ម្ចាស់ជើងឯក២ជំនាន់ នាងវេនីស វីលៀម បានឆ្លងផុតជុំទី១ នៃព្រឹត្តិការណ៍វាយកូនបាល់ក្របខ័ណ្ឌ US Open ប្រចាំឆ្នាំ២០១៤ ខណៈកាលពីថ្ងៃចន្ទ នាងបានបំបាក់កីឡាការិនីវ័យចំណាស់របស់ជបុ៉ន Kimiko Date Krumm ក្នុងលទ្ធផល២-៦, ៦-៣ និង៦-៣ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតនេះត្រូវបានរៀបចំធ្វើនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។
គួរកត់សម្គាល់ថា ស្ថិតក្នុងវ័យ៣៤ឆ្នាំ នាំឱ្យនាងវេនីស ក្លាយជាកីឡាការិនីវ័យចំណាស់លំដាប់ទី២ បន្ទាប់ពីនាង Kimiko វ័យ៤៤ឆ្នាំ សម្រាប់ក្របខ័ណ្ឌ US Open ឆ្នាំនេះ ។ ក្នុងចំណោមកីឡាការិនី៧២នាក់ដែលបានចាប់គូប្រកួតនៅឆ្នាំនេះ គឺមួយចំនួនមិនទាន់ទាំងកើតផង ធៀបនឹងពេលដែលវេនីស ចេញប្រកួតជាលើកដំបូងនៅក្រុងញូវយ៉កនេះ ។
កីឡាការិនីអាមេរិករូបនេះបានថ្លែងថា ៖ «បើធៀបនឹងនាង Kimiko គឺខ្ញុំក្មេងជាង បុ៉ន្តែនៅពេលឡើងប្រកួត ខ្ញុំមិនគិតថា មនុស្សគ្រប់គ្នាគិតពីអាយុនោះទេ ។ ខណៈបុគ្គលមានជំនាញមិនបានចូលប្រកួត វាជាការខាតបង់មួយ»។ ចប់ការប្រកួតលើកនេះ នាងវេនីស គ្មានអ្វីនិយាយច្រើនក្រៅតែពីការកោតសរសើរដល់នាង Kimiko នោះទេ ។ នេះជាការចូលរួមក្នុងព្រឹត្តិការណ៍ Grand Slam លើកទី៥០ សម្រាប់ Kimiko។ កីឡាការិនីអាមេរិករូបនេះបានបន្ថែមថា ៖ «បើប្រៀបធៀបជាមួយនាង Kimiko ខ្ញុំនៅអាចប្រកួតបានមួយទសវត្សទៀត ។ នាងជាកំពូលជើងខ្លាំងក្នុងលោកទាំង១០០នាក់ ។ គ្មានកីឡាការិនីណាម្នាក់អាចយកឈ្នះនាងដោយងាយស្រួលនោះឡើយ» ។
លទ្ធផលនៃការប្រកួតផ្នែកបុរសវិញ កីឡាករអង់គ្លេស អ៊ែនឌី មូរ៉េ បានបំបាក់ជើងខ្លាំងមកពីហូឡង់ Robin Haase ក្នុងលទ្ធផល៦-៣, ៧-៦, ១-៦ និង៧-៥ ។សម្រាប់មូរ៉េ ការប្រកួតលើកនេះហាក់មិនបានដំណើរការទៅល្អបុ៉ន្មាននោះទេ ដ្បិតអំឡុងពេលប្រកួតគេបានរមួលក្រពើ និងបានស្នើឈប់សម្រាកជាអន្លើ ។
គេបានថ្លែងថា ៖ «នៅមុនការប្រកួត ខ្ញុំហាក់មានសុខភាពល្អខ្លាំងណាស់។ ខ្ញុំបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លាបំផុត ។ ហេតុការណ៍នេះគឺជារឿងដែលមិនបានព្រាងទុុកមុន ។ វាប្រហែលជាបណ្តាលមកពីការទទួលទានរបស់ខ្ញុំ» ។នៅជុំបន្ទាប់ មូរ៉េ នឹងប៉ះជាមួយកីឡាករអាល្លឺម៉ង់ Matthias Bachinger ដែលបានបំបាក់កីឡាករ Radek Stepanek ក្នុងលទ្ធផល៦-៣, ៦-២ និង៦-២៕
ចែករំលែកព័តមាននេះ