រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោង៩និង៣៦នាទីព្រឹកថ្ងៃទី២៥ កុម្ភៈ ផ្ទះឈើជាច្រើនខ្នងស្ថិតក្នុងតំបន់មិនរៀបរយត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបានកើតឡើងនៅតាមផ្លូវរថភ្លើង កែងផ្លូវ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បង្កការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនចុះមកជួយអន្តរាគមន៍។
តាមសេចក្តីរាយការណ៍បានបន្តថា ពាក់ព័ន្ធនឹងករណីខាងលើនេះ គេមិនទាន់ដឹងពីមូលហេតុ ឬទំហំនៃការខូចខាត និងបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នៅឡើយទេ ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា គិតមកត្រឹមវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល អគ្គិភ័យបានរលត់ទៅវិញ ហើយអគ្គិភ័យបានបំផ្លាញលំនៅដ្ឋានចំនួន១៥ខ្នង នៅក្នុងនោះមាន៩៥បន្ទប់ដែលជាបន្ទប់ជួល ។ ដោយឡែកនៅក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តពន្លត់អគ្គិភ័យចំនួន៤៥គ្រឿងចុះទៅជួយអន្តរាគមន៍ និងបាញ់ពន្លត់អស់ចំនួន៤៣គ្រឿង ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ