ្រាំលែងបាន ក៏យកកាំបិតចុងស្រួចចាក់ពោះខ្លួនឯង តែដោយសារឈឺពេក ក៏ខលទៅហៅប៉ូលិសឱ្យមកជួយសង្គ្រោះផង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក។
សេចក្តីរាយការណ៍បន្តថា បុរសខាងលើនេះមានឈ្មោះ នួន ចៅ អាយុ៤៧ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
បើតាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា តាមការឲ្យដឹងពីសាច់ញាតិរបស់ជនរងគ្រោះថា មូលហេតុដែលបុរសរូបនេះយកកាំបិតសចុងស្រួចចាក់ពោះខ្លួនឯង គឺបណ្តាលមកពីមានជំងឺប្រចាំកាយឈឺរ៉ាំរ៉ៃ ហើយស្លាប់មួយចំហៀងខ្លួនរយៈពេល៣ឆ្នាំមកហើយ។
លោកអធិការបានបញ្ជាក់ថា នៅពេលដែលជនរងគ្រោះនៅម្នាក់ឯង ហើយប្រពន្ធ និងកូនចេញពីផ្ទះទៅធ្វើការជាកម្មករនៅតាមព្រំដែន ក្នុងទឹកដីថៃទៅព្រឹកវិលល្ងាច ខណៈពេលនោះជាឱកាសគ្មានអ្នកណានៅផងនោះ បុរសរងគ្រោះក៏យកកាំបិតចុងស្រួចចាក់ពោះខ្លួនឯង ដើម្បីបញ្ចប់ជីវិតតែម្តង ។ ប៉ុន្តែពេលចាក់ពោះនោះ គឺមុតជាប់កាំបិតនៅពោះខាងស្តាំ ដោយឈឺពេក ក៏ទូរស័ព្ទប្រាប់ប៉ូលិសប៉ុស្តិ៍ឃុំគោករមៀត ដើម្បីយករថយន្តដឹកទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោយពេលដែលជនរងគ្រោះចាក់ខ្លួនឯងនោះ កម្លាំងនគបាលបានជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ដើម្បីធ្វើការវះកាត់ បច្ចុប្បន្ននេះជនរងគ្រោះបានរួចផុតពីគ្រោះថ្នាក់ហើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ